• Facebook Gaming ផ្តល់​ឱកាស​សម្រាប់​អ្នក​ផ្សាយ​បន្ត​ផ្ទាល់ហ្គេម និង​អ្នក​បង្កើត​ហ្គេម​ក្នុង​ប្រទេស​កម្ពុជា

    ភ្នំពេញ ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២១៖ ការទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់ (live stream) របស់ Facebook Gaming ក្នុង​ប្រទេស​កម្ពុជាបាន​កើនឡើង ៦៥​% កាល​ពីឆ្នាំមុន​ដោយ​ហ្គេម Mobile Legends ហ្គេម PUBG Mobile និង​ហ្គេម Garena Free Fire ស្ថិត​នៅ​លំដាប់​កំពូល​ទាំង៣ ក្នុងនាមជា​ហ្គេមដែល​មាន​អ្នក​មើលច្រើនជាង​គេ​ពី​ Facebook Gaming ក្នុងប្រទេស​កម្ពុជា។

    ​អ្នក​ចូល​ចិត្តកីឡា​អេឡិច​ត្រូនិច (eSport) និង​អ្នក​លេង​កីឡា​អេឡិច​ត្រូនិចអាជីពដែល​កំពុង​កើន​ឡើងមួយ​ចំនួន​ ប្រើ​ប្រាស់​កម្មវិធី​បង្កើត​ Facebook Gaming ដើម្បី​បង្កើត​មាតិកា ផ្សាយ​បន្តផ្ទាល់​វីដេអូ​ហ្គេម ភ្ជាប់និង​ចែករំលែក​បទ​ពិសោធ​ជាមួយ​នឹង​អ្នកគាំទ្រ​របស់​ពួកគេ ឬ​ដើម្បី​បង្កើត​អាជីវកម្មរបស់​ពួកគេ។

    គ្រាន់តែ​កាលពីខែមុន អ្នក​ទស្សនា​វីដេអូហ្គេម​បានចូល​មើលជាង ៨,៥​លាន​ដង និង​បាន​ផ្ញើ​​ផ្កាយ​ជាង ៤​លាន​ផ្កាយ ដែលជា​លក្ខណៈពិសេស​មួយដែល​អនុញ្ញាត​ឱ្យ​អ្នក​បង្កើត​វីដេអូ​ហ្គេម​អាច​រក​ប្រាក់​បាន​ពី​ការ​ផ្សាយ​បន្ត​ផ្ទាល់​មាតិកា​របស់​ពួកគេ។

    អ្នក​បង្កើត​វីដេអូ​ហ្គេម​ដ៏​មាន​ប្រជាប្រិយភាព និងជា​ដៃគូ​ហ្គេមម្នាក់​​របស់ក្រុមហ៊ុន Facebook ដែល​ហៅថា Ream Angkor បានថ្លែងថា៖ “ការ​ប្រើប្រាស់​ឧបករណ៍ចល័ត​នៅ​កម្ពុជា​មាន​ចំនួនច្រើន ហើយ​ Facebook ត្រូវបានប្រើប្រាស់​យ៉ាង​ទូលំទូលាស់​នៅទូទាំង​ប្រទេសស​ម្រាប់​គោល​បំណង​ផ្សេងៗ​គ្នា។ ដោយសារ​ហ្គេម និង​កីឡាអេឡិច​ត្រូនិច​គឺជា​និន្នាការ​ថ្មី​មួយ Facebook Gaming អាច​ឱ្យ​អ្នក​លេង​ហ្គេម​ជាច្រើន​រាប់​ចាប់​ពី​អ្នកធម្មតា​រហូត​ដល់​អ្នក​លេង​អាជីព បង្ហាញ​ទេព្យ​កោសល្យ​របស់​ពួក​គេ​​ក្នុងការ​​ផ្សាយ​បន្ត​ផ្ទាល់​​ទៅកាន់​ពិភពលោក។ អ្នក​បង្កើត​កីឡា​អេឡិច​​ត្រូនិច​ផ្សេង​ទៀត ក៏​អាច​ប្រើប្រាស់​ Facebook ​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​នានា​សម្រាប់​សហគមន៍​ផងដែរ”។

    កម្មវិធី Facebook Gaming ផ្តល់​ជា​មធ្យោបាយ​មួយ​សម្រាប់​មនុស្សក្នុងការ​ស្វែង​រក ទស្សនា លេង និង​ចែក​រំលែក​មាតិកា​ផ្ទាល់​ខ្លួន​ទាំងអស់​របស់ពួកគេ​នៅ​ទីកន្លែង​តែ​មួយ។ កម្មវិធីនេះ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​​ផ្តល់​ជូន​បទ​ពិសោធកាន់តែ​ស៊ី​ជម្រៅ​អំពី​មាតិកា Facebook Gaming និង​រួម​បញ្ចូល​ទាំង​​មុខងារ​ពិសេស​​​ថ្មីៗ​ដែល​ត្រូវបានបង្កើតឡើង​យ៉ាង​ពិសេស​សម្រាប់អ្នក​លេង​ហ្គេម។ មុខងារ​ពិសេស​មួយ​ចំនួន​​ក្នុង​ចំណៅម​មុខងារ​ពិសេស​របស់​កម្មវិធី Facebook Gaming រួម​​មាន​​​​ការ​ស្វែង​រក​មាតិកាហ្គេម​ផ្ទាល់ខ្លួន ការ​​ភ្ជាប់ទំនាក់ទំនង​ជាមួយ​អ្នក​បង្កើត​ហ្គេម​ដើម្បី​ទស្សនា​ការ​លេង​ហ្គេម ការ​ជជែកជាមួយ​មិត្តភក្តិ​អំពី​ហ្គេម​ដែល​ខ្លួនចូល​ចិត្ត និងការ​​លេង​ហ្គេមជាមួយ​មិត្តភក្តិ និងគ្រួសារ។ កម្មវិធី Facebook Gaming តែ​ឯក​ឯង​ ក៏អាច​រក​បាន​ផងដែរ​នៅ​លើ Google Play និង iOS។

    Ream Angor បាន​បន្ថែមថា៖ “Facebook មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​កំណើន​ឧស្សាហកម្ម​កីឡា​អេឡិច​ត្រូនិច​នៅ​កម្ពុជា។ ប្រជាជន​កម្ពុជា​គ្រប់រូប​ អាច​​ចូល​លេង​ Facebook បាន​យ៉ាង​ងាយស្រួល។ ព្រឹត្តិការណ៍​ជាច្រើន​ត្រូវបាន​រៀបចំ​ឡើង​នៅលើ​ទំព័រ​ Facebook របស់​អ្នក​រៀបចំព្រឹត្តិការណ៍​នីមួយៗ ហើយ​ការគាំទ្រ​តាម​រយៈ​ Facebook ​ក៏​គួរ​ឱ្យ​អាស្ចារ្យ​ផងដែរ។ ការ​ដែល​អាច​លេង ភ្ជាប់ និង​បង្កើត​ហ្គេម​បាន​មានសារៈ​សំខាន់​យ៉ាង​ពិសេស​នា​ពេលបច្ចុប្បន្ន នៅពេល​ដែល​យើង​ចាំបាច់​ត្រូវ​នៅ​ផ្ទះ និង​រក្សា​គម្លាត​សុវត្ថិភាព​​ក្នុងគ្រា​ដែលមានការ​រីក​រាល​ដាល​​ជំងឺ​កូវីដ​-១៩”។

    នៅទូទាំង​ពិភពលោក មនុស្ស​ជាង ៧០០​លាន​នាក់​លេង ទស្សនា និង​ចែករំលេក​ហ្គេមនៅលើ Facebook រៀង​រាល់​ខែ ហើយ​ជាង ៥៥% នៃ​អ្នក​ដែល​មាន​គណនី​ Facebook លេង​ហ្គេម​រៀង​រាល់ខែ។

    លោក Michael Rose ប្រធាន​ផ្នែក​អ្នកបង្កើត​ហ្គេម​ប្រចាំ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​របស់ក្រុមហ៊ុន Facebook បានថ្លែង​ថា៖ “តំបន់​អាស៊ី​អាគ្នេយ៍​បាន​រីក​លូត​លាស់​ក្លាយ​ជា​ទីផ្សារ​មួយ​ក្នុង​ចំណោម​​​ទីផ្សារ​ដ៏​មាន​ប្រជា​ប្រិយ​ភាព​បំផុត​សម្រាប់ Facebook Gaming ដែល​ត្រូវបាន​ជំរុញ​មួយ​ផ្នែក​ធំ​ដោយ​សារ​ប្រជាប្រិយភាព​របស់​​វីដេអូហ្គេម និង​អ្នក​បង្កើត​ហ្គេមរបស់​យើង​ក្នុង​ប្រទេសកម្ពុជា។ ក្រុមហ៊ុន Facebook គាំទ្រ​អ្នក​បង្កើត​ហ្គេម​ជនជាតិ​កម្ពុជា ដើម្បីកសាង​សហគមន៍​ដ៏​រឹង​មាំ​មួយ និងបង្កើត​ទំនាក់ទំនង​ពោរ​ពេញដោយ​អត្ថន័យ​ជា​មួយ​អ្នកគាំទ្រ​របស់​ពួកគេ ខណៈ​​​ក្នុងពេលជាមួយ​គ្នា​នេះដែរ​ផ្តល់​ជូន​មធ្យោបាយ​ជាច្រើន​សម្រាប់​អ្នក​បង្កើត​ហ្កេម​ទាំង​​នេះ​ដើម្បី​បង្កើត​អាជីវកម្ម​ដែល​សាកសម​បំផុត​ទៅនឹង​មាតិកា និង​អ្នកទស្សនា​របស់​ពួក​គេ”។

    ប្រព័ន្ធអេកូ​អ្នកបង្កើត​ហ្គេម​ដ៏​ជោគជ័យនេះ ក៏​ទទួលបាន​ការ​គាំទ្រ​ពីកម្មវិធី​អភិវឌ្ឍន៍​សម្រាប់​អ្នកបង្កើត​ហ្គេម​ក្នុង​ស្រុក​របស់​ក្រុមហ៊ុន Facebook ផងដែរ ដើម្បី​ជួយ​ពួកគេ​ឱ្យ​កសាង​អាជីព​មួយ និង​រក​ប្រាក់ចំណូល​សម្រាប់​ជីវិត​រស់នៅ។

    កម្មវិធី​ទាំង​នេះ​រួម​មាន​​កម្មវិធី​អ្នក​បង្កើត​ហ្គេម​ដែលជា​ដៃគូ ដើម្បី​ជួយ​អ្នក​បង្កើត​ហ្គេមដែល​ត្រូវ​បានបង្កើត​ឡើង​ឱ្យ​កសាង និង​ធ្វើ​ឱ្យ​សហគមន៍​របស់​ពួក​គេ​រីក​ចម្រើន​នៅលើ​ផ្លែត​ហ្វម​នេះ និង​កម្មវិធី Level Up សម្រាប់​ជំរុញ​អ្នក​បង្កើត​ហ្គេម។

    Ream Angkor បាន​ថ្លែង​បន្ត​ថា៖ “សម្រាប់​មនុស្ស​ភាគ​ច្រើន រួមទាំង​ខ្ញុំ​ផង ការ​ផ្សា​យ​បន្ត​ផ្ទាល់​ហ្គេម​បាន​ចាប់​ផ្តើម​ជា​ផ្នែក​មួយ​នៃ​ចំណង់​ចំណូលចិត្ត​។ កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មិនដែល​ប៉ង​ក្លាយជាអ្នក​ផ្សាយ​បន្ត​ផ្ទាល់​ហ្គេម ឬ​​អ្នក​បង្កើត​មាតិកា​ទេ​​ពេលខ្ញុំធំ​ឡើង ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត​វា និង​បន្ត​ធ្វើ​វា ពីព្រោះ​ខ្ញុំ​ស្រលាញ់​សហគមន៍នេះ និង​​មិត្ត​ថ្មី​ទាំង​អស់​ដែល​ខ្ញុំបានជួប​តាម​រយៈ​សកម្មភាព​នេះ។ អ្នកអាច​ក្លាយជា​អ្នក​ផ្សាយ​បន្ត​ផ្ទាល់​ហ្គេម​ពេញ​ម៉ោង​បាន ឬ​គ្រាន់តែ​លេង​វា​សម្រាប់​ជាការ​កម្សាន្ត​ក៏​បាន”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ