• កម្ពុជា នឹងចាក់វ៉ាក់សាំង ជូនប្រជាជនយ៉ាងហោច​ឱ្យបានពី ៥ ទៅ៦លាននាក់ នៅមុនដំណាច់ឆ្នាំនេះ

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា៖ “យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ជូនប្រជាជន ដែលតាមគម្រោង វ៉ាក់សាំង នឹងមកដល់ប្រមាណជា៤លាន ៥សែន ដូសទៀត សម្រាប់ខែមិថុនា នឹងមកជាបន្តបន្ទាប់ទៀត យើងនឹងអាចចាក់វ៉ាក់សាំងជូនប្រជាជនយ៉ាងហោចណាស់ គឺក្នុង៥ ទៅ៦លាននាក់ ក្នុងជំហ៊ានមុនដំណាច់ឆ្នាំនេះ ក្នុងចំណោម១០លាននាក់ ហើយយើងនឹងខិតខំដើម្បីធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុតនៅដើមឆ្នាំក្រោយតែម្ដង ដើម្បីឱ្យប្រជាជនរបស់យើងទទួលបាននូវវ៉ាក់សាំងគ្រប់ៗគ្នា”។

    ក្នុងសារជាសំឡេង នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ផ្ញើជូនស្ថាប័នពាក់ព័ន្ធ និងបណ្ដាខេត្តនានា ជុំវិញការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ សម្ដេចតេជោមានប្រសាសន៍ណែនាំដល់ ឯកឧត្ដម លោកជំទាវ ដែលជាប្រធានស្ថាប័ន អភិបាលរាជធានី ខេត្ត និងតាមក្រុមហ៊ុន មិនចាំបាច់ស្នើសុំចាក់វ៉ាក់សាំឱ្យកម្មកររបស់ខ្លួននៅរោងចក្រកន្លែងនេះ ឬក្រុមហ៊ុនខ្លួននៅកន្លែងនោះទេ។

    ដោយសារតែយើងទៅចាក់នៅកន្លែងណា កម្មករកម្មការិនីដែលរស់នៅកន្លែងនោះត្រូវចាក់ នៅក្នុងសង្កាត់ ឬខណ្ឌ ឬក្នុងភូមិរបស់ខ្លួន នៅក្នុងតំបន់ដែលចុះចាក់វ៉ាក់សាំង។ ទន្ទឹមនេះ លើកលែងតែមានករណីចាំបាច់ ដែលយើងកំណត់ចាក់នៅក្នុងរោងចក្រតែម្ដង ទៅតាមការកំណត់របស់គណៈកម្មការ និងអនុគណៈកម្មការចំពោះកិច្ច ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។

    សម្ដេចតេជោក៏បានអំពាវនាវឱ្យបងប្អូនជនរួមជាតិ សូមមេត្តាយោគយល់ ដែលមានការតាំងជាសំណួរថា ខ្ញុំបានចុះឈ្មោះចាក់វ៉ាក់សាំងហើយ ប៉ុន្តែមិនទាន់បានទទួលដំណឹងពីអាជ្ញាធរ ដែលនេះគឺជាសំណួរនៅតាមហ្វេសប៊ុកមកពីបណ្ដាខេត្ត ជាពិសេសគឺខេត្តព្រះសីហនុ ដែលខ្ញុំបានឆ្លើយតបត្រឡប់ទៅវិញថា យើងនឹងទៅដល់។ មូលហេតុដែលមិនអាចទទួលបានវ៉ាក់សាំងនៅក្នុងពេលនេះ គឺមកពីយើងខ្វះវ៉ាក់សាំង។ ដូច្នេះសូមបងប្អូនយោគយល់អាធ្យាស្រ័យ នៅក្នុងពេលវេលានេះត្រូវប្រើប្រាស់នូវបីការពារ និងបីកុំ គឺការពារខ្លួនឱ្យខានតែបានសិន ទម្រាំវ៉ាក់សាំងទៅដល់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ