• ប្រទេសនានាកំពុងរង់ចាំវ៉ាក់សាំងកូវីដ-១៩ ដែលអាមេរិកបានប្រកាសថា នឹងចែកចាយនៅក្នុងខែមិថុនានេះ

    (វ៉ាស៉ីនតោន)៖ កាលពីខែមេសាកន្លងទៅ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីគម្រោងចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 រាប់លានដូសទៅកាន់ពិភពលោក ឲ្យបានមុនចុងខែមិថុនានេះ។ ក៏ប៉ុន្តែមកទល់ឥឡូវ អន្តរជាតិនៅតែកំពុងរង់ចាំមើលនៅឡើយ ជាមួយការអត់ធ្មត់កាន់តែតិចទៅៗថា តើវ៉ាក់សាំងអាមេរិកទាំងនោះ នឹងទៅដល់កន្លែងណាខ្លះ ហើយនឹងត្រូវចែកចាយដោយរៀបណា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅរសៀលថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។

    មកទល់នឹងពេលនេះ ចម្លើយគឺសហរដ្ឋអាមេរិកទំនងជានឹងផ្តល់ វ៉ាក់សាំងមួយចំណែកធំ ទៅកាន់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ដែលមានគោលដៅជួយផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ដល់ប្រទេសកំពុងអភិវឌ្ឍ និងមានចំណូលទាប ក៏ប៉ុន្តែមិនទាន់មានការកំណាត់ថា នឹងមានចំនួនប៉ុន្មានភាគរយ ឲ្យច្បាស់នៅឡើយទេ។

    ជាមួយគ្នានេះ រដ្ឋបាលលោក ចូ បៃដិន ក៏កំពុងតែពិចារណារក្សាទុកចំណែកខ្លះនៃវ៉ាក់សាំង សម្រាប់ឲ្យអាមេរិកផ្តល់ដោយផ្ទាល់ ទៅកាន់ប្រទេសនីមួយៗ តាមជម្រើសរបស់ខ្លួនផងដែរ។ បើតាមមន្រ្តីនៅសេតវិមាន ផែនការជាក់លាក់ នៃការចែកចាយវ៉ាក់សាំងទៅកាន់ពិភពលោក កំពុងបន្តស្ថិតក្រោមការជជែកដេញ ដើម្បីធានាថាវានឹងប្រព្រឹត្តទៅ ដោយស្មើភាពបំផុត។

    កន្លងមក ប្រទេសជាច្រើនបានស្នើសុំជំនួយវ៉ាក់សាំងពីសហរដ្ឋអាមេរិក ប៉ុន្តែមានតែកាណាដា និងម៉ិចស៉ីកូ ដែលជាប្រទេសជិតខាងប៉ុណ្ណោះ ដែលមានបានវ៉ាក់សាំងគិតចូលគ្នាចំនួន ៤.៥លានដូស។ ចំណែកកូរ៉េខាងត្បូងទើបតែបានឲ្យដឹងថា ខ្លួននឹងទទួលបានវ៉ាក់សាំង COVID-19 ចំនួន ១លានដូសពីអាមេរិកក្នុងសប្តាហ៍នេះ។

    បើតាមការសន្យារបស់លោក បៃដិន ផ្ទាល់ វ៉ាក់សាំង AstraZeneca ចំនួន ៦០លានដូស ដែលផលិតនៅសហរដ្ឋអាមេរិក នឹងត្រូវចែកចាយជាមួយអន្តរជាតិ។ បន្ថែមពីនេះ លោកក៏បានបញ្ជាក់ថា នឹងផ្តល់វ៉ាក់សាំងចំនួន ២០លានដូសទៀត ដែលជារបស់ក្រុមហ៊ុនអាមេរិក Pfizer, Moderna និង Johnson & Johnson ឲ្យទៅប្រទេសដទៃផងដែរក្នុងជំហានដំបូង។

    គួរបញ្ជាក់ថា គិតត្រឹមពេលឥឡូវនេះ ប្រជាជនអាមេរិកជាង ៥០ភាគរយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចមួយដូស ហើយជាង ១៣៥លាននាក់ ត្រូវបានចាក់វ៉ាក់សាំងគ្រប់ដូស។ កត្តាវិជ្ជមាននេះបាននិងកំពុងជួយកាត់បន្ថយអត្រាឆ្លង និងស្លាប់នៅអាមេរិក ឲ្យចុះទៅដល់កម្រិតទាបបំផុត គិតចាប់តាំងពីដំណាក់កាលដំបូងៗ នៃការផ្ទុះឡើងនូវជំងឺរាតត្បាតសកលនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ