• ឥណ្ឌា៖ នៅក្នុងមន្ទីរពេទ្យមួយនៃទីក្រុងញូដេលី វេជ្ជបណ្ឌិតរហូតដល់ ៨០នាក់បានឆ្លងជំងឺកូវីដ-១៩ និងម្នាក់បាត់បង់ជីវិត

    (ញូដេលី)៖ វេជ្ជបណ្ឌិត ៨០នាក់នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងរដ្ឋធានីញូដេលីនៃប្រទេសឥណ្ឌា បានឆ្លងជំងឺ COVID-19 ខណៈវេជ្ជបណ្ឌិតឯកទេសវះកាត់ម្នាក់ ដែលធ្វើការងារនៅទីនោះជិត ៣ទសវត្សរ៍ បានស្លាប់ដោយសារតែជំងឺកាចសាហាវនេះ។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន India Today នៅរៀលថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

    ក្នុងចំណោមវេជ្ជបណ្ឌិត ៨០រូបខាងលើ នៃមន្ទីរពេទ្យ សារ៉ូច (Saroj) ដែលបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ១២នាក់ កំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ ខណៈ ៦៨នាក់ទៀត កំពុងធ្វើចត្តាឡីស័ក និងព្យាបាលនៅតាមលំនៅឋានរបស់ខ្លួន។ រីឯវេជ្ជបណ្ឌិតឯកទេសវះកាត់ ដែលត្រូវបាន COVID-19 ផ្តាច់ជីវិត គឺធ្លាប់បានបម្រើការងារនៅមន្ទីរពេទ្យ Saroj អស់រយៈពេល ២៧ឆ្នាំមកហើយ។

    គួរបញ្ជាក់ថា គិតមកទល់ពេលនេះ វេជ្ជបណ្ឌិត និងបុគ្គលិកផ្នែកសុខាភិបាលសរុប ៣០០នាក់ នៅតាមមន្ទីរពេទ្យក្នុងទីក្រុងញូដេលី បានឆ្លងជំងឺ COVID-19 កំលុងការឆ្លងរាតត្បាតរលកថ្មី ដែលកំពុងវាយលុកយ៉ាងធ្ងន់ធ្ងរ លើប្រទេសឥណ្ឌា ដែលបានចាប់ផ្តើមកក្រើកឡើងវិញចាប់តាំងពីចុងខែមីនា ឆ្នាំ២០២១ និងខ្លាំងបំផុតចាប់ពីអំឡុងខែមេសា រហូតមកទល់នឹងពេលនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ