នាថ្ងៃទី ២០ ឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសលម្អិតពីករណីពុលស្រាស្លាប់ នៅក្នុងស្រុកល្វាឯម និងប្រកាសជាបន្ទាន់ឲ្យបញ្ឈប់ការផឹកស្រា ស្រាថ្នាំ ដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ។
បន្ទាប់ពីមានករណីពុលស្រាស ស្រាថ្នាំ ស្លាប់នៅក្នុងស្រុកល្វាឯម ក្រសួងសុខាភិបាលក៏បានចេញសេចក្តីប្រកាសជាបន្ទាន់ដោយលម្អឹតលើករណីអ្នកស្លាប់ គឺមិនមែនពាក់ព័ន្ធនឹងជំងឺកូវីដ១៩ទេ។ មួយវិញទៀត ចំពោះអ្នកជំងឺដែលស្លាប់ទាំងនោះគឺសុទ្ធតែជាអ្នកចូលចិត្តហូបស្រាជាប្រចាំ ក្រោយពីមានអ្នកស្លាប់ជាបន្តបន្ទាប់ ក្រុមឆ្លើយតបបន្ទាន់បានធ្វើការពិនិត្យ និងដាក់ការសង្ស័យលើស្រា គឺអ្នកផឹកស្រាទាំងនោះមានរោគសញ្ញា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម ចំណេកអ្នកខ្លះ មានសភាពឡេះឡះ ថប់ដង្ហើម ណែនទ្រូង ពិបាលដកដង្ហើម រីកប្រស្រីភ្នែក សន្លឹម ដោយអាការៈធ្ងន់ធ្ងរ ពួកគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រហូតដល់ថ្ងៃទី ១៩ ឧសភា ។
ករណីស្លាប់ដោយសារពុលស្រា បានកើនឡើងដល់ទៅ ១២ នាក់ នៅក្នុងភូមិ តាស្គរ និងក្តីកណ្តាល ឃុំ សារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ដែលជាលទ្ធផល គឺរកឃើញថា ការស្លាប់មនុស្ស ១២ នាក់នៅភូមិទាំង២ខាងលើ ដោយសារតែ ពួកគាត់បានពិសាស្រាថ្នាំ ឬស្រាស ដែលមានសារជាតិមេតាណុលខ្ពស់។
ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបញ្ឈប់នូវការពិសារស្រាស ឬស្រាថ្នាំ ដែលផលិតដោយគ្មានបច្ចេកទេស ជាពិសេសហាមដាច់ខាតស្រាសដែលយកមេតាណុលមកលាយ ព្រោះវាធ្វើឲ្យប៉ះពាល់ទៅដល់សុខភាព ឬអាចបាត់បង់ជីវិត ៕