(ប្រេស៊ីល)៖ ប្រទេសប្រេស៊ីល នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Copa America ឆ្នាំ២០២១, នេះបើតាមការឲ្យដឹងពី សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL), មួយថ្ងៃ បន្ទាប់ពីបានបដិសេធប្រទេសអាហ្សង់ទីន ក្នុងការទទួលបានឯកសិទ្ធិរៀបចំការប្រកួតនេះ, នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនាយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ។
ការប្រកួត, ដែលត្រូវបានពន្យារពេលកាលពីឆ្នាំមុន ដោយសារតែស្ថានភាពមានជំងឺឆ្លងជាសាកលនោះ, ត្រូវបានគេសន្មត់ថា នឹងធ្វើឡើងនៅប្រទេសអាហ្សង់ទីន និងកូឡុំប៊ី។
កាលពីសប្តាហ៍មុន, CONMEBOL បានច្រានចោលការស្នើសុំ ពីរដ្ឋាភិបាលកូឡុំប៊ី ក្នុងការពន្យារពេលការប្រកួត រហូតដល់ខែវិច្ឆិកាខាងមុខ ដោយសារតែការរំខាន នាពេលថ្មីៗនេះ និងមហាបាតុកម្ម ដែលប្រទេសមួយនេះ បាននឹងកំពុងជួបប្រទះ អស់រយៈពេលជាងមួយខែមកហើយនោះ។
អាហ្សង់ទីន បានស្នើធ្វើម្ចាស់ផ្ទះការប្រកួតទាំងអស់ ប៉ុន្តែ CONMEBOL បានប្រកាសថា ដោយមើលឃើញពីស្ថានភាពរាតត្បាត នៅក្នុងប្រទេសនេះ, វាក៏ត្រូវបានផ្អាកការរៀបចំការប្រកួត នៅទីនោះផងដែរ។
គួរបញ្ជាក់ថា Copa America ឆ្នាំ២០២១ នឹងធ្វើឡើងចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១៕