• ជិះម៉ូតូជ្រេពេញផ្លូវ ទីបំផុត ត្រូវប៉ូលីសហៅមកអប់រំហើយ

    ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជន ជាពិសេសបងប្អូននិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញសង្គមបានចែករំលែកនូវរូបភាពឃ្លីបវីដេអូមុស្សស្រីម្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពបើកជ្រេពេញផ្លូវ បង្កឱ្យអ្នកធ្វើដំណើរចាប់អារម្មណ៍និងសម្តែងការហួសចិត្តចំពោះសកម្មភាពមួយនេះ។

    ទទួលបានព័ត៌មាននេះពីក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់សមត្ថកិច្ចនគរបាលស្រុកមោងឫស្សីដែលមានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុក ធ្វើការស្រាវជ្រាវជាបន្ទាន់។

    នារសៀលថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១ នេះសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីបានស្វែងរកឃើញ សាមីខ្លួនដែលជាក្មេងស្រីមានអាយុទើបតែ១៥ឆ្នាំ រស់នៅស្រុកមោងឫស្សី ជាអ្នកជិះម៉ូតូជ្រេពេញផ្លូវពីថ្ងៃមុន។ ក្រោយពីបានទទួលស្គាល់នូវកំហុសឆ្គង សមត្ថកិច្ចនគរបាលបានធ្វើការអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត និងបានប្រគល់ជូនអាណាព្យាបាលអប់រំនៅមូលដ្ឋានបន្តទៀត។

    ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការចូលរួមសហការណ៍ផ្តល់ព័ត៌មានពីគ្រប់មជ្ឈដ្ឋានដល់សមត្ថកិច្ចនគរបាល ជាមួយនេះសូមអំពាវនាវដល់ប្អូនៗយុវជន យុវតី ទាំងអស់មេត្តាកុំយកគំរូដែលមិនល្អ ដូចក្នុងករណីមួយនេះ ដែលនាំបង្កឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គលក៏ដូចក្រុមគ្រួសារផងដែរ ។ ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកនិយមប្រេីប្រាស់បណ្តាញសង្គមមេត្តាជ្រាប សូមអរគុណ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ