(អាមេរិក)៖ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះថា កំពូលមហាសេដ្ឋី Bill Gates និងលោកស្រី Melinda Gates បានប្រកាសរួមគ្នាតាមរយៈគណនី Twitter របស់ពួកគេដោយសម្រេចបញ្ចប់អាពាហ៍ពិពាហ៍ បន្ទាប់ពីរស់នៅជាមួយគ្នារយៈពេល២៧ ឆ្នាំ។
សេចក្តីថ្លែងការណ៍បានសរសេរថា «បន្ទាប់ពីបានគិតគូរយ៉ាងហ្មត់ចត់ លើទំនាក់ទំនងរបស់យើង យើងបានសម្រេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកយើង»។
កំពូលមហាសេដ្ឋី Bill Gates បច្ចុប្បន្នឆ្នាំ២០២១នេះ មានទ្រព្យសម្បត្តិ ១២៩.៩ពាន់លានដុល្លារ។ គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក។
សូមជំរាបថា កាលពីឆ្នាំ២០០០ លោក Bill Gates បានបង្កើតអង្គការមនុស្សធម៌រួមគ្នា គឺមូលនិធិ Bill និង Melinda Gates។ ចាប់តាំងពីពេលនោះមកមូលនិធិនេះបានចំណាយថវិកាចំនួន៥៣,៨ពាន់លានដុល្លារ លើគំនិតផ្តួចផ្តើមជាច្រើនទាក់ទងនឹង សុខភាពពិភពលោក ការកាត់បន្ថយភាពក្រីក្រ និងសកម្មភាពការងារជាច្រើនទៀត។