• ខេត្តកំពង់ឆ្នាំង សម្រេចសង់ប៉ាឆា ទុកបូជាសពអ្នកកូវីដ-១៩ ក្រោយករណីយកសពស្ត្រីម្នាក់ទៅបូជាតាមវត្ត ហើយត្រូវពលរដ្ឋ និងព្រះសង្ឃហាមឃាត់

    (កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានសម្រេចយកទីតាំងមួយកន្លែងសម្រាប់សាងសង់ប៉ាឆា ទុកបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីមានករណីយកសពស្ត្រីម្នាក់ទៅបូជាតាមវត្ត ហើយត្រូវពលរដ្ឋ និងព្រះសង្ឃហាមឃាត់។

    លោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា ទីតាំងដែលអាជ្ញាធរសម្រេចយកសាងសង់ធ្វើជាឈាបនដ្ឋាន (ប៉ាឆា) ទុកបូជាសពអ្នកកើតកូវីដ-១៩ខាងលើនេះ ជាទីតាំងព្រៃរបស់សហគមន៍ឋិតក្នុងភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ដែលមានចម្ងាយពីភូមិដំណាក់កីប្រមាណជា ៣គីឡូម៉ែត្រ។ ដីនេះដែរសហគមន៍វាស់ទុកឲ្យ ៥០ម៉ែត្របួនជ្រុង ទីធ្លាធំទូលាយសមល្មម។

    លោកបន្តថា ការសាងសង់ប៉ាឆានេះដែរ ដោយសារតែនៅក្នុងខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន មិនមានទីតាំងសមរម្យ សម្រាប់បូជាសពអ្នកកើតជំងឺកូវីដ-១៩ ព្រោះនៅតាមវត្តអារាមនានា ត្រូវបានប្រជាពលរដ្ឋ និងព្រះសង្ឃរារាំង មិនអនុញាតិឲ្យយកសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ យកទៅបូជានៅក្នុងវត្ត។

    លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងដែរថា ការណ៍ដែលអាជ្ញាធរសម្រេចជ្រើសយកទីតាំងខាងលើ ធ្វើជាឈាបនដ្ឋានទុកបូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩នេះ គឺជាភូមិសាស្រ្តទីតាំងមួយដ៏សមរម្យ ហើយស្ថិតនៅក្នុងព្រៃដាច់ស្រយាលពីភូមិ របស់ប្រជាពលរដ្ឋ ដែលមិនបង្កផលប៉ះពាល់ផ្នែកបរិស្ថាននោះឡើយ និងមានគម្រោងសាងសង់កន្លែងបូជាសពតែមួយប៉ុណ្ណោះ។ នៅថ្ងៃស្អែកទី៦ ខែឧសភា ឆ្នាំ២០២១ នឹងរៀបចំធ្វើពិធីក្រុងពាលីបើកការសាងសង់ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ