• ក្រសួងកិច្ចការនារី ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ឧកញ៉ា ឌួង ឆាយ ដែលប្រើអំពើហិង្សាលើ អតីតភរិយា

    (ភ្នំពេញ)៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះ ឧកញ៉ា ឌួង ឆាយ ដែលបានប្រើអំពើហិង្សាលើអតីតភរិយា គឺអ្នកស្រី ដេត ម៉ាលីណា។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន ទទួលបាន។

    ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចការនារី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងកិច្ចការនារី សូមធ្វើការថ្កោលទោសចំពោះអំពើហិង្សាក្នុងគ្រួសារ ដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា ដែលបានបង្ហោះតាមបណ្ដាញហ្វេសប៊ុក កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ អំពើហិង្សាគ្រប់ទម្រង់ និងគ្រប់រូបភាពណាក៏ដោយ ជាអំពើដែលមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបានទេ ហើយជនរងគ្រោះ កូន និងអ្នកពាក់ព័ន្ធត្រូវទទួលបានកិច្ចការពារដោយច្បាប់ និងសេវាសង្គម ហើយជនប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។

    បើតាមក្រសួងកិច្ចការនារី, អំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងចំពោះមុខកូនស្រីប្រុសជាកុមារ ដោយផ្ទាល់ និង/ឬ ដោយប្រយោលក្តី នឹងបង្កផលប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំងលើសតិអារម្មណ៍ បញ្ញាស្មារតី ព្រមទាំងការលូតលាស់ទាំងសុខភាព រូបរាងកាយ និងផ្លូវចិត្តរបស់កុមារ ជាពិសេសការដិតដាមនូវអំពើហិង្សាធ្ងន់ធ្ងរ ជាកត្តាជំរុញឱ្យកុមារនឹងអាចក្លាយទៅជាអ្នកប្រើប្រាស់អំពើហិង្សានៅពេលដែលពួកគេធំដឹងក្តី។ ផ្ទុយទៅវិញ ឪពុក ម្តាយ មានកាតព្វកិច្ចជួយសង្គ្រោះគ្នា ឧបត្ថម្ភគ្នាទៅវិញទៅមកនិងធ្វើជាគំរូដល់កូនៗក្នុងការដោះស្រាយបញ្ហាតាមបែបអហិង្សា ព្រមទាំងមានកាតព្វកិច្ចចិញ្ចឹមបីបាច់ ថែរក្សា និងអប់រំកូនៗ ឱ្យក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិដោយគោរពតាមស្មារតីនៃច្បាប់ ប្រពៃណី និងទំនៀមទម្លាប់ ជាពិសេស ត្រូវចូលរួមលើកកម្ពស់ និងការពារសិទ្ធិស្រ្តី និងកុមារ។

    សូមជម្រាបថា កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ អ្នកស្រី ដេត ម៉ាលីណា បានបង្ហោះវីដេអូតាមបណ្ដាញហ្វេសប៊ុក ដោយបង្ហាញពីសកម្មភាព ដែលឧកញ៉ា ឌួង ឆាយ ប្រើអំពើហិង្សាមានការវាយតប់ជាខ្លាំង។ បន្ទាប់មក នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ឧកញ៉ា ឌួង ឆាយ បានបកស្រាយតាមបណ្តាញសង្គមវិញថា មូលហេតុដែលខ្លួនវាយអតីតភរិយា ដោយសារតែនាងបង្ខំឲ្យទៅគ្រៀវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ