• ថៃរាយការណ៍ពីអ្នកជំងឺកូវីដ-១៩ ស្លាប់ច្រើនបំផុត «៤៧នាក់ក្នុង១ថ្ងៃ» ខណៈមនុស្ស ៣,៣២៣នាក់ទៀតឆ្លង

    (បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១ នេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣,៣២៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈករណីស្លាប់វិញ គឺច្រើនបំផុតមិនធ្លាប់មាននោះឡើយ និងជាលើកទី ២ សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។

    ក្រោយការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក្រសួងសុខាភិបាលថៃ ក៏បានរាយការណ៍ពីតួលេខអ្នកស្លាប់ខ្ពស់បំផុតចំនួន ៤៧នាក់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១,២១៩នាក់ជាករណីឆ្លងក្នុងពន្ធនាគារ។ ចំណែកឯអ្នកជំងឺចំនួន ២,០៦៣នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

    គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៤១,២១៧ករណី ក្នុងនោះមានអ្នកស្លាប់ ៩២០នាក់ និងអ្នកជាសះស្បើយជិត ៩៤,០០០នាក់។

    ដោយឡែកសម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការ COVID-19 វិញនោះ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ៣.១៥លានដូស ក្នុងនោះប្រជាជន ៣.១៥លាននាក់បានចាក់ដូសដំបូង (ស្មើនឹង ៣.១% នៃចំនួនប្រជាជនសរុប) និងជិត ១លាននាក់ បានចាក់គ្រប់ដូស (១.៤% នៃចំនួនប្រជាជនសរុប) គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ