• ក្រសួងសុខាភិបាល ដាក់ចេញនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ (១៥ទំព័រ)

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបង្ហាញនូវនីតិវិធីប្រតិបត្តិស្តង់ដារគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ បន្ទាប់ទទួលបានអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា នីតិវិធីប្រតិបត្តិស្តង់ដារនេះ បានផ្តោតជាសំខាន់ទៅលើ ការកំណត់លក្ខខណ្ឌ ក្នុងការបិទទីតាំង
    និងតំបន់ក្នុងការអនុវត្តគោលការណ៍ព្យាបាលនៅតាមផ្ទះ ការកំណត់យន្តការ គោលការណ៍អនុវត្តសម្រាប់អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ សម្រាប់អ្នកថែទាំ ការគ្រប់គ្រង សន្តិសុខសណ្តាប់ធ្នាប់នៅតាមគោលដៅ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងគំនិតផ្តួចផ្តើមរួមមួយ ដ៏សំខាន់សម្រាប់ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។

    លោករដ្ឋមន្ត្រីបន្តថា ការរៀបចំបង្កើតនីតិវិធីស្តង់ដារនេះ ត្រូវបានចំណាយពេលវេលាខ្លី ប៉ុន្តែបានប្រមូលគំនិត មតិយោបល់ពីអ្នកជំនាញបច្ចេកទេសដ៏ច្រើន និងផ្អែកទៅលើបទពិសោធន៍ជាក់ស្តែង នៃការគ្រប់គ្រងអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា និងបទពិសោធន៍នៃបណ្តាប្រទេសជាច្រើន ដែលបានជ្រើសរើសយកការព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ។

    លោករដ្ឋមន្ត្រីបន្តថា «ក្នុងនាមក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខ្ញុំសូមថ្លែងអំណរគុណក្រុមការងារផ្នែកវេជ្ជសាស្ត្រ ដែលមានសមាសភាពមកពីក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការពារជាតិ ដែលបានចូលរួមរៀបចំជានីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដ៏មានសារៈសំខាន់នេះឡើង។ ក្រសួងសុខាភិបាលសង្ឃឹមយ៉ាងមុតមាំ ចំពោះកិច្ចសហការដ៏ល្អ ក្នុងការអនុវត្ត និតិវិធីស្តង់សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះនៅគ្រប់មូលដ្ឋានសុខាភិបាល»។

    លោកបន្តថា ក្រសួងនឹងធ្វើការបណ្តុះបណ្តាលក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះចាប់ពីពេលនេះតទៅ។

    សូមជម្រាបថា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំថ្មីមួយ ដោយឱ្យក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធគិតគូរ និងរៀបចំទុកជាមុនពីលទ្ធភាពផ្តល់ការព្យាបាលនៅតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពស្រាល។

    សម្តេចតេជោ បានចាត់ទុកនេះ គឺជាការគិតគូរ និងជាការរៀបចំផែនការទុកជាមុន ក្នុងករណីអ្នកជំងឺកើនឡើងកាន់តែច្រើន ហើយមិនអាចមានទីតាំងសម្រាប់ព្យាបាល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ