• ការអនុម័តឲ្យប្រើវ៉ាក់សាំងចិន Sinovac ដោយ WHO នឹងជួយពង្រឹងទំនុកចិត្ត ជាលក្ខណៈអន្តរជាតិ

    (សាន់ត្យាហ្គោ)៖ អនុរដ្ឋមន្រ្តីសុខាភិបាលឈីលី (ស៊ីលី) លោកស្រី ផូឡា ដាហ្សា (Paula Daza) នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថា ការអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានឈ្មោះសម្គាល់ថា កូរ៉ូណាវ៉ាក់ (CoronaVac) របស់ក្រុមហ៊ុនផលិតឱសថចិន Sinovac សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ អាចជួយពង្រឹងទំនុកចិត្តលើការប្រើប្រាស់វ៉ាក់សាំងនេះ នៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។

    កាលពីថ្ងៃទី០១ ខែមិថុនា (ពេលវេលានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស) អង្គការសុខភាពពិភពលោក (WHO) បានប្រកាសទទួលស្គាល់ជាផ្លូវការ នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានឈ្មោះសម្គាល់ថា CoronaVac របស់ក្រុមហ៊ុនផលិតឱសថចិន Sinovac សម្រាប់ការប្រើប្រាស់ជាលក្ខណៈបន្ទាន់។

    ជុំវិញលទ្ធផលខាងលើនេះ លោកស្រី Paula Daza បានហៅសេចក្តីប្រកាសរបស់ WHO ថា «ការពិត… ការដែលអង្គការ WHO បានសម្រេចអនុម័តវ៉ាក់សាំង CoronaVac សម្រាប់ការប្រើប្រាស់ជាលក្ខណៈបន្ទាន់ពេលនេះ គឺជាការផ្ដល់ឱ្យយើងនូវទំនុកចិត្តកាន់តែច្រើន នៅទូទាំងពិភពលោក ចំពោះការប្រើប្រាស់វ៉ាក់សាំងដែលយើងដឹងច្បាស់ថា មានសុវត្ថិភាព និងប្រសិទ្ធភាពរួចទៅហើយនេះ ដោយសារតែកន្លងមកយើងបានធ្វើការសិក្សា និងតេស្តវារួចទៅហើយ»។

    បើតាមលោកស្រី Paula Daza ការធ្វើតេស្តយ៉ាងទូលំទូលាយបានបង្ហាញថា «នៅក្នុងពេលវេលាជាក់ស្តែង និងក្នុងចំណោមប្រជាជន ដែលបានចូលរួមធ្វើតេស្ត បានបង្ហាញឲ្យឃើញថា វ៉ាក់សាំង CoronaVac គឺពិតជាមានប្រសិទ្ធភាព ក្នុងការប្រឆាំងនឹងការឆ្លងជំងឺ COVID-19 ក៏ដូចជាការពារកុំឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់ចូលសម្រាកនៅមន្ទីរពេទ្យ និងការពារកុំឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់ស្លាប់ផងដែរ»។

    បើតាមរដ្ឋមន្រ្តីសុខាភិបាលឈីលី លោក អ៊ែនរីក ប៉ារីស (Enrique Paris) វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ក៏ត្រូវបានអនុម័តយ៉ាងទូលំទូលាយ នៅក្នុងប្រទេសឈីលីផងដែរ។ រហូតមកទល់ពេលនេះ ប្រទេសឈីលីដែលមានប្រជាជនសរុបជាង ១៩លាននាក់ បានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនចំនួនជាង ១០លាននាក់ហើយ ក្នុងនោះមានជាង ៨លាននាក់ដែលបានទទួលការចាក់គ្រប់ដូស (២ដូស)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ