• EU យល់ព្រមចំពោះការបើកព្រំដែនប្រទេសឡើងវិញ សម្រាប់អ្នកដំណើរដែលបានទទួលចាក់វ៉ាក់សាំងពេញលេញ

    (អឺរ៉ុប)៖ សហភាពអឺរ៉ុប (EU ) ត្រូវបានគេរាយការណ៍ថា ប្លុកមួយនេះបានត្រៀមខ្លួនជាស្រេចដើម្បីបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់អ្នកដំណើរដែលបានទទួលចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Hill នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។

    លោក Christian Wigand អ្នកនាំពាក្យរបស់សហភាពអឺរ៉ុបបានបញ្ជាក់ពីផែនការនេះទៅកាន់កាសែត Washington Post ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ សម្រាប់ការដកចេញវិញនូវការរឹតត្បិតលើការធ្វើដំណើរនោះទេ។ កាសែតដដែលនេះបានកត់សម្គាល់ថា ផែនការបែបនេះនឹងត្រូវការបញ្ជាក់ច្បាស់ពីមន្ត្រីសុខាភិបាលរបស់សហភាពអឺរ៉ុប។

    ក្រោមផែនការបើកព្រំដែនឡើងវិញនេះ បុគ្គលដែលទទួលចាក់ថ្នាំបង្ការពេញលេញនឹងអាចធ្វើដំណើរទៅ និងមកពីប្រទេសនានាក្នុងសហភាពអឺរ៉ុប។ ក្រុមមន្រ្តីបាននិយាយថា វ៉ាក់សាំងទាំងអស់ដែលត្រូវបានអនុម័តដោយមន្រ្តីសុខាភិបាលសហរដ្ឋអាមេរិក នឹងត្រូវបានគេចាត់ទុកថាអាចទទួលយក ប៉ុន្តែវ៉ាក់សាំងរបស់ប្រទេសរុស្ស៊ី និងចិននឹងមិនទទួលយកឡើយ។

    គួរបញ្ជាក់ថា សហភាពអ៊ឺរ៉ុបបានបិទព្រំដែនរបស់ខ្លួន ចំពោះអ្នកធ្វើដំណើរខាងក្រៅកាលខែមីនា ឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកំពុងចាប់ផ្តើមរីករាលដាលយ៉ាងឆាប់រហ័សជុំវិញពិភពលោក។

    កាលពីដើមខែនេះ អ៊ឺរ៉ុបបានប្រាប់ប្រទេសជាសមាជិកថា ពួកគេគួរតែចាប់ផ្តើមពិចារណាបើកព្រំដែនរបស់ខ្លួនជូនដល់អ្នកដំណើរដែលមិនចាំបាច់ ដែលបានចាក់វ៉ាក់សាំងពេញលេញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ