• បំរាម និងការអនុញ្ញាតមួយចំនួនសម្រាប់អ្នករស់នៅ «តំបន់លឿង» ខណៈតំបន់លឿងនៅមានបំរាមគោចរចាប់ពីម៉ោង៨យប់ ដល់ម៉ោង៣ភ្លឺ

    (ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានកំណត់ខណ្ឌចំនួន៥ មានតែ «តំបន់លឿង» ពោលគ្មាន «តំបន់លឿងទុំ» និង «តំបន់ក្រហម» ប៉ុន្ដែបានកំណត់នៅបំរាមមួយចំនួន សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌទាំង៥ ត្រូវបន្ដអនុវត្តឲ្យបានម៉ឺងម៉ាត់ ដើម្បីចូលរួមទប់ស្កាត់កុំឲ្យជំងឺកូវីដ១៩ កាន់តែរីករាលដាលខ្លាំងឡើង ខណៈអ្នករស់នៅ «តំបន់លឿង» នៅមានបំរាមគោចរចាប់ពីម៉ោង៨យប់ ដល់ម៉ោង៣ភ្លឺ។

    យោងតាមសេចក្ដីសម្រេចការបែងចែកតំបន់ទាំង៣ ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់សាលារាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានកំណត់យកខណ្ឌចំនួន៥ ជា «តំបន់លឿង» គឺគ្មានតំបន់លឿងទុំ និងតំបន់ក្រហម រួមមាន៖ ខណ្ឌចំការមន, ខណ្ឌដូនពេញ, ខណ្ឌសែនសុខ, ខណ្ឌជ្រោយចង្វារ និងខណ្ឌបឹងកេងកង។

    នៅក្នុងសេចក្ដីសម្រេចត្រង់ប្រការ៥ សាលារាជធានីភ្នំពេញ បានចេញបំរាមឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌទាំង៥ ជា «តំបន់លឿង» ត្រូវអនុវត្តនូវបំរាមមួយចំនួន ដូចខាងក្រោមនេះ៖

    * ទី១៖ ការធ្វើចរាចរណ៍គ្រប់ប្រភេទ នៅក្នុងតំបន់លឿង ត្រូវបានអនុញ្ញាតឱ្យប្រព្រឹត្តទៅជាធម្មតា។ ការធ្វើដំណើរចេញពី «តំបន់លឿង» ឆ្លងកាត់ «តំបន់ក្រហម» និង «តំបន់លឿងទុំ» ត្រូវបានអនុញ្ញាតតែក្នុងករណីដែលមានចែងក្នុងចំណុចទី១ នៃប្រការ៣ និងចំណុចទី១ នៃប្រការ៤ នៃសេចក្តីសម្រេចនេះ។

    ដោយឡែក ការចេញទៅក្រៅភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវអនុវត្តតាមសេចក្តីណែនាំលេខ ០៣ សណន ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។

    * ទី២៖ សកម្មភាពការងារ មុខរបរ និងអាជីវកម្មគ្រប់ប្រភេទនៅក្នុង តំបន់លឿង” ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការជាធម្មតា លើកលែងតែសាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូ តែក និងបៀហ្គាឌិន រមណីយដ្ឋាន និងសួនកម្សាន្តនានាអាជីវកម្មម៉ាស្សា ហាងលក់និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្តែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

    រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេច ហាមឃាត់សកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ដោយយោងតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលបើកដំណើរការនៅក្នុង «តំបន់លឿង» ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើ
    អនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត

    * ទី៣៖ ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានលក្ខណៈកុនករកកកុញ ឬ ដែលមានមនុស្សចូលរួមលើសពី ១០ (ដប់) នាក់ ត្រូវបានហាមឃាត់ លើកលែងតែការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ចការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ, ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬ របស់សាលាជម្រះក្តី និងការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬ ក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

    ការហាមឃាត់ខាងលើនេ៖ មិនអនុវត្តចំពោះការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្ស ដើម្បីបំពេញការងារបម្រើឱ្យសកម្មភាពមុខរបរ ឬ អាជីវកម្មដែលត្រូវបានអនុញ្ញាតនៅក្នុង «តំបន់លឿង» ឡើយ។ រាល់សកម្មភាពនៃការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បី សម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលផ្សេងទៀត។

    * ទី៤៖ រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ លើកលែងក្នុងលំនៅឋាន ឬ ទីសំណាក់ជាមួយគ្នា។

    * ទី៥៖ ត្រូវបានអនុវត្តបម្រាមគោចរនៅ «តំបន់លឿង» ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោនម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៣ (បី) លើកលែងតែក្នុងករណី ដូចតទៅ៖

    – ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមានសមត្ថកិច្ចអនុវត្តវិធានការនានាក្នុងអំឡុងពេលបិទខ្ទប់ ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម
    – ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់
    – មូលហេតុចាំបាច់និងបន្ទាន់ក្នុងគ្រួសារ
    – ការដឹកជញ្ជូនទំនិញ
    – ការដឹកជញ្ជួនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ
    – ទីតាំងផលិតនិងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែន
    – ទីតាំងផលិតនិងផ្គត់ផ្គង់មី
    – ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ
    – សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន
    – ឱសថស្ថានី
    – សេវាពន្លត់អគ្គិភ័យ
    – សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត
    – សេវាបម្រើប្រតិបត្តិការផ្នែកទូរគមនាគមន៍
    – ស្ថានីយ៍ប្រេងឥន្ធនៈ-ហ្គាស
    – សេវាសណ្ឋាគារ និងផ្ទះសំណាក់
    – ករណីចាំបាច់ និងសេវាសាធារណៈចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

    * ទី៦៖ ផ្សារ ទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវលក់ដូរជាលក្ខណៈវេចខ្ចប់ ហើយរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងត្រួតពិនិត្យនៅតាមទីកន្លែងទាំងនោះ និងត្រូវហាមឃាត់មិនឱ្យបើកដំណើរការ ចំពោះទីតាំងណាដែលមិនរៀបរយ ឬ មានហានិភ័យខ្ពស់ក្នុងការចម្លង និងឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

    * ទី៧៖ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវអនុវត្តការហាមឃាត់ ឬ ផ្អាកជាដាច់ខាតនូវរាល់ទីតាំងសកម្មភាពការងារមុខរបរ ឬ អាជីវកម្ម ដែលត្រូវបានអនុញ្ញាតស្របតាមចំណុចទី២ នៃប្រការ៥ នៃសេចក្តីសម្រេចលេ៖ នៅពេលដែលទីកន្លែង នៃសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មនោះ ជាពិសេសផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវបានរកឃើញ ឬ មានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លើកលែងតែចំពោះទីតាំងសកម្មភាពការងារដែលទាក់ទងនឹងសេវាពន្លត់អគ្គិភ័យ សេវាផ្គត់ផ្គង់អគ្គិសនី សេវាផ្គត់ផ្គង់ទឹកស្អាត សេវាបម្រើប្រតិបត្តិការផ្នែកទូរគមនាគមន៍ សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល ឱសថស្ថាន ទីតាំងផលិត និងផ្គត់ផ្គង់
    អាល់កុល និងអុកស៊ីហ្សែន ទីតាំងផលិតនិងផ្គត់ផ្គង់មី ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ និងទីតាំងឃ្លាំងស្តុក ទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតា បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការ ផ្នែកសុខាភិបាល ក្នុងការកំណត់អ្នកពាក់ព័ន្ធ ដែលត្រូវយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ករួចរាល់។

    រាល់ទីតាំង នៃសេវាកម្មដែលត្រូវបានលើកលែង និងអនុញ្ញាតឱ្យបើកដំណើរការនេះ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវ វិធានការសុខាភិបាលរួមមាន ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ