• បុរសម្នាក់ទាញពូថៅកាប់សម្លាប់ប្រពន្ធ នៅក្រុងពោធិ៍សាត់

    (ពោធិ៍សាត់)៖ ដោយសារអំណាចភ្លើងប្រចណ្ឌ បុរសម្នាក់បានទាញពូថៅកាប់ប្រពន្ធ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម គួរឲ្យអាណោចអាធម រួចចូលសារភាពចំពោះទោសកំហុសរបស់ខ្លួនដែលបានប្រព្រឹត្តនៅចំពោះមុខសមត្ថកិច្ច។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចក្នុងបន្ទប់ផ្ទះក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

    តាមការរៀបរាប់របស់ឈ្មោះ ស៊ុម ចាន់ធួក អាយុ៣៦ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ ឈ្មោះ ស៊ុម ចាន់នី អាយុ៣០ឆ្នាំ មានមុខរបរជាអ្នកលក់មីហឹរ នៅផ្សារភួពុយ បានឲ្យដឹងថា អ្នកទាំងពីរបានធ្វើពិធីភ្ជាប់ពាក្យ មានចាស់ទុំដឹងលឺតាំងពីឆ្នាំ២០១៨មកម្ល៉េះ មិនទាន់បានរៀបការទេ ក៏ចេះតែរស់នៅជាមួយគ្នារហូតមក ប៉ុន្តែប្តីរបស់ជនរងគ្រោះតែងតែប្រចណ្ឌប្រពន្ធ រករឿងប្រពន្ធថាមានប្រុសថ្មី។

    លុះដល់យប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ជនដៃដល់ឈ្មោះ ឡូញ សុធារ៉ា អាយុ៣៨ឆ្នាំ បានយកពូថៅកាប់សម្លាប់ប្រពន្ធ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ដោយគ្មាននណាបានដឹងឡើយ រហូតដល់ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ទើបបានដឹងថាប្អូនស្រីរបស់គាត់បានស្លាប់ទៅហើយ។

    ប្រភពដដែលបានបន្តទៀតថា បុរសជាឃាតករមានប្រពន្ធពីររួចមកហើយ ដោយប្រពន្ធទី១ រស់នៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ និងប្រពន្ធទី២ (ស្រ្តីរងគ្រោះខាងលើ) ត្រូវជាប្អូនបង្កើតរបស់ខ្លួន។ កន្លងមកជននេះតែងតែចេញចូលទៅមក ម្តងទៅផ្ទះប្រពន្ធទី១ ម្តងមកផ្ទះប្រពន្ធទី២ តែងតែរករឿងដោយសារភ្លើងប្រចណ្ឌ។

    ដោយមានការចង្អុលការពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារព្រហ្មទណ្ឌ បានដឹកនាំមន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌ ចុះពិនិត្យនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចនគរបាលជំនាញ និងមន្ត្រីពេទ្យបច្ចេកទេសខេត្ត បានពិនិត្យធ្វើកោសល្យវិច្ច័យទៅលើសាកសព ហើយបានដាក់ការសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់នៅអំឡុងម៉ោង ១១៖០០នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

    ក្រោយធ្វើសកម្មភាព ជនដៃដល់បានចូលសារភាពទោសកំហុស ដើម្បីឲ្យសមត្ថកិច្ចផ្ដន្ទាទោសខ្លួនតាមផ្លូវច្បាប់។ ដោយឡែកសាកសពស្តី្ររងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ