• យុទ្ធនាការរៃអង្គាសថវិកា ដើម្បីទិញវ៉ាក់សាំងនៅវៀតណាម សម្រេចបាន «៣២៩លានដុល្លារអាមេរិក»

    (ហាណូយ)៖ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយនាយករដ្ឋមន្ត្រីវៀតណាម បានអំពាវនាវឲ្យមានការបរិច្ចាគថវិកា ដើម្បីទ្រទ្រង់កម្មវិធីទិញ និងចែកចាយវ៉ាក់សាំងបង្ការ COVID-19 នោះ ថវិកាប្រមាណ ៧.៦ទ្រីលានដុង (៣២៩លានដុល្លារ) ហើយត្រូវបានសន្យាបរិច្ចាគ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមដកស្រង់ចេញពីសារព័ត៌មាន VN Express នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។

    ក្រសួងហិរញ្ញវត្ថុវៀតណាមដែលទទួលបន្ទុក បញ្ហាខាងលើនេះបានគូសបញ្ជាក់ថា ថវិកាដែលត្រូវបានប្រមូលជាក់ស្តែងគឺ ១.០៣ទ្រីលានដុល្លារ (៤៤.៦លានដុល្លារអាមេរិក) ខណៈក្រុមធំៗនៅក្នុងប្រទេសវៀតណាម បានសន្យាផ្តល់ថវិកា ៦.៦ទ្រីលានដុង (២៨៥លានដុល្លារអាមេរិក) ទៀត នៅក្នុងពេលបន្តបន្ទាប់ខាងមុខ។

    បើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុវៀតណាមលោក ហូ ដុកហ្វុក (Ho Duc Phoc) សហគមន៍អ្នកជំនួញនៅក្នុងប្រទេសនេះ កំពុងតែចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការទិញវ៉ាក់សាំងបង្ការ COVID-19។ ក្រុមហ៊ុនធំៗដែលបានចូលរួមបរិច្ចាគនោះរួមមាន ក្រុមហ៊ុនទូរគមនាគមន៍ វៀតតែល (Viettel), ក្រុមហ៊ុនប្រេង ផេត្រូវៀតណាម (Petrovietnam) និង ក្រុមហ៊ុនអគ្គិសនីវៀតណាម EVN ជាដើម។

    គួរបញ្ជាក់ថា ប្រទេសវៀតណាមបាននិងកំពុងប្រឹងប្រែង ក្នុងការទប់ស្កាត់រលកថ្មីនៃ COVID-19 តាមរយៈការទប់ស្កាត់ករណីផ្ទុះការឆ្លង នៅតាមបណ្តាខេត្ត និងទីក្រុង ហើយក្នុងនោះអ្វីដែលសំខាន់បំផុត គឺការធានាផលិត និងនាំចូលវ៉ាក់សាំងដើម្បីចាក់ជូនប្រជាជន។ កាលពីថ្ងៃអាទិត្យ វៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន ២០៦ករណីបន្ថែមទៀត ក្នុងនោះ ២០១នាក់ជាករណីឆ្លងក្នុងសហគមន៍ និង០៥នាក់ជាករណីនាំចូល។ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ៨,៧៤៧នាក់ ក្នុងនោះស្លាប់ ៥៣នាក់ និងជាសះស្បើយ ៣,៣៣៧នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ