• កោះតៃវ៉ាន់ ថាចង់ទទួលបានវ៉ាក់សាំងពីអាមេរិក ក្រោយពីបានឮដំណឹងថា លោក ចូ បៃដិន នឹងបញ្ចេញ «២០លានដូស»

    (តៃប៉ិ)៖ មន្ត្រីតំណាងជាន់ខ្ពស់នៃកោះតៃវ៉ាន់ ប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនបានលើកឡើងថា តៃវ៉ាន់កំពុងតែពិភាក្សាជាមួយសហរដ្ឋអាមេរិក សម្រាប់ការចែករំលែកវ៉ាក់សាំងបង្ការ COVID-19 ដែលលោកប្រធានាធិបតី ចូ បៃដិន កំពុងមានផែនការក្នុងការបរិច្ចាគទៅកាន់ពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។

    កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ចូ បៃដិន បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនវ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកសរុប ២០លានដូសទៅបរទេស នៅត្រឹមដំណាច់ខែមិថុនាខាងមុខ ហើយវានឹងក្លាយជាលើកដំបូង ដែលសហរដ្ឋអាមេរិកធ្វើយ៉ាងដូច្នេះ គិតចាប់តាំងពីខ្លួនបានអនុម័តឲ្យប្រើប្រាស់ ជាផ្លូវការនូវវ៉ាក់សាំងទាំងនោះ។

    លោក ចូ បៃដិន បានប្រកាសក្នុងថ្ងៃចន្ទថា វ៉ាក់សាំងផលិតក្នុងស្រុកចំនួន ២០លានដូស ដែលនឹងត្រូវបញ្ចេញទៅបរទេសជាលើកដំបូងនេះ គឺរួមមាន Pfizer-BioNTech, Moderna និង Johnson & Johnson ដោយវាជាការបូកបន្ថែមពីលើវ៉ាក់សាំងអង់គ្លេស AstraZeneca ចំនួន ៦០លានដូស ដែលសហរដ្ឋអាមេរិកមានផែនការបរិច្ចាគ ទៅកាន់អន្តរជាតិរួចទៅហើយ។

    ជុំវិញដំណឹងខាងលើនេះ លោកស្រី ហ្សាវ បាយគីម (Hsiao Bi-khim) មន្ត្រីតំណាងជាន់ខ្ពស់នៃកោះតៃវ៉ាន់ប្រចាំសហរដ្ឋអាមេរិកបានលើកឡើងថា «យើងចង់ចរចា (ជាមួយសហរដ្ឋអាមេរិក) ដើម្បីទទួលបានវា (វ៉ាក់សាំងបង្ការ COVID-19)។ យើងបានប្រាប់សហរដ្ឋអាមេរិករួចហើយថា យើងចង់មានឈ្មោះក្នុងបញ្ជី (អ្នកត្រូវទទួលបានវ៉ាក់សាំង) នោះដែរ»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ