• រកឃើញអ្នកជាប់ពន្ធនាគារនៅភ្នំពេញ និងព្រះសីហនុ សរុប៥២នាក់ ឆ្លងជំងឺកូវីដ១៩

    (ភ្នំពេញ)៖ អ្នកជាប់ពន្ធនាគារនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សរុប៥២នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩។ នេះបើតាមការឲ្យដឹងពី លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

    លោក នុត សវនា បានបញ្ជាក់ថា សម្រាប់អ្នកជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែឧសភាម្សិលមិញ មានចំនួន១៨នាក់។ ដោយឡែក នៅខេត្តព្រះសីហនុ រកឃើញកាលពីដើមខែឧសភានេះ ចំនួន៣៤នាក់ ខណៈអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវបានរំលែកយកទៅដាក់អគារផ្សេងដាច់ដោយឡែក។

    អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងយ៉ាងដូច្នេះថា «តាមលិខិតផ្លូវការនៅពន្ធនាគាររាជធានីភ្នំពេញ មានអ្នកឆ្លងចំនួន១៨នាក់ ហើយនៅខេត្តព្រះសីហនុ ចំនួន៣៤នាក់ (នេះបើតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ»។

    សម្រាប់អ្នកជាប់ឃុំដែលឆ្លងជំងឺកូវីដ១៩ នៅពន្ធនាគារខេត្តព្រះសីហនុ នឹងត្រូវធ្វើតេស្ដម្ដងទៀត នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីបញ្ជាក់អំពីលទ្ធផលថា ពួកគាត់ជាសះស្បើយវិញហើយ ឬមិនទាន់ជាសះស្បើយ។ នេះបើតាមអ្វីដែលលោក នុត សវនា បានគូសបញ្ជាក់។

    យ៉ាងណាមិញ សម្រាប់ប្រភពចម្លងដំបូងនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ លោកមិនទាន់អាចបញ្ជាក់លម្អិតឲ្យដឹងនៅឡើយទេ ប៉ុន្ដែតាមការស្រាវជ្រាវជំហ៊ានដំបូង អាចផ្ដើមចេញពីកម្មករសំណង់ដែលដឹកសម្ភារៈចូលពន្ធនាគារ ដើម្បីសាងសង់សំណង់ផ្សេងៗ។ ដោយឡែក សម្រាប់នៅខេត្តព្រះសីហនុវិញ សង្ស័យឆ្លងចេញពីជនជាតិតៃវ៉ាន់ ដែលជាប់ឃុំ ពេលកំពុងត្រៀមបញ្ជូនទៅប្រទេសដើមវិញ។

    ជាមួយគ្នានេះ លោក នុត សវនា បានបន្ថែមទៀតថា អ្នកដែលសង្ស័យពាក់ព័ន្ធផ្សេងទៀត ទាំងនៅក្នុងពន្ធនាគារព្រៃស និងពន្ធនាគារខេត្តព្រះសីហនុ ត្រូវបានអនុរក្សពន្ធនាគារ សហការជាមួយមន្ដ្រីសុខាភិបាល រៀបចំយកទៅដាក់នៅអគារផ្សេងដាច់ដោយឡែក ដើម្បីតាមដានសុខភាពបន្ដទៀត យ៉ាងយកចិត្តទុកដាក់បំផុត។

    ពាក់ព័ន្ធករណីនេះ លោក យិន គន្ធ ប្រធានមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ក៏បានផ្ញើលិខិតទៅកាន់ប្រធានសាលាឧទ្ធរណ៍ភ្នំពេញផងដែរ ដោយសុំផ្អាកដឹកជនជាប់ឃុំឡើងជំនុំជម្រះនៅសាលាឧទ្ធរណ៍ មួយរយៈសិន គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញអ្នកជាប់ឃុំ១៨នាក់ឆ្លងជំងឺកូវីដ១៩។

    លិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន លោក យិន គន្ធ ក៏បានអះអាងថា បច្ចុប្បន្នមណ្ឌលអប់រំកែប្រែ កំពុងអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលមកយកសំណាកពិនិត្យធ្វើតេស្ដរកជំងឺកូវីដ១៩ ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ