• ការពិនិត្យសុខភាពបឋម និងការស្កែន QR Code នឹងបន្តរឹតបន្ដឹងចំពោះអ្នកដំណើរ ចូលខេត្តសៀមរាប

    (សៀមរាប)៖ អស់រយៈពេលមួយសប្ដាហ៍មកហើយ ដែលរដ្ឋបាលខេត្តសៀមរាប បានដាក់ក្រុមការងារពិនិត្យសុខភាពបឋម និងបំពាក់ឧបករណ៍ស្កែន QR Code នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ ដើម្បីពិនិត្យសុខភាពអ្នកចូលទៅខេត្តសៀមរាប។

    ទោះបីស្ថានការណ៍នៅខេត្តទេសចរណ៍មួយនេះមិនទាន់មានការរីករាលដាលធ្ងន់ធ្ងរក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈយ៉ាងណាក្ដី តែក្រុមការងារប្រចាំការនៅទីនោះ បន្តរឹតបន្ដឹងត្រួតពិនិតសុខភាពអ្នកដំណើរចូលទៅខេត្តសៀមរាប។

    យោងតាមការចុះផ្សាយក្នុងផេកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាបនាយប់ថ្ងៃទី១៥ មីនានេះ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី៩ ដល់ ១៤ ខែមីនា ឆ្នាំ២០២១ ក្រុមការងារពិនិត្យសុខភាពបឋម និងស្កែន QR Code Stop COVID-19 នៅគោលដៅព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ (ស្រុកជីក្រែង-ស្រុកស្ទោង) បានពិនិត្យលើអ្នកដំណើរឆ្លងកាត់សរុបចំនួន ១០,៥៩០នាក់ ក្នុងនោះបានស្កែន QR Code ចំនួន ៣៨៦៤នាក់ និងអ្នកចុះឈ្មោះ ៦,៧២៦នាក់។

    ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តសៀមរាប លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានជនសង្ស័យផ្ទុកជំងឺកូវីដ១៩ ក្នុងខេត្តសៀមរាប បានណែនាំដល់ក្រុមការងារពិនិត្យសុខភាពបឋម និងស្កែន QR Code Stop COVID-19 នៅគោលដៅព្រំប្រទល់ខេត្តសៀមរាប ខេត្តកំពង់ធំ បន្តយកចិត្តទុកដាក់ខ្ពស់ ដោយរឹតបន្តឹងការពិនិត្យឲ្យបានហ្មត់ចត់ ចំពោះអ្នកដំណើរដែលបានចាកចេញ ឬឆ្លងកាត់តំបន់ ដែលកំពុងរីករាយដាលការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍កើនឡើង មកកាន់ខេត្តសៀមរាប។

    បន្ថែមពីនេះ រដ្ឋបាលខេត្ត ក៏បានទទូចស្នើសុំអ្នកធ្វើដំណើរឆ្លងកាត់គោលដៅនេះ ត្រូវបន្ថយល្បឿន និងសហការជាមួយក្រុមការងារ ព្រមទាំងចូលរួមអនុវត្តតាមវិធានការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល។

    គួរបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៥ មីនានេះ ខេត្តសៀមរាប មានករណីវិជ្ជមានកូវីដ១៩ម្នាក់ គឺស្រ្ដីអាយុ ៣២ឆ្នាំ មានស្រុកកំណើតនៅស្រុកពួក ដែលវិលត្រឡប់ពីធ្វើការនៅខេត្តព្រះសីហនុ។

    ក្រុមគ្រូពេទ្យបានបញ្ជាក់ពីជំងឺកូវីដ១៩លើស្រ្ដីរូបនេះនៅថ្ងៃទី៨ ខែមីនា ហើយថ្ងៃបន្ទាប់សមាជិកគ្រួសារ និងអ្នកពាក់ព័ន្ធជាច្រើននាក់ត្រូវបានយកសំណាកទៅពិនិត្យ តែលទ្ធផលអវិជ្ជមានទាំងអស់។ យ៉ាងណាក៏ដោយចុះ បច្ចុប្បន្នពួកគេទាំងនោះ បន្តការតាមដានសុខភាពជាប់ជានិច្ច៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ