• ប្រទេសចិនចង់បញ្ជូនវ៉ាក់សាំង ទៅកាន់កោះតៃវ៉ាន់ជាបន្ទាន់ ដើម្បីជួយជនរួមជាតិខ្លួន ទប់ទល់នឹងកូវីដ-១៩

    (ប៉េកាំង)៖ ប្រទេសចិននៅដើមសប្តាហ៍នេះ បានស្នើសុំបញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាបន្ទាន់ទៅកាន់កោះតៃវ៉ាន់ ដើម្បីជួយកោះនេះប្រយុទ្ធប្រឆាំងនឹងការកើនឡើងយ៉ាងខ្លាំង នៃករណីឆ្លងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ខណៈកន្លងមកនេះទីក្រុងតៃប៉ិ ក្រោមការដុតបញ្ឆេះពីសហរដ្ឋអាមេរិក បានបង្ហាញការខឹងសម្បារ ដោយសារតែខ្លួនមិនបានចូលរួមក្នុង វេទិកានៃអង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។

    ប្រទេសចិន និងកោះតៃវ៉ាន់ បានទាស់សម្តីគ្នាម្តងហើយម្តងទៀត ក្នុងអំឡុងពេលនៃការរាតត្បាត COVID-19 ដោយទីក្រុងតៃប៉ិ បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងបានព្យាយាមរារាំងការចូលរបស់ខ្លួន ទៅកាន់អង្គការសុខភាពពិភពលោក (WHO) ខណៈទីក្រុងប៉េកាំងវិញបានអះអាងថា ទីក្រុងតៃប៉ិកំពុងយកជំងឺឆ្លងរាតត្បាតនេះ ធ្វើជាឈ្នាន់បម្រើផលប្រយោជន៍នយោបាយ។

    យ៉ាងណាក៏ដោយបន្ទាប់ពីទទួលបានសុវត្ថិភាពរាប់ខែ ពីការឆ្លងរាតត្បាតនៃជំងឺ COVID-19 កោះតៃវ៉ាន់ពេលកំពុងប្រឈមមុខនឹង ការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺនេះ ហើយកំពុងប្រឈមនឹងការខ្វះខាតវ៉ាក់សាំង ដែលរហូតមកទល់ពេលនេះ ខ្លួនទទួលបានវ៉ាក់សាំងតែជាង ៧០០,០០០ដូសប៉ុណ្ណោះ ខណៈដែលប្រជាជនសរុបលើកោះនេះ មានរហូតដល់ជាង ២៣លាននាក់។

    នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ របស់ប្រទេសចិន បានគូសបញ្ជាក់ថា ចិនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការឆ្លងរីករាលដាលនៃជំងឺ COVID-19 នាពេលថ្មីៗនេះ នៅក្នុងកោះតៃវ៉ាន់ ដោយបានកត់សម្គាល់ទៀតថា ចិនបានស្នើសុំផ្តល់ជំនួយ ម្តងហើយម្តងទៀតដល់កោះនេះ។

    ការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ បានគូសបញ្ជាក់បន្ថែមថា «អាកប្បកិរិយារបស់យើងគឺច្បាស់លាស់ណាស់ យើងប្តេជ្ញារៀបចំវាឱ្យបានឆាប់ ដូច្នេះជនរួមជាតិតៃវ៉ាន់ភាគច្រើន នឹងមានវ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រើប្រាស់បានឆាប់បំផុត។ ប្រសិនបើចាំបាច់ យើងក៏មានឆន្ទៈពិចារណាយ៉ាងសកម្ម ក្នុងការបញ្ជូនអ្នកជំនាញគ្រប់គ្រង និងបង្ការការឆ្លងរីករាលដាលនៃជំងឺនេះ ទៅកាន់កោះតៃវ៉ាន់ផងដែរ ដើម្បីចែករំលែកបទពិសោធន៍ ប្រឆាំងនឹងការឆ្លងរីករាលដាល ជាមួយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងសុខភាពរបស់កោះតៃវ៉ាន់»។

    គួរបញ្ជាក់ថា បើទោះបីជាវ៉ាក់សាំងចិន បាននិងកំពុងត្រូវបានប្រើប្រាស់ ទាំងនៅក្នុងប្រទេសចិន និងបណ្តាប្រទេសជាច្រើនក្នុងលោក ប្រកបដោយប្រសិទ្ធភាពខ្ពស់ជាក់ស្តែងក្តី ក៏កោះតៃវ៉ាន់ដែលធ្លាប់ស្នើសុំជំនួយវ៉ាក់សាំង ជាច្រើនដងពីសហរដ្ឋអាមេរិក នៅតែបញ្ជាក់ថា ខ្លួនមិនទុកចិត្តវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ចិននោះទេ។

    ការប្រកាសផ្តល់ជំនួយវ៉ាក់សាំង និងការត្រៀមខ្លួនជានិច្ច ដើម្បីបញ្ជូនក្រុមជំនាញទៅកាន់កោះតៃវ៉ាន់ បានកើតមានឡើងក្រោយពីចិនមើលឃើញថា មានក្រុមអ្នកនយោបាយសំខាន់ៗមួយចំនួននៅតៃវ៉ាន់ បានជំរុញឲ្យរដ្ឋាភិបាលកោះនេះ បញ្ជាទិញវ៉ាក់សាំងពីចិនជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ ដែលស្ថិតនៅចំពោះមុខ។ កោះតៃវ៉ាន់ពេលនេះ មានករណីឆ្លង COVID-19 សរុប ៤,៩១៧ករណី ក្នុងនោះមានអ្នកស្លាប់ ២៩នាក់ និងជាសះស្បើយវិញ ១,១១៣នាក់ ខណៈអត្រាឆ្លងប្រចាំថ្ងៃគឺជាមធ្យម ៣០០នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ