• IMF រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ ៦ភាគរយក្នុងឆ្នាំ២០២២

    (ភ្នំពេញ)៖ លោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា IMF រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៦ភាគរយក្នុងឆ្នាំ២០២២ ខណៈឆ្នាំនេះរំពឹងកើន៤.២ភាគរយ។

    ការលើកឡើងរបស់តំណាង IMF នេះធ្វើឡើងក្នុងឱកាស អញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី វេទិកានៃថ្នាក់ដឹកនាំធនាគារ (CEO Forum) លើកទី១សម្រាប់ឆ្នាំ២០២១ ផ្តោតលើប្រធានបទស្តីពី «ការប្រមើលមើលពីការងើបឡើវិញ នៃសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ នៅកម្ពុជានិងនៅតំបន់អាស៊ាន» ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា និងមានការសហការជាមួយ IMF តាមប្រព័ន្ធអនឡាញ (Zoom)។

    កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា ដោយក្នុងនោះលោកបានស្វាគមន៍ភ្ញៀវកិត្តិយស និងថ្លែងអំណរគុណដល់ លោក Yasuhisa Ojima ជាវាគ្មិនកិត្តិយសមកពី IMF ដែលបានចូលរួមផ្តល់បទបង្ហាញខាងលើនេះ។

    លោក Yasuhisa Ojima បានថ្លែងថា «IMF រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤,២ ភាគរយនៅឆ្នាំនេះ និង៦ភាគរយនៅឆ្នាំ២០២២ បន្ទាប់ពីការធ្លាក់ចុះ៣,៥ ភាគរយនៅឆ្នាំ២០២០។ ការព្យាករណ៍អំពីកំណើននឹងត្រូវបានពិនិត្យឡើងវិញ ដោយឆ្លុះបញ្ចាំងពីការកើនឡើងនៃ ការឆ្លងវីរុសកូវីដ១៩នាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។

    លោក Ojima បានបន្ថែមទៀតថា វិស័យហិរញ្ញវត្ថុមើលទៅមានស្ថិរភាព ដោយសារតែវិធានការណ៍គោលនយោបាយ ជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុ រួមមាន (LPCO, ទុនបម្រុងកាតព្វកិច្ចទាប) និងអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ រហូតដល់ដំណាច់ឆ្នាំ២០២១ ប៉ុន្តែភាពមិនច្បាស់លាស់នៅតែមានចំពោះសេដ្ឋកិច្ច ជាពិសេសឥណទានទៅលើវិស័យអចលនទ្រព្យ និងសំណង់ ដែលឥណទានខ្លះមិនស្ថិតក្នុងប្រព័ន្ធធនាគារ និងភាពមិនច្បាស់លាស់នៃវិស័យទេសចរណ៍។
    លោកបញ្ជាក់ថា ដរាបណាភាពមិនប្រាកដប្រជានៅតែមាន គោលនយោបាយកម្រិតនៃ ការរឹតត្បិតនៃការបែងចែកចាយដើមទុននឹងត្រូវបានធានា ដោយហេតុផលប្រុងប្រយ័ត្នបំផុត។

    លោក បណ្ឌិត អ៊ិនចាន់នី ក៏បានឲ្យដឹងដែរថា ពេលវេលានៃការពិភាក្សានេះ គឺចំពេលនៃវិបត្តិសេដ្ឋកិច្ច ខណៈពេលដែលធនាគារជាតិនៃកម្ពុជា ទើបតែបានពន្យារលើយន្តការនៃ ការធ្វើឥណទានរៀបចំឡើងវិញ របស់វិស័យធនាគារ និងហិរញ្ញវត្ថុរហូតដល់ចុងឆ្នាំ២០២១។ ដូច្នេះហើយស្ថាប័នហិរញ្ញវត្ថុទាំងអស់ នៅតែចាំបាច់នូវការយល់ថា «តើសេដ្ឋកិច្ចកម្ពុជានឹងវិវត្តយ៉ាងដូចម្តេច ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ»។

    លោកបន្ថែមថា «ដោយសារតែអតិថិជននៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនជួបប្រទះការលំបាក ក្នុងការទូទាត់សងប្រាក់កម្ចី ហើយប្រហែល១២ភាគរយ នៃឥណទានទាំងអស់ត្រូវបានស្នើសុំររៀបចំឡើងវិញ។ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច គឺមានសារៈសំខាន់បំផុត សម្រាប់អតិថិជនដែលទទួលកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុដូចគ្នា»។

    លោកបានបន្ថែមថា «ការយល់ដឹង និងការព្យាករណ៍របស់ IMF ពិតជានឹងជួយស្ថាប័នរបស់យើងក្នុងការរៀបចំ និងធានាឱ្យមានស្ថិរភាព និងវិបុលភាពរយៈពេលវែង នៃវិស័យរបស់យើង»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ