ប្រទេសម៉ាឡាវី ដែលស្ថិតនៅទ្វីបអាហ្វ្រិកប៉ែកអាគ្នេយ៍ បានធ្វើការដុតចោលនូវវ៉ាក់សាំង AstraZeneca ដែលផលិតនៅស្រុកឥណ្ឌាចំនួន ២ម៉ឺនដូសកាលពីថ្ងៃពុធកន្លងទៅ ក្រោយពីវ៉ាក់សាំងទាំងនេះផុតសុពលភាពក្នុងការប្រើប្រាស់។
វ៉ាក់សាំងនេះបានមកដល់ស្រុកអាហ្វ្រិកមួយនេះសរុបច្រើនជាង ១០ម៉ឺនដូសកាលពីថ្ងៃទី២៦ ខែមីនា តាមរយៈគំនិតផ្ដួចផ្ដើមរបស់សហភាពអាហ្វ្រិក និងអង្គការសុខភាពពិភពលោក។ វ៉ាក់សាំងទាំងនេះនៅសល់អាយុកាល ១៨ថ្ងៃប៉ុណ្ណោះពោលគឺផុតកំណត់នៅថ្ងៃទី១៣ ខែមេសា។
អាជ្ញាធរម៉ាឡាវីបានធ្វើការបញ្ជាក់ថា វ៉ាក់សាំងហួសកំណត់មិនត្រូវបានចាក់ឲ្យប្រជាជនខ្លួនទេ។
នៅពេលផុតកំណត់ភ្លាមៗ អង្គការសុខភាពពិភពលោកប្រកាសថាមិនឲ្យធ្វើអ្វីទាំងអស់លើវ៉ាកសាំងដែលផុតកំណត់ តែកាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅ ខាងស្ថាប័នសុខភាពមួយនេះប្រកាសឲ្យកម្ទេចវ៉ាក់សាំងចោលដោយសុវត្ថិភាព៕