• តារាចម្រៀង ស៉ិន ឧត្តមផល្លា ទទួលមរណភាព នាព្រឹកមិញនេះ ដោយសារជំងឺមហារីកខួរក្បាល

    (ភ្នំពេញ)៖ ជាដំណឹងដ៏សោកស្តាយមួយសម្រាប់អ្នកក្នុងចង្កោមសិល្បៈ ដែលបានបាត់បង់ធនធានអ្នកចម្រៀង និងជាតារាសម្ដែងម្នាក់ទៀតហើយ គឺលោកស្រី ស៉ិន ឧត្តមផល្លា ដែលមានសមត្ថភាពច្រៀងបានច្រើនភាសានោះ បានទទួលមរណភាពហើយ នាព្រឹកមិញនេះ ដោយសារជំងឺមហារីកខួរក្បាលធ្ងន់ធ្ងរ។

    បើតាមតារាសម្តែង សាវិន ហ្វីលីព ដែលជាមិត្តសិល្បៈរួមអាជីពបានថ្លែងប្រាប់ នៅមុននេះបន្តិចថា តារាចម្រៀង ស៉ិន ឧត្តមផល្លា បានទទួលមរណភាពនៅវេលាម៉ោង ៧៖៣០ ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺមហារីក។

    ជាការពិត កាលនៅមានជីវិត អ្នកនាង ស៉ិន ឧត្តមផល្លា នាពេលថ្មីៗនេះ បានដាច់ចិត្តទម្លាយប្រាប់មហាជន ក៏ដូចជាមិត្តរួមអាជីពថា លោកស្រី បានរស់នៅជាមួយជំងឺមហារីកនេះរយៈពេល១ឆ្នាំមកហើយ ខណៈដំបូងឡើយ គឺមានជំងឺដុំសាច់កូនកណ្តុរនៅក (ក្រោមស្លឹកត្រចៀក) ប៉ុណ្ណោះ ពេលដែលទៅមន្ទីរពេទ្យពិនិត្យ គឺបង្ហាញថាដុំកូនកណ្តុរនោះជាដុំសាច់មហារីក ហើយក៏ព្យាបាលវះកាត់ចេញ និងមានអាការៈហាក់ប្រៀបបាននឹងជាសះស្បើយទៅហើយ។

    តែយ៉ាងណា បន្ទាប់ពីជានៅកន្លែងចាស់ វាក៏បានវិវត្តន៍ទៅស៉ីដល់ខួរក្បាល និងបានបង្កើតជាដុំសាច់មហារីកក្នុងខួរក្បាលតែម្តង ដែលរហូតក្លាយជាដំណាក់ធ្ងន់ធ្ងរ។

    គួរជម្រាបថា អ្នកនាង ស៉ិន ឧត្តមផល្លា បានប្រឡូកក្នុងវិស័យសិល្បៈជាង២០ឆ្នាំមកហើយ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះលោកស្រីហាក់មានទស្សនិកជនស្គាល់ច្រើន និងមានប្រជាប្រិយភាពខ្លាំងឡើង ទោះបីជាវ័យកាន់តែជ្រេក្តី ដោយក្រៅពីច្រៀងបានទាំងភាសាអង់គ្លេស, ចិន និងខ្មែរផងនោះ អ្នកនាងមានសមត្ថភាពអាចសម្តែងរឿងផងដែរ។ ភាពយន្តដែលអ្នកនាងបានសម្តែងកន្លងទៅ គឺ «រាជនីភូមិគ្រិះ» របស់ទូរទស្សន៍ហង្សមាស ដែលដើរតួជាម្តាយរបស់លោក ណុប បាយ៉ារិទ្ធ។

    តែយ៉ាងណា អ្នកនាង ស៉ិន ឧត្តមផល្លា បានបាត់មុខពីវិស័យចម្រៀង ១ឆ្នាំចុងក្រោយនេះ ដោយសារសម្រាកព្យាបាលជំងឺមហារីក ដែលទើបនឹងបង្ហាញប្រាប់សាធារណជនឲ្យដឹងនាពេលថ្មីៗនេះ តែជាអកុសលក្រោយនៅថ្ងៃទី២៨ ខែឧសភា នេះអ្នកនាង អ្នកស្រីបានទទួលមរណភាពហើយ ត្បិតមានការជួយជ្រោមជ្រែងពីក្រុមគ្រូពេទ្យ និងមិត្តសិល្បៈគ្រប់មជ្ឈដ្ឋានក្តី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ