• វគ្គជម្រុះ World Cup៖ កម្ពុជា បន្ដជួបអ៊ីរ៉ាក់ នាម៉ោង ៩៖៣០នាទីយប់នេះនៅបារ៉ែន

    (ម៉ាណាម៉ា)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាវេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃទី០៧ ខែមិថុនានេះ (ម៉ោងនៅកម្ពុជា) ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2021 ពូល C (ជុំទី២) នៅកីឡដ្ឋាន Al Muharraq នៅប្រទេសបារ៉ែន។

    លោក Ryu Hirose គ្រូបង្វឹកក្រុមគោព្រៃកកម្ពុជា បានបង្ហាញការត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតជាមួយក្រុមខ្លាំងអ៊ីរ៉ាក់។ លោកថា ទោះបីប្រកួតដំបូង កម្ពុជាបានចាញ់ម្ចាស់ផ្ទះបារ៉ែនច្រើនគ្រាប់ក៏ពិតមែន តែការប្រកួតនេះលោកនឹងបន្ដរៀបចំ និងលេងតាមរបៀបលេងរបស់ខ្លួន ដោយរំពឹងថាកូនក្រុមនឹងធ្វើបានល្អប្រសើរជាងមុន។

    ដោយឡែកកីឡាករ សឿយ វិសាល បានសម្ដែងការសប្បាយចិត្តក្នុងការត្រៀមជួបក្រុមខ្លាំងអ៊ីរ៉ាក់។ វិសាល ទទួលស្គាល់អ៊ីរ៉ាក់ ជាក្រុមកម្រិតខ្ពស់មួយនៅអាស៊ី តែគេនៅតែចង់បានលទ្ធផលល្អ ពិសេសរបៀបលេងបាល់ទាត់រីកចម្រើនក្នុងការប្រកួតយប់នេះ ហើយពួកគេប្ដេជ្ញាចិត្តនឹងខិតខំប្រឹងប្រែង ដើម្បីក្រុមជម្រើសជាតិកម្ពុជា និងអ្នកគាំទ្ររបស់ខ្លួន។

    ខ្សែការពារមកពីក្លិបព្រះខ័នរាជស្វាយរៀងបាននិយាយថា «ការប្រកួតនេះ ខ្ញុំសប្បាយចិត្តដែលបានលេងទល់នឹងអ៊ីរ៉ាក់ ព្រោះជាក្រុមមានកម្រិតខ្ពស់។ ពួកយើងចង់បានលទ្ធផលល្អ និងរបៀបលេងបាល់ទាត់រីកចម្រើន ពួកយើងត្រូវតែហ៊ានលេង តាមការបង្ហាត់របស់លោកគ្រូ ទាំងការពារ និងប្រយុទ្ធ។ ជាពិសេសទៀត ពួកយើងនឹងពលីកម្លាំងកាយ កម្លាំងចិត្ត និងឆន្ទៈ ដើម្បីក្រុម ដើម្បីប្រទេសរបស់យើង និងដើម្បីអ្នកគាំទ្ររបស់យើង»។

    គួរដឹងថា នេះគឺជាការប្រកួតទី៧ ក្នុងពូល C របស់កម្ពុជា។ កាលពីជើងទី១ កម្ពុជា បានចាញ់អ៊ីរ៉ាក់ លើទឹកដីរបស់ខ្លួន ៤-០។ បច្ចុប្បន្នអ៊ីរ៉ាក់ កំពុងឈរលេខ២ និងមាន ១១ពិន្ទុ តាមពីក្រោយបារ៉ែន ១ពិន្ទុ។ ដូច្នេះការប្រកួតនេះ ពួកគេទាមទារឈ្នះដាច់ខាត ដើម្បីដណ្ដើមកៅអីកំពូលតារាង។ រីឯក្រុមគោព្រៃកម្ពុជា បន្ទាប់ពីចប់ការប្រកួតនេះ នឹងត្រូវធ្វើការងារធ្ងន់ ១ប្រកួតទៀត ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនាខាងមុខ មុនត្រឡប់មកមាតុភូមិវិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ