• ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដាក់ឲ្យដំណើរការជាផ្លូវការគេហទំព័រថ្មី នៃសេវាការងារសាធារណៈ

    (ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកឲ្យដំណើរការជាផ្លូវការ គេហទំព័រនៃ «ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៉ីនធើរណិត» ដែលមានឈ្មោះថា www.nea.gov.kh បន្ទាប់ពីត្រូវបានអភិវឌ្ឍរួមគ្នា និងកែលម្អឲ្យកាន់តែប្រសើរឡើង ក្រោមក្របខណ្ឌជំនួយអភិវឌ្ឍជាផ្លូវការផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់សាធារណរដ្ឋកូរ៉េជាមិត្ត ដែលបានផ្តល់តាមរយៈក្រសួងការងារ និងមុខរបរកូរ៉េ និងភ្នាក់ងារផ្តល់សេវាប្រព័ន្ធព័ត៌មានការងារកូរ៉េ (ខេ អ៉ី អាយ អេស)។

    ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារតាមអ៉ីនធើរណិតដែលនឹងត្រូវដាក់ឲ្យដំណើរនេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យការងារកម្ពុជា ដែលនឹងផ្តល់ដល់អ្នកប្រើប្រាស់ ភាគីពាក់ព័ន្ធ ទាំងអស់ និងសាធារណជននូវគេហទំព័រការងារជំនាន់ថ្មី សម្រាប់ដាក់ពាក្យស្វែងរកការងារ, ប្រកាសជ្រើសរើសកម្លាំងពលកម្ម, ធ្វើសម្ភាសការងារតាមអនឡាញ, ប្រឹក្សាយោបល់អាជីព, និងស្វែងរកព័ត៌មានពាក់ព័ន្ធស្ថិតិទីផ្សារការងារជាច្រើនទៀត កាន់តែងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា បំប្រួមគម្លាត បំបែករបាំងខកខានការងារ ព្រមទាំងអាចប្រើប្រាស់សេវានេះពីគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។

    ថ្លែងក្នុងពិធីដាក់ឲ្យដំណើរជាផ្លូវការគេហទំព័រថ្មីនៃសេវាការងារថ្មីនេះ បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា សម្រាប់អ្នកប្រើប្រាស់សេវា និងសាធារណជនទាំងអស់ក៏អាចប្រើប្រាស់ប្រព័ន្ធសេវាការងារថ្មីនេះ ដើម្បីចូលរួមពិព័រណ៍ការងារថ្នាក់ជាតិ ថ្នាក់មូលដ្ឋាន និងវេទិកាការងារ ការប្រឹក្សាយោបល់អាជីព និងការងារ សំដៅពង្រីកវិសាលភាព នៃតម្រូវការ តាមលក្ខខណ្ឌរបស់ខ្លួន និងទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីការផ្តល់សេវាតាមបច្ចេកវិទ្យាជំនាន់ថ្មី។ តាមរយៈយន្តការផ្តល់សេវានេះ រហូតដល់ឆ្នាំ២០២៣ ខាងមុខ NEAបានដាក់ចេញនូវផែនការ ដើម្បី សម្រេចគោលដៅសំខាន់ៗដូចជា៖ គ្រោងប្រមូលព័ត៌មានជ្រើសរើសកម្លាំងពលកម្ម ៥៤ម៉ឺន ៩ពាន់កន្លែង, ចុះឈ្មោះអ្នកស្វែងរកការងារ ១១ម៉ឺន នាក់, អ្នកទទួលបានការងារផ្ទាល់ ៤ម៉ឺន ១ពាន់នាក់, និងបង្កើនចំនួនអ្នក ចូលប្រើប្រាស់គេហទំព័រថ្មីឲ្យដល់ចំនួន ២លាន ៦សែន។

    លោករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការដាក់ឲ្យដំណើរការ «ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៉ីនធើរណិត-វើកណិត» នាពេលនេះ គឺចំពេលដែលស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងបង្កហានិភ័យ និងគំរាមកំហែងដល់សុខភាព អាយុជីវិត សេដ្ឋកិច្ចសង្គម និងទីផ្សារការងារកម្ពុជា។ កត្តានេះបានបង្កការរំខានដល់ដំណើរការផ្តល់សេវាការងារតាមលំនាំដែលធ្លាប់អនុវត្តពីមុនមក គឺការជួបមុខផ្ទាល់, ការចូលរួមព្រឹត្តិការណ៍ការងារ និងការប្រាស្រ័យជួបជុំជាក្រុមធំរវាងនិយោជក និងអ្នកស្វែងរកការងារ ហើយបានតម្រូវឲ្យការចាប់យកនូវវិធីសាស្ត្រថ្មីដែលអាចរក្សាគម្លាតសុវត្ថិភាព រក្សាអនាម័យ បង្ការការឆ្លងជំងឺ និងបន្តរក្សាលំនឹងទីផ្សារការងារក្នុងគ្រាមានវិបត្តិ តាមយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងការផ្តល់សេវាការងារជាជំនួសវិញ។

    ប្រព័ន្ធផ្តល់សេវាការងារនេះនឹងដើរតួជាអន្តរការីដ៏សំខាន់បំផុតដែលជាស្ពានផ្សារភ្ជាប់រវាងឱកាសការងារ និងកម្លាំងពលកម្ម ដែលមានសក្តានុពល ដោយប្រើប្រាស់បច្ចេកវិទ្យាអ៉ីនធើរណិត និងឌីជីថលទំនើប ស្របតាមបរិការណ៍នៃការវិវត្តរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា។ សមិទ្ធផលនៃប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារតាមអ៉ីនធើរណិតនេះនឹងជួយពង្រឹងមុខងារនិងដំណើរ ការផ្តល់សេវាការងារដែលមានស្រាប់របស់ NEA ឲ្យកាន់តែឆ្លើយតបបានល្អ ប្រសើរ ទាន់ពេលវេលា និង បំពេញ តាមតម្រូវការរបស់អ្នកប្រើប្រាស់សេវាកាន់តែពេញចិត្ត សំដៅជំរុញឲ្យទទួលបានជោគជ័យកាន់តែខ្ពស់ក្នុងការ ដាក់ពាក្យស្វែងរកការងារ ផ្គូផ្គងការងារ និងជ្រើសរើសកម្លាំងពលកម្ម។

    NEA មានក្តីរំពឹង យ៉ាងមុតមាំថា៖

    * អ្នកស្វែងរកការងារ អាចចូលមើល ស្វែងរក និងទទួលបានព័ត៌មានជ្រើសរើសកម្លាំងពលកម្ម និងឱកាសកម្មសិក្សាការងារ ស្របតាមតម្រូវការនិងជំនាញរបស់ខ្លួន ព្រមទាំងអាចទទួលការប្រឹក្សាយោបល់អាជីព និងការងារ តាមប្រព័ន្ធអនឡាញ ក៏ដូចជាការត្រៀមខ្លួនចូលទីផ្សារការងារផងដែរ។

    * និយោជក អាចផ្សព្វផ្សាយព័ត៌មានពីតម្រូវការកម្លាំងពលកម្មកាន់តែទូលំទូលាយ ដើម្បីជ្រើសរើសបេក្ខជនដែលស្របតាមតម្រូវការ និងលក្ខខណ្ឌការងារដោយអាចសម្ភាសជ្រើសរើសតាមអនឡាញ និងចូលរួមក្នុងព្រឹត្តិការណ៍ការងារជាច្រើនទៀត។

    * អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អាចទទួលបានព័ត៌មាន ទីផ្សារការងារដើម្បីរៀបចំកម្មវិធីសិក្សា និងផែនការបណ្តុះបណ្តាលជំនាញឱ្យស្របតាមតម្រូវការរបស់ទីផ្សារការងារ ព្រមទាំងអាចផ្សព្វផ្សាយព័ត៌មានអំពីវគ្គបណ្តុះបណ្តាលរបស់គ្រឹះស្ថាន និងកម្មវិធីអាហារូបករណ៍ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ