• ក្រុមអតីតថ្នាក់ដឹកនាំពិភពលោក រួមគ្នាអំពាវនាវឲ្យបណ្តាប្រទេស G7 ផ្តល់ជំនួយជាវ៉ាក់់សាំងកូវីដ-១៩ ដល់ប្រទេសក្រក្រី

    (ឡុងដ៍)៖ អតីតប្រធានាធិបតី នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសជាច្រើននាក់ បានជំរុញឱ្យក្រុមបណ្ដាប្រទេសអ្នកមាន G7 ធានាបាននូវការផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅទូទាំងពិភពលោក ដើម្បីជួយបញ្ឈប់ការឆ្លងរីករាលដាល នៃជំងឺរាតត្បាតដ៏កាចសាហាវនេះ ការបំប្លែងខ្លួនរបស់វា និងការវិលត្រលប់របស់វា មកគំរាមកំហែងពិភពលោកជាថ្មីវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។

    មេដឹកនាំទាំងអស់ បានធ្វើការអំពាវនាវនៅមុនកិច្ចប្រជុំកំពូលនៃក្រុមបណ្ដាប្រទេស G7 នៅប្រទេសអង់គ្លេស ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រសប្ដាហ៍នេះ ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបជាមួយមេដឹកនាំអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន។

    នៅក្នុងលិខិតមួយដែលផ្ញើទៅកាន់ក្រុមបណ្ដាប្រទេស G7 អតីតមេដឹកនាំពិភពលោកជាច្រើនរូប បានលើកឡើងថា «ការគាំទ្រពីសំណាក់ក្រុមប្រទេស G7 និង G20 ដែលជួយដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមក្នុងការទទួលបាននូវការចាក់វ៉ាក់សាំងនេះ មិនមែនត្រឹមតែជាសកម្មភាពសប្បុរសធម៌ប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺសម្រាប់ផលប្រយោជន៍ជាយុទ្ធសាស្ត្រ របស់ប្រទេសនីមួយៗផងដែរ»។

    លិខិតខាងលើនេះបានពន្យល់ទៀតថា ក្រុមបណ្ដាប្រទេស G7 និងមេដឹកនាំដទៃទៀត ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ គួរតែធានាបាននូវទឹកប្រាក់ប្រហែល ៣០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់រយៈពេលពីរឆ្នាំ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាល នៃជំងឺរាតត្បាតដ៏កាចសាហាវនេះ នៅទូទាំងពិភពលោក។

    គួរបញ្ជាក់ថា ការអំពាវនាវរបស់អតីតថ្នាក់ដឹកនាំពិភពលោកខាងលើនេះ បានកើតឡើងស្របពេលជាមួយនិងការស្ទង់មតិរបស់ អង្គការសង្គ្រោះកុមារ (Save the Children) ដែលបានទទួលការគាំទ្រជាសាធារណៈយ៉ាងខ្លាំង នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងកាណាដា ក្នុងការដែលឱ្យក្រុមបណ្ដាប្រទេស G7 ផ្ដល់ជំនួយជាទឹកប្រាក់ចំនួន ៦៦ពាន់លានដុល្លារអាមេរិក ដែលត្រូវការដើម្បីធានាបាននូវ ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅទូទាំងពិភពលោក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ