• ការ​ជួយ​ដោះស្រាយបញ្ហា​​​ក្នុងសហគមន៍ ជួយ​ឱ្យ​យុវតី ធី ជូលី ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃកម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​ Smart

    ភ្នំពេញ ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១៖ ​នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ មាន​យុវជន​មួយ​ក្រុម​កំពុង​ចូល​រួម​ជួយ​អភិវឌ្ឍ​សហគមន៍​របស់​ពួកគេ​តាម​រយៈ​ការ​បង្កើត​ក្លឹប​មួយហៅថា ក្លឹប​ដោះ​ស្រាយ​បញ្ហា​សង្គម (SISC)។

    ​បង្កើត​ឡើង​នៅ​ខែ​តុលា ឆ្នាំ​២០១៧  ក្លឹប SISC ផ្តល់​ជា​វេទិកា​មួយ​សំរាប់​យុវជន​មក​ជួប​ជុំ​គ្នា​ដើម្បី​ពិភាក្សា និង​បង្កើត​គំនិត​ច្នៃ​ប្រឌិត រក​ដំណោះ​ស្រាយ​សម្រាប់​សហគមន៍​ដែល​ពួក​គេ​ចង់​រស់​នៅ។

    ក្រុម​យុវជន​នេះ មាន​សមាជិក ៥០​នាក់ ដែល​ភាគ​ច្រើន​ជា​សិស្ស​វិទ្យា​ល័យ។ ក្នុងនោះ​មាន​យុវតីម្នាក់​ឈ្មោះ ធី ជូលី ដែល​ជា​និស្សិត​ថ្នាក់​បរិញ្ញា​បត្រផ្នែក​ធុរកិច្ច​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ IPU New Zealand គឺ​ជា​ប្រធាន​ក្រុម និង​ជា​ស្ថាប​និក​ក្លឹប SISC នេះ។

    កញ្ញា ធី ជូលី បាន​​ថ្លែង​ថា៖ “កាល​ខ្ញុំ​នៅ​រៀន​វិទ្យា​ល័យ ឱកាស​ក្នុង​ការ​ធ្វើ​ការងារ​ស្មគ្រ័​ចិត្ត គឺ​វា​នៅ​មាន​កម្រិត ហើយ​ពិបាក​ក្នុង​ការ​បង្កើត​នូវ​គម្រោង ឬ​ក៏​សកម្មភាព​ណា​មួយ។ ហេតុ​នេះ​បាន​ជា​ខ្ញុំ និង​មិត្ត​ភក្តិ​របស់​ខ្ញុំ បាន​បង្កើត​នូវ​ក្រុម​យុវជន​មួយ”។

    ក្នុង​រយៈ​ពេល ៣ ឆ្នាំ​ចាប់​តាំង​ពី​ក្លឹប​នេះ​ត្រូវ​បាន​បង្កើត​ឡើង និស្សិត​វ័យ ១៧ ឆ្នាំ​រូប​នេះ បាន​ផ្តួច​ផ្តើម​បង្កើត​គម្រោង​ជា​ច្រើន​ដើម្បី​ជួយ​ដល់​សហគមន៍។

    កញ្ញា ជូលី បាន​បន្ថែម​ថា៖  “យើង​បាន​សម្រេច​នូវ​គម្រោង ៧ ដែល​ផ្តោត​សំខាន់​ទៅ​​លើ​ការ​អប់រំ។ យើង​បាន​បង្កើត​នូវ​បណ្ណា​ល័យ​ចល័ត ក៏​ដូច​ជា Book Club ដើម្បី​លើក​កម្ពស់​ការ​អាន។ យើង​ចុះ​ទៅ​សាលា​នៅ​តំបន់​ដាច់​ស្រយាល ដើម្បី​ចែក​រំលែក​បទ​ពិសោធ ក៏​ដូច​ជា​ផ្តល់​ជា​សម្ភារ​សិក្សា​ដល់​ក្មេងៗ​ផង​ដែរ”។

    ក្រុម​របស់​នាង​ក៏​បាន​រៃ​អង្គាស​ថវិកា​សម្រាប់​ជន​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​បាន​​កើត​មាន​ឡើង​នៅ​ចុង​ឆ្នាំ​២០២០ ​ផង​ដែរ ដែល​ក្នុង​នោះ​គ្រួសារ​ដែល​បាន​ទទួល​អំណោយ​ជា​ស្បៀង​អាហារ​សរុប​​ទាំង​អស់ មាន​ចំនួន ៣៧គ្រួសារ។

    អំណោយ​មួយ​ភាគ​ធំ​គឺ​បាន​មក​ពី​ការ​បរិច្ចាគ​របស់​សប្បុរស​ជន ហើយ​អំណោយ​ផ្សេង​ទៀត គឺ​បាន​ពី​ការ​ដាក់​លក់​អាវ​ដែល​ច្នៃ​ម៉ូដ​ដោយ​សមាជិក​ក្លឹប​ផ្ទាល់ និង​ការ​រៃ​អង្គាស​តាម​សាលា​រៀន។

    យុវជន នូរ ពិសិដ្ឋ ដែល​បាន​ចូល​រួម​ជា​មួយ​ក្លឹប​របស់​ជូលី​នៅ​ឆ្នាំ ២០១៧ បាន​ឃើញ​នូវ​ទង្វើ​និង​សកម្មភាព​ល្អ​របស់​នាង​ហើយ​ក៏​បាន​សម្រេច​ចិត្ត​ជ្រើស​តាំង​កញ្ញា ជូលី ឱ្យ​​ចូល​រួម​ជា​បេក្ខនារី​ក្នុង​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ​ស្មាត។

    ការ​ជ្រើស​តាំង​នេះ​បានផ្តល់​ឱកាស​មួយដល់ កញ្ញា ជូលី ឱ្យ​ឆ្លង​​​ទៅ​​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ចូល​រួម​ជាមួយ​នឹង​បេក្ខជន និង​បេក្ខនារី​ ៩​នាក់​ផ្សេង​ទៀត​ សម្រាប់​​ការ​ទទួល​បាន​​ឱកាស​ក្លាយជា​ជ័យលាភីជា​មួយ​នឹង​​ប្រាក់​រង្វាន់​ចំនួន ១ម៉ឺនដុល្លារ។

    យុវជន ពិសិដ្ឋ បាន​ថ្លែង​ថា៖ “សកម្មភាព​របស់​គាត់ (ជូលី) ទាំង​អស់​នោះ​វា​បាន​ជះ​ឥទ្ធិពល​វិជ្ជមាន​ច្រើន​ទៅ​ដល់​សហគមន៍​របស់​ខ្ញុំ​រស់​នៅ។ ខ្ញុំ​ជូន​ពរ​ ជូលី  ឱ្យ​គាត់​ទទួល​បាន​ពាន​រង្វាន់​មួយ​នេះ ​ហើយ​ខ្ញុំ​សង្ឈឹម​ថា​គាត់​នឹង​បន្ត​ជំរុញ​ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដទៃ​ផ្សេង​ទៀត ចាប់​ផ្តើម​ធ្វើ​គំនិត​ទាំង​អស់​នោះ​ឱ្យ​ក្លាយ​ជា​ការ​ពិត”។

    កញ្ញា ជូ លីលី ដែល​​ធ្លាប់​បានអាន​សៀវភៅ​នៅ​​​បណ្ណាល័យ​ចល័ត​របស់​​​ក្លឹប SISC បានរៀបរាប់​ថា កញ្ញាចូលចិត្ត​អានសៀវភៅនៅបណ្ណាល័យ​ចល័ត​នេះ​ដោយសារ​​សៀវភៅមានភាពសម្បូរ​បែប​សម្រាប់អាន ហើយទីតាំង​បណ្តាល័យ​ដែល​ដាក់នៅក្នុង​សួន​ច្បារ​ក្នុងក្រុង​សិរីភោភ័យ​នោះក៏​​មាន​បរិយាកាសល្អ​ទៀតផង​។

    កញ្ញា លីលី ដែល​ជា​និស្សិត​ឆ្នាំទីមួយ​នៃ​សាកលវិទ្យាល័យ​គ្រប់គ្រងនិងសេដ្ឋកិច្ច​នៅ​ក្រុងសិរីសោភ័ណ បាន​ថ្លែង​ថា៖ “បណ្ណា​ល័យ​ចល័ត​​នេះគឺ​ជាកន្លែងមួយល្អ ជា​ឃ្លាំង​ផ្ទុក​ចំណេះ​ដឹង​មួយ​ដ៏​ល្អ​សម្រាប់​សិស្សានុសិស្ស​ដែល​គាត់​ទំនេរ​ពីការ​សិក្សា​ទៅ​អាន​នៅទីនោះ។ ខ្ញុំចូលចិត្តសៀវភៅលើកទឹកចិត្ត។ ពេលអានរួច វាផ្តល់ផល​ប្រយោជន៍​ដល់ខ្ញុំ​ឱ្យចេះលើកទឹកចិត្តខ្លួនឯងក្នុងការធ្វើអ្វីមួយ”។

    ព្រះអង្គ សុន ឧត្តម ព្រះចៅអធិការ​វត្តសមិទ្ធិមុនីសោភ័ណ នៅក្រុងសរីសោភ័យ ដែល​បាន​ចូល​រួម​បរិច្ចាគ​ជា​ថវិកា​ក្នុង​អំឡុងពេលចែកអំណោយ​រួម​គ្នា​ជាមួយក្រុម​របស់​កញ្ញា ជូលី សម្រាប់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​កាលពី​ចុង​ឆ្នាំ​២០២០ បាន​មានសង្ឃដីការ​ថា៖ “ឃើញថាពួកគាត់មានចិត្តល្អ ចេះរួបរួមគ្នា​ចុះ​មកជួយ​សង្គ្រោះ ជួយ​ចែកជាសម្ភារនៅពេលដែល​កំពុងតែមានការ​ខ្វះខាត ឃើញ​ថា​គួរឱ្យកោតសរសើរដល់ក្រុមពួកគាត់។ ពួកគាត់នៅក្មេងៗ​ តែមានគំនិត​ចង់ជួយ ចង់ចូលរួម​ក្នុងសង្គម​របស់​យើង”។

    សម្រាប់​ផែនការ​នៅថ្ងៃអនាគតវិញ កញ្ញា ជូលី ថ្លែង​ថា៖ “ខ្ញុំ​មាន​គម្រោង​ពង្រីក​និង​ពង្រឹង​ក្លឹប​បន្ថែម ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន​ក្នុង​ការ​ចូល​រួម​ជា​ដំណោះ​ស្រាយ​ទៅ​លើ​បញ្ហា​សង្គម​ផ្សេងៗ ហើយ​និង​បន្ត​ជួយ​ដល់​យុវជន ដែល​បច្ចុប្បន្ន​យើង​មាន​គម្រោង​ថ្មី​មួយ ទាក់​ទង​និង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​សុខ​ភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​របស់​យុវជន​នៅ​ក្នុង​សម័យ​កូវីដ ១៩​ នេះ”។

    អំពើ​ល្អទាំង​នេះ​ហើយ​ដែល​ឆ្លើយ​តប​ទៅ​នឹង​កម្មវិធីពាន​រង្វាន​់ពលរដ្ឋ​គំរូ Smart ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «ឆ្ពោះ​ទៅ​មុខ​រួម​គ្នា»  របស់​ក្រុមហ៊ុន Smart Axiata ដែលបានចាប់​ផ្តើម​នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ កម្មវិធី​នេះ​មាន​បំណង​ស្វែង​រក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ធ្វើ​សកម្មភាព​ល្អៗ​ក្នុង​​ការ​ជួយ​ប្រទេស​ជាតិ អ្នក​ជិ​តខាង និង​សហគមន៍​របស់​ខ្លួន។

    ការ​ប្រកាសជ័យ​លាភី​របស់​កម្មវិធី​ពលរដ្ឋ​គំរូ Smart នឹង​ត្រូវ​ធ្វើ​ឡើង​នៅថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​មានការ​ផ្សាយ​បន្ត​ផ្ទាល់នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន Smart។

    ដើម្បី​ចូល​មើល​វីដេអូ​អំពី​កញ្ញា ធី ជូលី ​សូម​ចុច​លើ​តំណ​ភ្ជាប់ (Link) នេះ៖  https://fb.watch/5GcdiOXM6r/

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាម​ដាន​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រុមហ៊ុន Smart តាម​រយៈ  www.facebook.com/smartforcambodia ឬ​ចូល​ទៅ​កាន់​គេហ​ទំព័រ www.smart.com.kh

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ