អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល ឯកឧត្ដម ហុក គឹមចេង បានបញ្ជាក់ថា មូលហេតុចម្បងៗចំនួន២ ដែលធ្វើឲ្យតួលេខនៃឆ្លងមានការកើនឡើង គឺដោយសារប្រើម៉ាស៊ីនតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩។
ម៉ាស៊ីនតេស្តរហ័ស SARS-CoV-2 Rapid Antigen Test គឺមានសមត្ថភាពអាចរកឃើញអ្នកមានវិជ្ជមាន ឫអវិជ្ជមានក្នុងរយៈពេល១៥នាទី ក្រោយធ្វើតេស្តរួច និងបានបញ្ជូនវត្ថុសំណាកទៅមន្ទីរពិសោធន៍។ ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមគឺជាតំបន់ហានិភ័យខ្ពស់អាត្រានៃការតេស្តរកអ្នកឆ្លងវីរុសកូវីដ-១៩ ពី១០ភាគរយ ឬលើស១០ភាគរយទៅទៀត ។
ម៉្យាងទៀត ដោយសាររាជរដ្ឋាភិបាល ពិសេសអាជ្ញាធរចេញវិធានការបិទខ្ទប់តំបន់មានហានិភ័យខ្ពស់បានទាន់ពេលវេលា ទើបយើងអាចមានលទ្ធភាពតេស្តរកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត។ ទាំងនេះសុទ្ធតែមូលហេតុដែលធ្វើឲ្យតួលេខ នៅតែមានចំនួនច្រើន៕