• លោកជំទាវ ឱ វណ្ណឌីន៖​ បើមិនចង់ជួបការរាតត្បាតជាថ្មី និងត្រូវបិទក្រុងឡើងវិញ

    សន្ទុះនៃការចម្លងរាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា នៅមិនទាន់ថមថយឥទ្ធិពលនៅឡើយទេ ថ្វីដ្បិតនៅពេលនេះអាជ្ញាធរបានសម្រេចបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ បើកការធ្វើដំណើរឆ្លងកាត់ខេត្ត-ក្រុងក្ដី ។ ចំនួនតួលេខនៃអ្នកឆ្លងហាក់ងើបស្ទុះខ្លាំងឡើងវិញ នារយៈពេលប៉ុន្មានថ្ងៃនេះ ។ ដោយឃើញស្ថានភាពបែបនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងសុខាភិបាល បានផ្ញើសារដ៏សំខាន់មួយ ទៅកាន់ពលរដ្ឋគ្រប់រូប ។

    លោកជំទាវ បានលើកឡើងកាលពីថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២១ នេះថា ៖ «បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ។ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ ដូច្នេះយើងត្រូវតែអនុវត្តជីវិតធម្មតារបស់យើងឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយ ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល សម្រាប់ក្រុមគ្រួសារ និងសម្រាប់សហគមន៍ ប្រសិនបើយើងមិនចង់ឱ្យមាននៃការបើក និងបិទខ្ទប់ ចុះឡើងៗវិញនោះទេ»។

    លោកជំទាវ បានព្រមានពីការបាត់បង់ជីវិតនៃស្វាមី និងភរិយា បណ្តាលមកពីជំងឺកូវីដ-១៩ ក្នុងថ្ងៃតែមួយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ គឺបានពញ្ញាក់ស្មារតី និងបានក្រើនរំលឹកយើងទាំងអស់គ្នាច្បាស់ណាស់ថា កូនៗក្តី ក្រុមគ្រួសារក្នុងផ្ទះជាមួយក្តី និងស្វាមី-ភរិយាក្តី ចាំបាច់ណាស់ដែលត្រូវតែការពារខ្លួនរាល់ពេលដែលចេញក្រៅផ្ទះ ហើយត្រូវចងចាំថា ពេលត្រឡប់មកផ្ទះវិញ សូមកុំនាំវីរុសចង្រៃនេះចូលផ្ទះឱ្យសោះ ដើម្បីចៀសវាងឱ្យបាននូវការចម្លងបន្តគ្នា ដោយអនុវត្តវិធានការ “៣ការពារ និង៣កុំ” ដែលអាចជួយយើងបាន ឱ្យរួចផុតពីទុក្ខភ័យ និងការបាត់បង់សមាជិកគ្រួសាររបស់យើង។

    លោកជំទាវ បានថ្លែងទៀតថា៖ «ប្រសិនបើ ប្រញាប់ប្រញាល់ធ្វើសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ និងជាពិសេសការបើកប្រកបរបររកស៊ីទទួលទានឡើងវិញ តាមបែបធម្មតា ដូចកាលពីមុនមិនទាន់មានបញ្ហារាតត្បាតជំងឺកូវីដ-១៩ ដោយមិនបានត្រៀមលក្ខណ:ឱ្យស្របតាមបរិបទ “ធម្មតា តាមបែបគន្លងថ្មី” ដើម្បីការពារការចម្លងជំងឺកូវីដ-១៩នេះ ឱ្យបានត្រឹមត្រូវទុកជាមុនទេនោះ មិនយូរមិនឆាប់ យើងនឹងនាំមកនូវការវិលត្រឡប់នៃការឆ្លងរាតត្បាត និងការបិទខ្ទប់នៅថ្ងៃណាមួយឡើងវិញជាមិនខានឡើយ។ សូមមេត្តាចងចាំត្រង់ចំណុចនេះ»។

    លោកជំទាវ ឱ វណ្ណឌីន សូមអរគុណនូវរាល់ការចូលរួមការពារការចម្លងវីរុសនេះ ដើម្បីសុខភាពលោកអ្នក សុខភាពគ្រួសារលោកអ្នក និងសុខភាពសហគមន៍របស់យើង ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ