• តុលាការអាមេរិក សម្រេចឲ្យអ្នកស្នងមរតក «Michael Jackson» ឈ្នះក្តី ជុំវិញបញ្ហាបង់ពន្ធលើអចលនទ្រព្យ

    (អាមេរិក)៖ បញ្ហាចម្រូងចម្រាស់ ពាក់ព័ន្ធនឹងការបង់ពន្ធលើអចនលទ្រព្យរបស់ Michael Jackson គឺបានកើតឡើងជាយូរមកហើយ ចាប់តាំងពីកំពូលតារាចម្រៀងរូបនេះបាត់បង់ជីវិតមកម្ល៉េះ។ តែយ៉ាងណា ពេលនេះតុលាការអាមេរិក បានសម្រេចឲ្យអ្នកស្នងមករតរបស់កំពូលតារាចម្រៀង Michael Jackson ឈ្នះក្តី ដោយបន្ធូរការបង់ពន្ធលើអចលនទ្រព្យ មកនៅកម្រិតមួយដែលអាចទទួលយកបានវិញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

    ការសម្រេចក្តីនេះ ត្រូវបានធ្វើឡើងតបតាមពាក្យបណ្តឹងជាយូរឆ្នាំមកហើយ ដែលកូនៗនិងប្រពន្ធរបស់កំពូលតារាចម្រៀង Michael Jackson ជាអ្នកស្នងមរតក បានប្តឹងទៅកាន់តុលាការ ឲ្យជួយដោះស្រាយបញ្ហាពួកគេ ក្រោយពីក្រុមអ្នកវាយតម្លៃអចលនទ្រព្យអាមេរិក ហៅកាត់ថា «IRS» បានធ្វើការវាយតម្លៃអចលនទ្រព្យរបស់អតីតកំពូលតារាចម្រៀង Michael Jackson ខ្ពស់ខ្លាំងពេក ដែលធ្វើឲ្យពួកគេចំណាយខ្ពស់ក្នុងការបង់ពន្ធ។

    នៅថ្ងៃច័ន្ទសប្តាហ៍នេះ តុលាការអាមេរិក បានចេញដីកាសម្រេចហើយ ដោយកាត់ក្តីឲ្យអ្នកបន្តវេនពី Michael Jackson ឈ្នះក្តី ព្រោះក្រុមហ៊ុនអចលនទ្រព្យត្រូវបានគេរកឃើញថា ពិតជាបានវាយតម្លៃទ្រព្យសម្បត្តិរបស់ Michael Jackson ខ្ពស់ខ្លាំងពេកមែន។

    អ្នកជំនាញវាយតម្លៃអចលនទ្រព្យ IRS បានធ្វើការបូកបញ្ចូលទ្រព្យសម្បត្តិទាំងអស់របស់ Michael Jackson មានប្រមាណ ៣២០ លានដុល្លារ ខណៈចៅក្រមបានរកឃើញថា ចំនួនបូកសរុបតម្លៃត្រឹមតែ ១០៧ លានដុល្លារប៉ុណ្ណោះ នៅពេលគាត់ស្លាប់ Michael Jackson ក្នុងឆ្នាំ២០០៩។

    ក្រោយសាលក្រមសម្រេចនេះប្រកាសជាផ្លូវការ វិក័យប័ត្របង់ពន្ធថ្មី ដែលអ្នកបន្តវេនពី Michael Jackson ត្រូវបង់ជូនរដ្ឋ នឹងត្រូវបានគណនាសារជាថ្មី ដោយប្រើតួលេខនៃសេចក្តីសម្រេចរបស់តុលាការ ហើយវានឹងមិនរាប់បញ្ចូលការពិន័យទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ