• ក្រុមប្រឆាំងរបបយោធាមីយ៉ាន់ម៉ា ផ្តាច់ជីវិតកងកម្លាំងជាង ១០នាក់ និងបំផ្លាញប៉ុស្តិ៍ប៉ូលិសមួយកន្លែង

    (រ៉ង់ហ្គូន)៖ ក្រុមចលនាតស៊ូប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានផ្ទុះអាវុធជាមួយកងកម្លាំងសន្តិសុខ នៅតំបន់ភាគខាងកើតនៃប្រទេស កាលពីថ្ងៃអាទិត្យម្សិលមិញ ហើយពួកគេបានអះអាងទៀតថា បានផ្ដាច់ជីវិតសមាជិកកងកម្លាំងសន្តិសុខ នៃរបបយោធាមីយ៉ាន់ម៉ាជាច្រើននាក់ និងបំផ្លាញប៉ុស្តិ៍ប៉ូលិសមួយកន្លែងផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។

    ការវាយប្រយុទ្ធគ្នារវាងកងកម្លាំងការពារប្រជាជន ( People’s Defence Force ត្រូវបានបង្កើតឡើង ក្រោយរដ្ឋប្រហារយោធាថ្ងៃទី០១ ខែកុម្ភៈ) ជាមួយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានកើតឡើងនៅរដ្ឋ សាន (Shan) និងរដ្ឋ កាយ៉ាហ៍ (Kayah)។ កងកម្លាំងការពារប្រជាជន បានប្រាប់សារព័ត៌មាន អ៉ីរ៉ាវ៉ាដឌី (Irrawaddy) ថា ពួកគេបានសម្លាប់សមាជិក នៃកងកម្លាំងសន្តិសុខយ៉ាងហោច ១៣នាក់, ចាប់ខ្លួនបាន ០៤នាក់ និងបំផ្លាញប៉ុស្តិ៍ប៉ូលិសមួយកន្លែងនៅក្បែរទីក្រុង ម៉ូបាយ (Mobye) ផងដែរ។ មកទល់នឹងពេលនេះ ខាងភាគីយោធាមីយ៉ាន់ម៉ា មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ហើយទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាក៏មិនបានផ្សាយ អំពីជម្លោះណាមួយដូចការរៀបរាប់ខាងលើនេះដែរ។

    គួរបញ្ជាក់ថា បើតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា មនុស្សយ៉ាងហោច ៨១៥នាក់ហើយត្រូវបានសម្លាប់ ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈមក។ ប៉ុន្តែអគ្គមេបញ្ជាការយោធា លោក មីន អោង ហ្លេង បានបញ្ជាក់ថា អ្នកស្លាប់សរុបមានចំនួនតែ ៣០០នាក់ប៉ុណ្ណោះ ក្នុងនោះមានកងកម្លាំងប៉ូលិស ៤៧នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ