• ឱក សុគន្ធ​កញ្ញា៖ ខ្ញុំ និង​ក្រុម​គ្រួសារ មិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ គឺនៅតែមានសុខភាពល្អធម្មតា

    ប្រិយមិត្ត​ជា​ច្រើន​បាន​ផ្ញើ​សារ​ចង់​អំពី​សុខ​ទុក្ខ និង​សុខភាព​របស់ ឱក សុគន្ធ​កញ្ញា ចាប់​តាំង​ពី​មាន​ព័ត៌មាន​ថា នាង និង​ក្រុម​គ្រួសារ​មាន​ជាប់​សង្ស័យ​ជាមួយ​ករណី​កូវីដ១៩​ដែល​បាន​រាល​ដាល​នៅ​ក្នុង​ផលិតកម្ម​ហង្សមាស ធ្វើ​ឲ្យ​មិត្ត​រួម​ទ្រនំ​ជា​ច្រើន​បាន​ឆ្លង។

    ករណី​សង្ស័យ​នោះ ដំបូង​ឡើយ មាន​ចចាមអារ៉ាម​ថា សុគន្ធ​កញ្ញា និង​ក្រុម​គ្រួសារ​បាន​ភ្លាត់​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​កាច​សាហាវ​នោះ​ដែរ​ទៅ​ហើយ។ ប៉ុន្តែ​ភ្លាម​ៗ សាមី​ខ្លួន​បាន​ចេញ​មុខ​បញ្ជាក់​ពី​ករណី​នេះ នាង​មិន​រង​ការ​ឆ្លង​ជំងឺ​សាហាវ​ដូច​ចចាមអារ៉ាម​នោះ​ទេ។ បន្ថែម​ពី​លើ​នេះ កញ្ញា ថែម​ទាំង​បញ្ចេញ​លទ្ធផល​ធ្វើ​តេស្ត​លើក​ទី​១​របស់​នាង​ទៀត​ថា អវិជ្ជមាន​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី ១០ មីនា។

    ទោះ​យ៉ាង​ណា សាមី​ខ្លួន​បាន​អះអាង​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​មក ប្រិយមិត្ត​របស់​នាង​ជា​ច្រើន​នៅ​តែ​ផ្ញើ​សួរ​សុខ​ទុក្ខ និង​ចង់​ដឹង​ពី​ស្ថានភាព​សុខ​ភាព​របស់​នាង​នា​ពេល​បច្ចុប្បន្ន។ ដូច្នេះ​ហើយ នៅ​ថ្ងៃ​នេះ គេ​ឃើញ​តារា​ស្រី បាន​ចេញ​មក​បញ្ជាក់​ជា​ថ្មី។ “នាង​ខ្ញុំសូមជូន​ដំណឹងថា​សុខភាព​របស់នាង​ខ្ញុំ និង​ក្រុម​គ្រួសារ មិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ គឺនៅតែមានសុខភាពល្អធម្មតា”។

    កញ្ញា ប្រាប់​បន្ត​ថា នាង​កំពុង​ស្ថិត​អំឡុង​ពេល​រង់ចាំ សម្រាប់​ការ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ​១៩​តំណាក់​កាល​ទី​២​បន្ត​ទៀត ដើម្បី​ឲ្យ​ប្រាកដ​ថា នាង​មាន ឬ​មិន​មាន​មេរោគ​កំណាច​នេះ។

    ត្រឹម​រយៈ​ពេល​១​សប្ដាហ៍ គេ​រក​ឃើញ​ថា មាន​សិល្បករ ហង្សមាស​ជា​ច្រើន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កូវីដ១៩ ដែល​បាន​ផ្ទុះ​នៅ​ក្នុង​ស្ថានីយ​កាល​ពី​ថ្ងៃ​ទី ៨មីនា ដែល​បង្ខំ​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ដ៏​ធំ​នេះ បង្ខំ​ចិត្ត​ផ្អាក​ដំណើរ​ការ​កម្មវិធី​សំខាន់​ៗ​មួយ​ចំនួន។ សិល្បករ​ដែល​រក​ឃើញ​វិជ្ជមាន មាន អ្នក​នាង ចាន់ កែវ​និមល ណុប បាយ៉ារិទ្ធិ សុគន្ធ និសា វី ឌីណែត គ្រូ​ភ្លេង សាន់ សុវណ្ណឌីន និង​លោក ប៉ ។

    ក្រៅ​ពី​នេះ សុខ ស្រី​នាង ផន ស្រី​ខួច កែវ សុបញ្ញា ជា​ដើម បាន​និង​កំពុង​ធ្វើចត្តាឡីស័ក​នៅ​ផ្ទះ និង​ត្រៀម​សម្រាប់​ការ​ធ្វើ​តេស្ត​លើក​ទី​២​រក​មេរោគ​កូវីដ១៩​ដូច ឱក សុគន្ធ​កញ្ញា ដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ