• ត្រឹមពេលមួយយប់ ផ្ទះ១៧២ខ្នង នៅទូទាំងខេត្តកំពង់ឆ្នាំង ត្រូវរងការខូចខាតដោយសារខ្យល់កន្ត្រាក់

    (កំពង់ឆ្នាំង)៖ លំនៅដ្ឋានសរុប១៧២ខ្នង របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុង-ស្រុកចំនួន៧ នៃខេត្តកំពង់ឆ្នាំង ត្រូវរងការខូចខាតដោយសារភ្លៀងលាយខ្យល់កន្ត្រាក់ ក្នុងនោះ ១២ខ្នង ត្រូវរលំដួលដល់ដី និង ១៦០ខ្នងទៀតរបើកដំបូល និងរបើកជញ្ជាំង។ នេះបើតាមលោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានថ្លែងប្រាប់ភ្នាក់ងារ Fresh News នាល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ។

    លោក ប្រាក់ សោភ័ណ្ឌ បានបញ្ជាក់ថា គ្រោះធម្មជាតិដែលបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខាងលើនេះ កើតឡើងនៅយប់ថ្ងៃទី០៥ ខែឧសភា។ លោកបានបន្តថា បណ្ដាក្រុង-ស្រុកដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ខាងលើនេះ រួមមាន ស្រុករលាប្អៀរខូចខាតអស់ ២៨ខ្នង ស្រុកសាមគ្គីមានជ័យខូចខាតអស់ ៨៨ខ្នង ស្រុកកំពង់លែងខូចខាតអស់ ៣ខ្នង ស្រុកជលគិរីខូចខាតអស់ ១១ខ្នង ក្រុងកំពង់ឆ្នាំងខូចខាតអស់ ១៣ខ្នង ស្រុកកំពង់ត្រឡាចខូចខាតអស់ ២០ខ្នង និងស្រុកទឹកផុសខូចខាតអស់ ៩ខ្នង។

    លោក ប្រាក់ សោភ័ណ្ឌ បានបន្តទៀតថា សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានធ្វើរបាយការណ៍ជូនទៅគណៈកម្មាធិការសាខាកាកបាតក្រហមខេត្តកំពង់ឆ្នាំង និងទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជារួចហើយ ដើម្បីត្រៀមលក្ខណៈដឹកជញ្ជូនសម្ភារៈមកជួយសង្គ្រោះប្រជាពលរដ្ឋម្ចាស់លំនៅដ្ឋានដែលរងគ្រោះនោះ ក្នុងពេលឆាប់ៗខាងមុខ។

    លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក៏បានឲ្យដឹងដែរថា ក្រោយពេលខ្យល់កន្ត្រាក់ស្ងប់ទៅវិញនោះ កម្លាំងអន្តរាគមន៍ក៏បានចុះជួយរៀបចំទីជម្រកបណ្ដោះអាសន្ន និងជួយប្រក់ដំបូលផ្ទះឡើងវិញជូនប្រជាពលរដ្ឋបានមួយចំនួនផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ