• វៀតណាម គ្រោងបញ្ចេញកញ្ចប់ថវិកា «១.១ពាន់លានដុល្លារអាមេរិក» ដើម្បីទិញវ៉ាក់សាំងបង្ការកូវីដ-១៩

    (ហាណូយ)៖ វៀតណាមមានផែនការស្នើកញ្ចប់ថវិការហូតដល់ ២៥.២ទ្រីលានដុង ឬស្មើនឹង ១.១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទ្រទ្រង់ដល់កម្មវិធីទិញវ៉ាក់សាំងបង្ការ COVID-19 ប្រមាណ ១៥០លានដូស ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន។ នេះបើតាមប្រភពពីក្រសួងហិរញវត្ថុវៀតណាម ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។

    ក្រសួងឲ្យខាងលើបានឲ្យដឹងថា ផែនការស្នើកញ្ចប់ថវិកានេះ នឹងត្រូវបញ្ជូនទៅកាន់រដ្ឋាភិបាលវៀតណាម ដើម្បីធ្វើការពិនិត្យ និងអនុម័ត ហើយថវិកាសម្រាប់មូលនិធិនេះ នឹងតម្រូវឲ្យចែករំលែកជាចម្បងពីកញ្ចប់ថវិការដ្ឋ។ ការស្នើកញ្ចប់ថវិកាយ៉ាងច្រើនបែបនេះ ត្រូវបានគេមើលឃើញថា កើតមានឡើងអំឡុងពេលដែលវៀតណាម កំពុងបន្តទប់ទល់ព្យុះរលកថ្មីនៃ COVID-19 ខណៈករណីឆ្លងថ្មីៗរាប់រយនាក់ ត្រូវបានរកឃើញក្នុងមួយថ្ងៃៗ។

    ក្រសួងហិរញ្ញវត្ថុវៀតណាមបានគូសបញ្ជាក់ទៀតថា វ៉ាក់សាំងបង្ការ COVID-19 ខាងលើនេះ នឹងអាចឲ្យវៀតណាមចាក់ជូនប្រជាជនបាន ៧៥% ក្នុងចំណោមប្រជាជនសរុប ៩៨លាននាក់។ គិតត្រឹមពេលនេះ វៀតណាមទើបចាក់វ៉ាក់សាំងជូនប្រជាជនបានខ្ទង់ ១លាននាក់ប៉ុណ្ណោះ ខណៈដែលខ្លួនបានទទួលវ៉ាក់សាំង ២.៦១លានដូសពីកម្មវិធី COVAX របស់អន្តរជាតិ។

    យោងតាមគេហទំព័រ Worldometers ចេញបង្ហាញតួលេខនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះឲ្យដឹងថា ប្រទេសវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុបចំនួន ១៧៨នាក់ទៀត ក្នុងរយៈពេលពេញមួយថ្ងៃពុធ។ ដូច្នេះចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសវៀតណាមកើនដល់ ៤,៦៩០នាក់ និងចំនួនអ្នកស្លាប់សរុប ៣៧នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ