• ហុងកុង-ម៉ាកាវផ្អាកប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ដោយសារបញ្ហាវេចខ្ចប់

    (ហុងកុង)៖ ទីក្រុងហុងកុង និងម៉ាកាវ នៅថ្ងៃពុធនេះបាននិយាយថាពួកគេបានសម្រេចចិត្តផ្អាកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech បន្ទាប់ពីត្រូវបានគេជូនដំណឹងអំពីបញ្ហាវេចខ្ចប់មួយចំនួន របស់វា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។

    រដ្ឋាភិបាលហុងកុង និងម៉ាកាវបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថាដោយការប្រុងប្រយ័ត្នទុកជាមុន ការចាក់វ៉ាក់សាំង Pfizer-BioNTech នាពេលបច្ចុប្បន្ននេះ ត្រូវតែផ្អាកជាបណ្ដោះអាសន្ន ក្នុងអំឡុងពេលនៃការស៊ើបអង្កេតអំពីបញ្ហាវេចខ្ចប់របស់វា។

    ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីបានទទួលសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុនឱសថវិទ្យាចិន Fosun ដែលកំពុង ចែកចាយវ៉ាក់សាំង Pfizer-BioNTech នេះនៅក្នុងប្រទេសចិនថា «មានភាពមិនល្អឥតខ្ចោះក្នុងការវេចខ្ចប់វ៉ាក់សាំងនេះ»។ ក្រុមអាជ្ញាធរចិន បានប្រកាសឱ្យដឹងថាដបវ៉ាក់សាំង Pfizer-BioNTech ដែលមានលេខ ២១០១០២ ត្រូវបានគេរកឃើញថាការវេចខ្ចប់គឺមានបញ្ហា។

    គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ទីក្រុងហុងកុង និងម៉ាកាវ មិនបានផ្តល់ព័ត៌មានលម្អិតទេថាតើការវេចខ្ចប់វ៉ាក់សាំងមានបញ្ហាអ្វីទេ ប៉ុន្តែទីក្រុងទាំងពីរបានគូសបញ្ជាក់ថាពួកគេមិនជឿថាមានហានិភ័យសុវត្ថិភាពណាមួយនោះទេ។ ពួកគេបានសម្រេចចិត្តបែបនេះដោយ ការប្រុងប្រយ័ត្នទុកជាមុន រហូតដល់ការស៊ើបអង្កេតរបស់ពួកគេត្រូវបានបញ្ចប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ