• ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងមួយថ្ងៃ ១,៦៣០នាក់, ស្លាប់ ២២នាក់

    (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) បានរាយការណ៍នៅរសៀលថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៦៣០នាក់បន្ថែមទៀតត្រូវបានរកឃើញ ខណៈអ្នកជំងឺចំនួន ២២នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។

    នៅក្នុងចំណោមអ្នកឆ្លងថ្មីៗទាំង ១,៦៣០នាក់ខាងលើ មានតែ ០៨នាក់ប៉ុណ្ណោះ ជាករណីនាំចូលពីបរទេស។ ចំណែកឯ នៅក្នុងចំណោមអ្នកជំងឺដែលបានបាត់បង់ជីវិតទាំង ២២នាក់ខាងលើ មាន១៣នាក់នៅទីក្រុងបាងកក (Bangkok), ០២នាក់នៅទីក្រុងឈៀងម៉ៃ (Chiang Mai), ម្នាក់នៅទីក្រុងកនគែន (Khon Kaen), ម្នាក់នៅខេត្តផាធម ថានី (Pathum Thani), ម្នាក់នៅខេត្តស៊ូផាន់ បុរី (Suphan Buri), ម្នាក់នៅខេត្ត រ៉ាក់យ៉ង (Rayong), ម្នាក់នៅខេត្តសាមុត ប្រាកាន (Samut Prakan), ម្នាក់នៅខេត្តឆាឆឹងសាវ (Chachoengsao), និងម្នាក់ទៀតនៅខេត្ត Mahasarakham។

    អ្នកដែលបានបាត់បង់ជីវិតខាងលើ មានអាយុចន្លោះពី ៣០-៩២ឆ្នាំ ហើយពួកគេទាំងអស់ត្រូវបានគេរាយការណ៍ថា មានជំងឺរ៉ាំរ៉ៃប្រចាំកាយ ដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺធាត់ជាដើម។

    គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃចន្ទនេះ ប្រទេសថៃ បានកត់ត្រាអ្នកឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៨៥,០០៥នាក់ ក្នុងនោះមានអ្នកស្លាប់ ចំនួន ៤២១នាក់ និងអ្នកជាសះស្បើយចំនួន ៥៥,២០៨នាក់ ខណៈអ្នកជំងឺចំនួន ២៩,៣៧៦នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ប្រទេសថៃ ក៏បានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនចំនួន ១,៨០៩,៨៩៤នាក់ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ