• ទ្រូម៉ាន់នី និង អម្រឹត សហការផ្តល់ជូន​ប្រូម៉ូសិន​ថ្មី​ជាមួយ​នឹង​ឱកាស​ឈ្នះ​ប្រាក់រង្វាន់ និង​ម៉ូតូ​ថ្មីស្រឡាង

    ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យាហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា កំពុង​សហការ​ជាមួយ​​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អម្រឹត ដើម្បីផ្តល់ជូន​កម្មវិធីប្រូម៉ូសិន​ថ្មី​មួយ​ដែល​អតិថិជន​​របស់​អម្រឹតអាច​មាន​ឱកាស​ឈ្នះ​​​​រង្វាន់​ជាសាច់ប្រាក់ និង​រង្វាន់​ធំ​​​ម៉ូតូថ្មី​ស្រឡាង​មួយ​គ្រឿង​​ដោយគ្រាន់តែ​ជ្រើស​រើស​​យក​ការ​បង់សង​​ប្រាក់​កម្ចីរបស់​ពួក​គេ​តាមរយៈ​​ភ្នាក់ងារ​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី​។

    អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ក៏​អាច​រីករាយ​ជាមួយតម្លៃ ​​សេវា​​ទាប​ជាង​​មុន​ផងដែរ​សម្រាប់​ការ​បង់​សងប្រាក់​​កម្ចី​គ្រប់​ប្រភេទ ដោយ​បង់​​ថ្លៃ​សេវា​ត្រឹមតែ ០,៥​ដុល្លារ​ប៉ុណ្ណោះ។

    គំនិតផ្តួចផ្តើម​នេះ​គឺជា​កិច្ចប្រឹងប្រែង​យុទ្ធសាស្រ្ត​រួម​គ្នា​ដែល​ផ្តួចផ្តើមឡើង​ដោយ​​ក្រុមហ៊ុន​ទាំង​ពីរ ដើម្បី​ធ្វើ​ឱ្យ​ការ​បង់​សង​ប្រាក់​កម្ចី​កាន់តែ​មានភាពងាយស្រួល និងគ្មានភាព​ស្មុគស្មាញ​តាម​រយៈ​​ការ​កាត់​បន្ថយ​ការ​ចំណាយ​ពេល​វេលាលើ​ការ​ធ្វើដំណើរ​ទៅ​កាន់សាខា​របស់​​គ្រឹះ​ស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ អម្រឹត ដើម្បី​បង់​សង​ប្រាក់​កម្ចី។ យុទ្ធនាការ​នេះក៏ជួយសម្រួល​ដល់អតិថិជន​​អម្រឹត ក្នុងការ​​បង់​សង​ប្រាក់​កម្ចី​នៅ​ក្រៅ​ម៉ោង​ធ្វើការ​​ជាធម្មតា​របស់​សាខាអម្រឹតផងដែរ។

    ប្រូម៉ូសិន​នេះ​ចាប់​ផ្តើម​ចាប់​ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃទី​ ​៣១ ខែ​កក្កដា ឆ្នាំ​២០២១។ ក្នុងអំឡុងពេល​នេះ អតិថិជនអាច​មាន​ឱកាស​ ឈ្នះ​រង្វាន់​ជា​សាច់ប្រាក់​ប្រចាំ​សប្តាហ៍ ព្រម​ទាំង​ចូល​រួម​ផ្សង​សំណាង​​ដើម្បី​ឈ្នះ​រង្វាន់​ធំ​​ម៉ូតូ​ Honda Zoomer X ថ្មី​ស្រឡាង​មួយគ្រឿងនៅ​ចុង​បញ្ចប់​នៃ​យុទ្ធនាការ​​នេះ។ ក្រុមហ៊ុន ទ្រូម៉ាន់នី បច្ចុប្បន្ន​មាន​ភ្នាក់ងារ​ជាង ​១ម៉ឺន​ទីតាំង​ដែល​​ផ្តល់​សេវា​ផ្ញើ​​ប្រាក់​នៅទូទាំង​ប្រទេស។

    លោក Alan Wee នាយក​អង្គភាព​ពាណិជ្ជកម្ម​​នៃ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បាន​មាន​ប្រសាសន៍ថា៖ “ប្រូម៉ូសិន​នេះ​ ​ផ្តល់ជូន​ភាព​ងាយស្រួល​បន្ថែមទៀត​ដល់​អតិថិជន​របស់​យើង​ក្នុងគ្រាដែល​​បច្ចុប្បន្ន​​ពិបាកក្នុងការ​ធ្វើ​ដំណើរ​​ទៅកាន់​សាខា​របស់អម្រឹតដើម្បី​បង់​សង​ប្រាក់​កម្ចី”។

    លោក​ស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែក​​យុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បាន​ថ្លែង​ថា៖ “នៅ​ក្រុមហ៊ុន ទ្រូម៉ាន់នី យើង​តែង​តែ​សម្លឹងរក​​​មើល​វិធីថ្មីៗ​ដើម្បី​បន្ថែម​តម្លៃ​ដល់​អតិថិជន​របស់​យើង។ នៅពេលនេះ យើង​ទទួលស្គាល់​ថា វាអាចមាន​​ការ​លំបាក​ជាង​មុន​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ឆ្ងាយ ហេតុដូច្នេះ​ហើយ​បានជា​យើង​រីករាយ​ក្នុង​ការ​ផ្តល់​ជូន​សេវា​នេះ​ទៅ​កាន់អតិថិជនរបស់​អម្រឹត​ តាមរយៈ​បណ្តាញ​ភ្នាក់ងារ​ដ៏ធំ​របស់​យើង​នៅ​ទូទាំង​ប្រទេស”។

    លើស​ពីនេះ​ទៀត អតិថិជន​ដែល​ប្រើប្រាស់​កម្មវិធី TrueMoney e-Wallet អាច​ទទួលបាន​ការ​មិន​គិត​ថ្លៃសេវា​នៅពេល​បង់​សង​ប្រាក់​កម្ចី​របស់ខ្លួន​ទៅកាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត និង​ដៃគូ​ផ្សេង​ទៀត​ដោយ​គិត​ចាប់​ផ្តើម​ពីថ្ងៃ​នេះ​រហូត​ដល់ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ