• ថៃរាយការណ៍ពីមនុស្សស្លាប់ច្រើនបំផុត «៣៥នាក់ក្នុង១ថ្ងៃ» ដោយសារកូវីដ-១៩ ខណៈមនុស្ស ២,៤៧៣នាក់ទៀតឆ្លង

    (បាងកក)៖ ក្រសួងសុខាភិបាលថៃបានប្រកាស នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១នេះថា អ្នកជំងឺ COVID-19 ចំនួន ៣៥នាក់ទៀតបានបាត់បង់ជីវិត ដែលនេះជាចំនួនករណីស្លាប់ច្រើនបំផុត ក្នុងមួយថ្ងៃនៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation។

    ថៃក៏បានប្រកាសផងដែរថា ករណីឆ្លងជំងឺ COVID-19 សរុប ២,៤៧៣នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេល ១ថ្ងៃដូចគ្នា ហើយក្នុងចំណោមនោះ ៦៨០នាក់គឺជាករណីឆ្លង ដែលត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ដោយឡែកអ្នកជំងឺ ២,៧២៨នាក់ទៀតបានជាសះស្បើយ។

    ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសថៃកើនដល់ ១១៣,៥៥៥ករណី ក្នុងនោះមានអ្នកស្លាប់ ៦៤៩នាក់ និងជាសះស្បើយវិញ ៦៩,៩១៨នាក់ ខណៈអ្នកជំងឺជិត ៤៣,០០០នាក់ទៀតកំពុងសម្រាកព្យាបាល។

    សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 គិតត្រឹមថ្ងៃទី១៧ ខែឧសភា ប្រទេសថៃសម្រេចបាន ២.២៦លានដូស ក្នុងនោះមនុស្សជាង ១,៤៨២,៧០០នាក់ (ស្មើនឹង ២.១% នៃចំនួនប្រជាជនថៃសរុប) បានចាក់ដូសដំបូង និងជិត ៧៨២,០០០នាក់ (ស្មើនឹង ១.១% នៃចំនួនប្រជាជនថៃសរុប) បានចាក់គ្រប់ដូស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ