• រំលោភសម្លាប់នារីម្នាក់ រួចយកសពទៅបោះចោលក្នុងត្រពាំង នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

    (ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងផែននគរបាលព្រហ្មទណ្ឌ និងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ ចុះចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសម្លាប់នារីរងគ្រោះម្នាក់ រួចហើយយកសពរបស់នាងទៅបោះចូលក្នុងត្រពាំង។

    ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានប្រាប់បណ្តាញព័ត៌មាន ថា កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧:៤០នាទី មានប្រជាពលរដ្ឋរាយការណ៍ បានប្រទះឃើញសាកសពអណ្តែតទឹក នៅចំណុចត្រពាំងតាឌួង ចម្ងាយ ១៥០០ម៉ែត្រ ខាងលិចភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

    បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហួត សុធី បានដឹកនាំកម្លាំងជំនាញផែនព្រហ្មទណ្ឌ និងនៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ ចុះស្រាវជ្រាវសាវតា ជនរងគ្រោះមានឈ្មោះ ងួយ សុណី អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ មុខរបរកសិករ។

    តាមការបំភ្លឺពីឪពុកម្តាយនារីរងគ្រោះ, កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១២,០០ នាទី ក្មេងស្រីរងគ្រោះ បានជិះកង់ទៅបេះព្រីងទុំនៅចំណុចខាងលើ លុះដល់ពេលល្ងាចពុំឃើញកូនត្រឡប់មកផ្ទះវិញ ពួកគាត់ក៏បានប្រាប់មេភូមិ និងអ្នកជិតខាងឲជួយរក រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧៖៤០នាទី ទើបប្រទះឃើញសពដេកស្លាប់តែម្តង។

    បន្ទាប់ពីជំនាញបានធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចបានកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ អឿម សារី (ហៅស៊្រី) អាយុ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា។

    ក្រោយធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភ និងសម្លាប់ជនរងគ្រោះពិតប្រាកដមែន រួចហើយយកសាកសពទៅបោះចោលក្នុងត្រពាំងដែលមានព្រៃស្តុក រីឯកង់របស់ជនរងគ្រោះ យកទៅទំលាក់ចូលក្នុងអូរចម្ងាយពីកន្លែងកើតហេតុប្រហែល ២០០ម៉ែត្រ។

    បច្ចុប្នន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ