(ម៉ាណាម៉ា)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះបារ៉ែន នាវេលាម៉ោង ១១៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី៣ ខែមិថុនានេះ ក្នុងជំនួបវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 ពូលC ។ នេះគឺជាជំនួបជើងទី២ រវាងក្រុមទាំងពីរ ដ្បិតកាលពីជើងទី១ កម្ពុជា បានចាញ់បារ៉ែន លើទឹកដីរបស់ខ្លួន ១-០ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។
ជុំវិញជំនួបនៅពហុកីឡដ្ឋានជាតិបារ៉ែននេះ លោក Ryu Hirose គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា នេះគឺជាការប្រកួតប្រជែងដ៏ធំ ដែលកម្ពុជា ត្រូវប្រឈមមុខជាមួយក្រុមខ្លាំងៗ និងមានកាយសម្បទាល្អ ។ ប៉ុន្ដែលោកជឿជាក់លើកូនក្រុមរបស់ខ្លួន ពួកគេនឹងលេងដោយឆន្ទៈ និងមិនស្ទាក់ស្ទើរឡើយ ពិសេសកីឡាករវ័យក្មេង ដើម្បីទទួលបានបទពិសោធដ៏មានតម្លៃសម្រាប់អនាគតពួកគេ និងអនាគតនៃបាល់ទាត់កម្ពុជា។
គ្រូបង្វឹកសញ្ជាតិជប៉ុនខាងលើបន្ដថា «វាពិតជាមានការប្រកួតប្រជែងខ្លាំងណាស់ ដើម្បីទទួលបានលទ្ធផលដែលយើងចង់បាន នៅក្នុងពូលនេះ ប៉ុន្ដែមិនដែលបោះបង់ឆន្ទៈ ដើម្បីប្រជែងនឹងក្រុមដទៃទេ…។ បារ៉ែន គឺជាក្រុមល្អទាក់ទងនឹងសមត្ថភាពរាង្គកាយ ប៉ុន្ដែយើងមិនស្ទាក់ស្ទើរក្នុងការប្រជែងជាមួយពួកគេទេ»។
លោកបន្ដថា «យើងបានជ្រើសរកីឡាករថ្មី និងក្មេងមួយចំនួន សម្រាប់វគ្គជម្រុះនេះ ពីព្រោះគោលដៅផ្សេងទៀតរបស់យើង គឺ SEA Games។ យើងចង់ឲ្យពួកគេមានឱកាសលេង និងទទួលបានបទពិសោធដ៏មានតម្លៃសម្រាប់អនាគតពួកគេ និងអនាគតនៃបាល់ទាត់កម្ពុជា ។ យើងគិតថា ពួកគេមានសក្ដនាពុលក្នុងការប្រយុទ្ធ បើប្រៀបធៀបជាមួយកីឡាករដែលមានបទពិសោធមួយចំនួន ។ ពួកគេមានទំនុកចិត្តខ្ពស់ ទោះបីពួកគេនៅក្មេងក៏ដោយ ។ យើងជឿជាក់ថា ពួកគេនឹងបង្ហាញអ្នកគាំទ្រនូវទម្រង់លេងគាប់ប្រសើរមួយ»។
គួរបញ្ជាក់ថា បេសកកម្មប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ក្រុមជម្រើសជាតិកម្ពុជា គឺនៅសល់ ៣ប្រកួតក្នុងដៃ ដែលនឹងប្រកួតលើទឹកដីកណ្ដាល នាប្រទេសបារ៉ែន រួមមាននៅថ្ងៃទី៣ ខែមិថុនា កម្ពុជាត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះបារ៉ែន នាវេលាម៉ោង ១១៖៣០នាទីយប់(ម៉ោងនៅកម្ពុជា), ថ្ងៃទី៧ ខែមិថុនា កម្ពុជាត្រូវប្រកួតជាមួយអ៊ីរ៉ាក់ នាវេលាម៉ោង ៩៖៣០នាទីយប់(ម៉ោងនៅកម្ពុជា) និងថ្ងៃទី១១ ខែមិថុនា កម្ពុជាត្រូវប្រកួតជាមួយអ៊ីរ៉ង់ នាវេលាម៉ោង ៩៖៣០នាទីយប់(ម៉ោងនៅកម្ពុជា)។
ចំពោះលទ្ធផលបណ្ដោះអាសន្នក្នុងពូល C ក្រុមជម្រើសជាតិអ៊ីរ៉ាក់ កំពុងឈរកំពូលតារាង ដោយមាន ១១ពិន្ទុក្នុងដៃ ខណៈបារ៉ែន ឈរលេខ២ និងមាន ៩ពិន្ទុ ហើយក្រុមខ្លាំងអ៊ីរ៉ង់ ដែលនៅសល់ ៤ប្រកួតក្នុងដៃ កំពុងឈរលេខ៣ និងមាន ៦ពិន្ទុ ។ ចំណែកកម្ពុជា ឈរបាតតារាង និងមាន ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លយកាត់ ៥ប្រកួតស្មើ ១ និងចាញ់ ៤ កាលពីឆ្នាំ២០១៩ កន្លងទៅ៕