• សម្ថកិច្ចរកឃើញ កន្លែងកែភេទនៅភ្នំពេញ អាចកែពីប្រុសទៅស្រី ពីស្រីទៅប្រុស

    រកឃើញទីតាំង២កន្លែង ដែលមានសមត្ថភាពអាចវះកាត់ប្តូរភេទពីបុរស ទៅជាស្ត្រី និងពីស្ត្រីទៅជាបុរសដែលគ្លីនិក១កន្លែងមានឈ្មោះ GANGNAM BEAUTY & CLINICS និង១កន្លែងទៀត មជ្ឈមណ្ឌលថែរក្សាសម្ផស្ស ដុកទ័រកាង។ បច្ចុប្បន្នគ្លីនិកទាំង២ ត្រូវបានសមត្ថកិច្ចចុះឆែកឆេរ ហើយបានរកឃើញនូវសម្ភារៈ ក៏ដូចជាថ្នាំពេទ្យខុសច្បាប់១ចំនួនធំ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ សរីរាង្គប្រដាប់ភេទរបស់មនុស្សប្រុសដែលបានវះកាត់រួច បានច្រកទុកក្នុងដបជាច្រើន មិនដឹងទុកប្រើការលើអ្វីនោះទេ។

    គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងកាត់កែអវយវ:ភេទរបស់ប្រជាពលរដ្ឋខ្មែរដើម្បីយកទៅជួញដូរ និងប្រើប្រាស់ឱសថមិនត្រឹមត្រូវសង្ស័យថាក្លែងក្លាយ ការប្រើប្រាស់ឱសថមិនមានការអនុញ្ញាត មិនមានគុណភាព ដែលសង្ស័យធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ និង មិនមានប្រភពច្បាស់លាស់ពីរកន្លែង ដែលជ្រកក្រោមស្លាកកែសម្ផស្ស។

    ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលពី លោក មុត តារា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនេះ ទី១៖ឈ្មោះ GANGNAM BEAUTY & CLINICS ស្ថិតនៅសង្កាត់ទំនប់ទឹក ក្បែរស្ថានទូតចិន ខណ្ឌបឹងកេងកង និងទី២៖ ឈ្មោះមជ្ឈមណ្ឌលថែរក្សាសម្ផស្ស ដុកទ័រកាង ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បានបញ្ជាក់ថា ការចុះឆែកឆេរនៅទីតាំងលួចកែអវយវ:ភេទនេះ គឺបានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញធ្វើការស៊ើបអង្កេតឃើញថា ម្ចាស់ទីតាំងកែអវ:យវ:ភេទនេះ បានលួចនាំឱសថខុសច្បាប់ជាច្រើន មកពីក្រៅប្រទេស ហើយបានលួចកែអវយវ:ភេទពីបុរសទៅស្រ្តី ពីស្រ្តីទៅបុរសដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ខណៈការកែអវ:យវ:ភេទនេះ គឺមានលក្ខណៈទ្រង់ទ្រាយធំផងដែរ។

    ក្រោយចុះប្រតិបត្តិការ អាជ្ញាធរបានធ្វើការឃាត់ខ្លួន និងសួរចំលើយនូវម្ចាស់ទីតាំង ដែលជាជនជាតិវៀតណាម និងបុគ្គលជាខ្មែរ និងជនជាតិវៀតណាមមួយចំនួនផងដែរ ហើយអ្នកជាប់ពាក់ព័ន្ធ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់។

    គួរជម្រាបថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរ រហូតដល់បិទនូវទីតាំងកែអវយវ:ភេទនេះ គឺមន្រ្តីបានរកឃើញឱសថជាច្រើនម៉ាក ដែលខុសច្បាប់ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល សម្ភារ:វះកាត់ រួមទាំងអវយវៈភេទបុរស ដែលបានកាត់ដើម្បីប្តូរភេទទៅជាស្រ្តីមួយចំនួន។ ដោយឡែកសម្ភារដែលរឹបអូសបាននេះ នឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត ។

    អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ សរីរាង្គប្រដាប់ភេទរបស់មនុស្សប្រុសដែលបានវះកាត់រួច បានច្រកទុកក្នុងដបជាច្រើន មិនដឹងទុកប្រើការលើអ្វីនោះទេ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ