• ១០ចំណុច ដែលលោកអ្នកគួរស្វែងយល់ ក្រោយពេលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួច

    គិតមកទល់ពេលនេះមានពលរដ្ឋខ្មែរយើង ក៏ដូចជាពលរដ្ឋនៅទូទាំងពិភពលោកជាច្រើននាក់រួចមកហើយ ដែលបានទទួលនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 រៀងៗខ្លួន ដោយអ្នកខ្លះកំពុងទទួលបានដូសទី១ ហើយអ្នកខ្លះក៏ទំនងជាទទួលបានដូសទី២ រួចហើយដែរ។ ប៉ុន្តែមិនថាអ្នកទទួលបានវ៉ាក់សាំងគ្រប់ចំនួនដូសយ៉ាងណានោះទេ វានៅតែមានរឿងខ្លះដែលអ្នកគួរធ្វើ និងមិនគួរធ្វើ ក្រោយពេលដែលអ្នកទទួលបានវ៉ាក់សាំងរួច។ បើតាមកាចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានឱ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានផ្សព្វផ្សាយការណែនាំជាក់លាក់មួយចំនួន ហើយខាងក្រោមនេះគឺជារឿង ១០យ៉ាង ដែលអ្នកគួរដឹងបន្ទាប់ពីអ្នកបានចាក់វ៉ាក់សាំងរួច៖

    ១. អ្នកនៅតែត្រូវការពាក់ម៉ាស់

    ថ្វីបើករណីសរុបជាសកលឥឡូវនេះមានការថយចុះជាងកាលពីខែមករា ប៉ុន្តែសព្វថ្ងៃនេះជំងឺ COVID-19 បំលែងខ្លួនថ្មី គឺមានការឆ្លងរីករាលដាលលឿនជាងមុនទៅទៀត។ ដូច្នេះការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងការរក្សាគម្លាង គឺនៅតែចាំបាច់ជានិច្ចរហូតទាល់តែពលរដ្ឋនៅទូទាំងពិភពលោកចាប់ពី ៧០ ទៅ ៨៥% បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ឬយើងហៅថាជាភាពស៊ាំជាក្រុម (herd immunity) ។

    ២. អ្នកនៅតែអាចឆ្លងជំងឺ COVID-19

    សូមកុំទាន់គិតថាអ្នកនឹងរួចខ្លួននៅពេលដែលទទួលបានវ៉ាក់សាំងបង្ការរួច ហើយនេះជាហេតុផលដែលអ្នកជំនាញប្រាប់លោកអ្នកឱ្យបន្ដពាក់ម៉ាស់ បើទោះបីជាវ៉ាក់សាំងទាំង ៣មុខ ដែលត្រូវបានអនុម័តនៅសហរដ្ឋអាមេរិក សុទ្ធតែត្រូវបានគេបញ្ជាក់ថាមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ហើយអាចកាត់បន្ថយអត្រានៃការស្លាប់យ៉ាងណាក៏ដោយ។ គោលដៅនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គឺកាពារលោកអ្នកពីហានិភ័យស្លាប់ និងធ្លាក់ខ្លួនឈឺធ្ងនធ្ងរ ហើយអ្នកនៅតែអាចឆ្លងដដែលបើធ្វេសប្រហែស។

    ៣. អ្នកនៅតែអាចចម្លងជំងឺទៅអ្នកដទៃ

    អ្នកនៅតែអាចចម្លងជំងឺ COVID-19 ទៅអ្នកដទៃទៀតទោះបីជាឱកាសនៃការឆ្លងតិចតួចក៏ដោយ ហើយចម្លងទៅគេទាំងមិនដឹងខ្លួនផងដែរ ពិសេសគឺលោកអ្នកនឹងចម្លងជំងឺ COVID-19 ទៅអ្នកដែលមិនចាក់វ៉ាក់សាំងបង្ការតែម្ដង។ អ្នកជំនាញក៏មិនទាន់ប្រាកចិត្តដដែរថា តើវ៉ាក់សាំងអាចបង្ការអ្នកជំងឺ COVID-19 ដែលមិនចេញរោគសញ្ញា មិនឱ្យចម្លងទៅមនុស្សដែលមិនចាក់វ៉ាក់សាំងនោះទេ ហើយពួកគេនៅបន្ដសិក្សាពីបញ្ហានេះនៅឡើយ។

    ៤. អ្នកអាចទៅលេងមិត្តភ័ក្ដិ និងអ្នកផ្ទះបាន

    នៅពេលដែលខ្លួនអ្នក មិត្តភ័ក្តិ និងគ្រួសារបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទាំងអស់គ្នា ឱកាសនៃការចម្លងជំងឺទៅគ្នាគឺគ្មានទៀតទេ ហើយពេលនោះអ្នកមិនចាំបាច់ពាក់ម៉ាស់ក៏បាន។ ដូច្នេះអ្នកអាចទៅលេងពួកគេបានយ៉ាងសប្បាយចិត្ត មិនចាំបាច់មានការរក្សាគម្លាតទៀតទេ។ យ៉ាងណាការជួបជុំមនុស្សច្រើន នៅតែមិនត្រូវបានអ្នកជំនាញណែនាំឡើយ។

    ៥. អ្នកមិនចាំបាច់ធ្វើចត្តាឡីស័កពេលចេញក្រៅរួច

    CDC បាននិយាយថា អ្នកមិនចាំបាច់ធ្វើចត្តាឡីស័កក្រោយពេលជួបមនុស្សខាងក្រៅទេ ឱ្យតែអ្នកមិនចេញរោគសញ្ញា។ ប៉ុន្តែប្រសិនបើអ្នកមានការក្អក វិលមុខ ដង្ហើមខ្លីៗ រាក និងចេញរោគសញ្ញាដទៃ អ្នកត្រូវតែទៅធ្វើតេស្ដរកជំងឺ COVID-19 ដូចមនុស្សដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការដែរ។

    ៦. អ្នកត្រូវតែរក្សាកំណត់ត្រានៃការចាក់វ៉ាក់សាំងឱ្យបានត្រឹមត្រូវ

    អ្នកប្រហែលជាត្រូវការកំណត់ត្រានៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅពេលអនាគត នៅពេលដែលអ្នកចេញដំណើរទៅក្រៅ ធ្វើការនៅក្នុងឧស្សាហកម្ម ឬទៅចូលរួមនៅកម្មវិធីធំៗណាមួយ។ ប្រទេសមួយចំនួនបានចាប់ផ្ដើមប្រព័ន្ធបែបនេះរួចហើយ ដើម្បីទប់ស្កាត់ការរីករាលដាលថ្មីពីអ្នកចំណូលថ្មី។ កំណត់ត្រាទាំងនោះនឹងបញ្ជាក់ពីប្រភេទវ៉ាក់សាំងណាមួយដែលអ្នកបានចាក់រួច ដូច្នេះភាគីម្ខាងទៀតនឹងវាយតម្លៃថា តើអ្នកគួរគោរពតាមវិធានការបន្ថែមឬមិនចាំបាច់ទេ។

    ៧​. ការដើរកម្សាន្តនៅតែមិនត្រូវបានលើកទឹកចិត្ត

    ចំនួនអ្នកដំណើរអាចនឹងមានការកើនឡើងនាពេលនេះ ប៉ុន្តែ CDC នៅតែបន្ដប្រឆាំងរាល់ការដើរលេងកម្សាន្ត ទោះបីជាអ្នកបានចាក់វ៉ាក់សាំងក៏ដោយ។ CDC បានពន្យល់ថា ការធ្វើដំណើរដើរលេងកាន់តែច្រើន ឱកាសនៃការចម្លងថ្មីកាន់តែច្រើនដូចដែលយើងធ្លាប់បានដឹង។ ជំង COVID-19 បំលែងថ្មីក៏កាន់តែមានច្រើនជាអន្តរជាតិ ខណៈដែលច្រកទ្វារចេញចូលនេះហើយ គឺជាកន្លែងមានចម្លងករណីថ្មីច្រើនបំផុត។

    ៩. អ្នកអាចទៅរកវេជ្ជបណ្ឌិត ឬពេទ្យធ្មេញបាននៅពេលចាក់វ៉ាក់សាំងរួច

    ពលរដ្ឋអាមេរិកមិនអាចទៅរកវេជ្ជបណ្ឌិត និងពេទ្យធ្មេញរបស់ពួកគេជាយូរមកហើយ ដោយសារតែការរំខានរបស់ជំងឺ COVID-19 ។ ឥឡូវនេះពួកគេបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 បានរាប់លាននាក់ទៅហើយ ដូច្នេះពួកគេអាចបន្ដការទៅជួបវេជ្ជបណ្ឌិត ឬពេទ្យធ្មេញរបស់ពួកគេបាន ដើម្បីបន្ដតាមដានសុខភាពជាប្រចាំឡើងវិញ។

    ១០. អ្នកត្រូវការជំនួយបន្ថែម

    រហូតមកទល់ពេលនេះអ្នកជំនាញនៅតែមិនច្បាស់ទេថា តើវ៉ាក់សាំងមានប្រសិទ្ធភាពបានយូរប៉ុណ្ណា ហើយការសិក្សាសាកល្បងចំនួន ៣ កំពុងចាប់ផ្ដើមនៅសហរដ្ឋអាមេរិក។ ចំណែកឯជំងឺ COVID-19 ផ្ទាល់ក៏មានការបំលែងខ្លួនថ្មីៗជាច្រើន ដែលធ្វើឱ្យភាពស៊ាំនឹងមេរោគមិនអាចដូចគ្នាបានទាំងអស់នោះទេ។ ដូច្នេះយើងទំនងជានឹងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រៀងរាល់ ២ ៣ឆ្នាំម្ដង ដូចជាជំងឺផ្ដាសាយដែរ៕

    Khmernote

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ