• បេក្ខនារី​វគ្គផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធីពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart៖ កុមារ​គ្រប់រូបមាន​សិទ្ធិស្មើ​គ្នា​ក្នុងការ​ទទួលបានការអប់រំ​ប្រកបដោយ​គុណភាព

    ភ្នំពេញ ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១៖ ការ​ជួយ​​សិស្ស​ក្រីក្រឱ្យ​ទទួលបាន​ការ​អប់រំដោយ​ឥត​គិតថ្លៃ គឺ​ជា​អំពើ​​ល្អ​មួយ​ដែល​ជួយ​ឱ្យ​អ្នក​គ្រូ​ ឯក ចិន្តាមុនី ​ដែលជា​ស្ថាបនិក​សាលា​ឯកជន​មួយ​នៅ​រាជធានីភ្នំពេញ ទទួល​បាន​ការ​​ជ្រើស​​តាំង​ជា​បេក្ខនារី​ម្នាក់​ក្នុង​​​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart។

    ឥឡូវនេះ អ្នក​គ្រូ​បាន​ជាប់​ជា​បេក្ខនារីម្នាក់​ក្នុង​ចំណោមបុគ្គល​ដែល​​​ត្រូវ​បានជ្រើសតាំង ១០​នាក់សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃកម្មវិធីពាន​រង្វាន់​ពលរដ្ឋគំរូនេះ ហើយ​ប្រសិនបើអ្នកគ្រូ​ត្រូវបានគេជ្រើសរើសជាអ្នកទទួលជ័យលាភី អ្នកគ្រូ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ចំនួន ១ម៉ឺនដុល្លារ។ ​​​​

    មុន​ពេល​បើក​ដំណើរការ​សាលារៀន​នេះ អ្នក​គ្រូ​ធ្លាប់​បម្រើការ​ងារ​ជាបុគ្គលិក​របស់​អង្គការមិនមែនរដ្ឋាភិបាល​​អស់​រយៈពេល ១៥​ឆ្នាំ ដែល​​ធ្វើការជាមួយ​យុវជន​នៅ​តាម​ខេត្ត​ផ្សេងៗ។ ​ក្នុង​ពេលនោះ អ្នក​គ្រូ​សង្កេត​ឃើញ​មាន​យុវជន​ជា​ច្រើន​​ដែល​បោះ​បង់​ការ​សិក្សា​នៅ​​ថ្នាក់​វិទ្យាល័យ ឬគ្មាន​​ឱកាស​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​មហា​វិទ្យាល័យ​។

    អ្នក​គ្រូ​បានថ្លែង​ថា ការដែល​បាន​​មើល​ឃើញស្ថានភាពបែប​នោះ​បាន​​ប៉ះទង្គិច​ចិត្ត​របស់គាត់ ដោយសារ​គាត់​មាន​ឱកាស​ទទួលបាន​ការអប់រំ ប៉ុន្តែយុវជនទាំង​នោះ​​​​ខ្លះ​បោះ​បង់ការសិក្សា​ថ្នាក់ទី៨​ ហើយ​យុវជន​​ខ្លះ​ទៀត​បាន​រៀន​ចប់ថ្នាក់​ទី​១២​ ប៉ុន្តែ​មិន​មាន​​​លទ្ធភាព​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​​​មហា​វិទ្យាល័យដោយសារ​ជីវភាព​គ្រួសារ។

    អ្នកគ្រូ​ ចិន្តាមុនី ​មាន​ប្រសាសន៍​​ថា៖ “ខ្ញុំ​ចង់ឃើញ​យុវជន​និង​ប្រជាពលរដ្ឋ​ខ្មែរគ្រប់រូប​​មាន​ឱកាស​ទទួល​បាន​ការ​​អប់​រំ​ដូច​គ្នា”។

    បន្ទាប់​ពីបាន​លា​ឈប់​ពី​អង្គការ នៅ​ក្នុង​ឆ្នាំ​២០១៧ អ្នក​គ្រូ ឯក ចិន្តាមុនី រួម​ជាមួយ​នឹង​មិត្តភក្តិ ២នាក់​ផ្សេង​ទៀត​បាន​បង្កើត​សាលា​​​មួយ​ឈ្មោះថា សាលា​ចំណេះទូទៅ និង​បច្ចេកទេស​ឯកជន​អេស៊ីធី (ACT) ដែល​បង្រៀន​​​ចំណេះទូទៅ​ចាប់​ពីថ្នាក់​ទី១ ដល់ថ្នាក់ទី​១២  និង​បច្ចេកទេសសម្រាប់ថ្នាក់ទី១០ ដល់ទី​១២។​ ​សព្វថ្ងៃ​មាន​សិស្ស​ប្រហែលជិត ២០០​នាក់​។

    ក្រៅពីសិស្ស​ត្រូវ​បង់ថ្លៃ​សិក្សា សាលា​បាន​ផ្តល់​អាហារូបករណ៍​ដល់សិស្សក្រីក្រ​ក្នុង​អត្រា​ពី ២៥% ទៅ ១០០% ដោយ​សព្វថ្ងៃ​មាន​សិស្ស​ទទួលបានអាហារូបករណ៍​ចំនួន ៧០​នាក់​ក្នុង​ចំំណោម​សិស្ស​ជិត ២០០​នាក់។ សិស្ស​ចាំបាច់ត្រូវ​ប្រលងដើម្បី​ទទួលបានអាហារូបករណ៍នេះ។

    ក្រៅ​ពីអាហារូបករណ៍ សាលា​ក៏មាន​កញ្ចប់​ជំនួយផងដែរ ​ដើម្បី​ជួយ​សិស្ស​ក្រីក្រ​​ឱ្យ​ទទួលបាន​​​ការ​សិក្សា​ដោយ​ឥត​បង់​ថ្លៃ ឬ​បង់ថ្លៃ​ទៅ​តាម​​លទ្ធភាព​របស់​គ្រួសារ​សិស្ស។

    អ្នកគ្រូបានថ្លែងថា៖ “ពួកគេ​បង់​ថ្លៃ​សិក្សា​ទៅតាម​លទ្ធភាពដែល​ពួក​គាត់​អាច​បង់​បាន ទោះបី​ពួកគេបង់ថ្លៃ​សិក្សា ៥ដុល្លារ ឬ​ ១០​ដុល្លារ​ក្តី ព្រោះ​ខ្ញុំ​ចង់​ឱ្យ​ពួកគេ​ដាក់​ទុនក្នុងការ​សិក្សា​របស់​ពួកគេ”។

    ទាក់ទង​នឹង​ថវិកា​ដែល​ចំំណាយ​លើ​ការ​ផ្តល់អាហារូបករណ៍ អ្នកគ្រូ​បានប្រើប្រាស់ប្រាក់ចំណូល​របស់សាលា​ និង​ប្រាក់​ឧបត្ថម្ភ​និងជំនួយ​ពី​មិត្ត​ភក្តិ​នៅក្រៅ​ប្រទេស​មួយចំនួន និង​​ប្រាក់ចំណូល​ពីការ​លក់​គីមឈីដែល​ជា​​​​អាជីវកម្មមួយដែល​អ្នក​គ្រូ​បាន​បង្កើត​ឡើង​​ក្នុងឆ្នាំ​២០១៦។

    អ្នក​គ្រូ​និងក្រុមការងារ​​ក៏កំពុង​ស្វែងរក​អ្នក​ឧបត្ថម្ភទាំង​ក្នុង​ប្រទេស និងក្រៅប្រទេស​ផងដែរ ដើម្បី​ជួយ​ដល់​សិស្ស​ក្រីក្រ។ ​

    នាយក​សាលា​ និង​ជា​ស្ថាបនិករូបនេះ​បាន​​បន្ថែម​​ថា ការ​ជួយ​​កុមារដែលជួប​ការលំបាក​និងក្រី​ក្រ​ឱ្យ​ទទួល​បាន​ការ​​រៀនសូត្រ​​គឺជា​ក្តីប្រាថ្នា​ដែលគាត់​ចង់​ធ្វើ ហើយ​គាត់​​ក៏ចង់​ឃើញ​កុមារ​ទាំង​អស់​ទទួលបាន​ឱកាស​ស្មើៗ​គ្នា​ដើម្បី​​ទទួលបានការអប់រំប្រកបដោយ​គុណភាព។

    អ្នក​គ្រូ​បានថ្លែងថា៖ “ខ្ញុំ​ស្រលាញ់​ប្រជាជាតិកម្ពុជា​ដែលជាជាតិ​សាសន៍របស់ខ្ញុំ ហើយ​ខ្ញុំ​គិត​ថា​កុមារ​គ្រប់​រូប​គាត់​​មាន​សិទ្ធិស្មើរគ្នា គាត់​មាន​សិទ្ធិ​ទៅ​រៀន គាត់មានសិទ្ធិទទួលការអប់រំ ដែលមានគុណភាព ហើយខ្ញុំ​ចង់​ឱ្យ​អ្វី​ដែល​ខ្ញុំមានទាំងប៉ុន្មាន ទៅ​កាន់​ពួក​គេ​វិញ”។

    អ្នក​ស្រី តែ សៅ ដែល​ជាម្ដាយរបស់សិស្សម្នាក់ដែលអ្នកគ្រូ ចិន្ដាមុនី បាន​ផ្ដល់​អាហារូបករណ៍​ឱ្យ​សិក្សា​នៅ​សាលា​​​អេស៊ីធី បានឱ្យដឹង​ថា កូនរបស់អ្នកស្រីបាន​ឈប់​រៀនរយៈពេល ៣ឆ្នាំ​​មកហើយ​ដោយសារ​ជីវភាព​ខ្វះ​ខាត។ អ្នក​ស្រី​បាន​បន្ថែម​ថា បន្ទាប់​ពី​បានស្គាល់អ្នកគ្រូ​ គាត់បានសុំ​អាហារូបករណ៍​ឱ្យ​កូន​របស់គាត់​បាន​ចូល​រៀន​ជាថ្មី។

    អ្នកស្រី​បាន​ថ្លែងថា៖ “អ្នកគ្រូ មុនី គឺជាមនុស្សល្អ​ចេះថែទាំសិស្សនៅទីនេះបានល្អ។​ គាត់​ជា​មនុស្ស​ដែល​ជួយ​អ្នក​​ក្រីក្រ​​ជាច្រើននាក់ ភាគច្រើនពួកគាត់ជួយក្មេងៗដែល​ឪពុកម្តាយ​​អត់​មានលទ្ធភាព ដូច​​ខ្ញុំជាដើម”។

    អាណាព្យាបាល​ម្នាក់ទៀត គឺ​អ្នកស្រី សំ មុំ ដែល​មាន​កូន ៣​នាក់ និងក្មួយ ៣​នាក់​​កំពុង​សិក្សា​នៅសាលា​អេស៊ីធីរយៈពេល ២​ឆ្នាំមក​ហើយ​នោះ​បាន​ថ្លែងថា កូន​និង​ក្មួយ​របស់​គាត់​បានទទួលអាហារូបករណ៍​​នៅសាលា​នេះ​ដោយ​សារ​ពួក​គាត់​មាន​ជីវភាព​ខ្វះខាត ជាពិសេស​ម្តាយ​របស់​​ក្មួយ​គាត់​គឺជា​ជនពិការ។​

    អ្នកស្រី​​​ថ្លែងថា៖ “ដោយសារ​ស្ថានភាពគ្រួសារ​​ប្អូនស្រី​របស់​ខ្ញុំ​ខ្វះខាត​ខ្លាំង ជា​ពិសេស​គាត់​ពិការ​ភ្នែក នាយក​សាលា​ និង​លោកគ្រូអ្នកគ្រូនៅទីនេះ​មានមេត្តា​ខ្លាំងមែនទែន គាត់​បាន​បញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​កូន​និង​ក្មួយ​ខ្ញុំ”។

    អំពើ​ល្អទាំង​នេះ​ហើយ​ដែល​ឆ្លើយ​តបទៅនឹង​កម្មវិធីពាន​រង្វាន​ពលរដ្ឋ​គំរូ Smart ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «ឆ្ពោះ​ទៅ​មុខ​រួម​គ្នា»  របស់​ក្រុមហ៊ុន Smart Axiata ដែលបានចាប់​ផ្តើម​នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ កម្មវិធី​នេះ​មាន​បំណង​ស្វែង​រក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ធ្វើ​សកម្មភាព​ល្អៗ​ក្នុង​​ការ​ជួយ​ប្រទេស​ជាតិ អ្នក​ជិ​តខាង និងសហគមន៍​របស់​ខ្លួន។

    នៅពេលដែលទទួល​ដំណឹងថា​ អ្នកគ្រូ ចិន្តាមុនី​ ត្រូវ​បានជ្រើស​រើស​ជា​បេក្ខនារីម្នាក់​ក្នុង​ចំណោមបុគ្គល​ដែល​​​ត្រូវ​បានជ្រើសតាំង ១០​នាក់សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃកម្មវិធីពាន​រង្វាន់​ពលរដ្ឋគំរូ Smart អ្នក​នាង Samantha Wagers ដែល​ជាអ្នក​ជ្រើសតាំងអ្នកគ្រូ​​បាន​សម្តែង​ក្តី​រំភើប និង​អបអរ។

    អ្នកនាង​បានថ្លែងថា៖ “ខ្ញុំមានក្តី​រំភើប និង​មានមោទនភាពជាខ្លាំង​ដែល មុនី បានជាប់​ក្នុង​ចំណោមបុគ្គល​ដែល​​​ត្រូវ​បានជ្រើសតាំង ១០​នាក់សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រនៃ​ពាន​រង្វាន​ពលរដ្ឋគំរូ​ Smart។ ខ្ញុំសង្ឃឹមថា កិច្ចប្រឹងប្រែង​ដែល​គាត់បានធ្វើ​ នឹងត្រូវបានគេស្គាល់​នៅថ្ងៃ​អនាគត”។

    “មុន្នីជាមនុស្សដែលមិនចង់អោយមានការចាប់អារម្មណ៍ពីអ្នកដ៏ទៃនោះទេ ដូច្នេះសម្រាប់នាងក្នុងការចូលរួមឈរឈ្មោះសម្រាប់ពានរង្វាន់និងការបង្ហាញសេចក្តីស្រឡាញ់ដែលនាងមានចំពោះប្រទេសកម្ពុជាវាធ្វើឱ្យនាងភ័យ។ ហើយសម្រាប់ខ្ញុំ ខ្ញុំពិត​ជា​ជំរុញ​ឱ្យ​នាង​បាន​ចង្ហាញ​ខ្លួន​ចំពោះ​មុខ​អ្នក​គ្រប់​គ្នាដើម្បីដឹងថាតើមិត្តភក្តិរបស់ខ្ញុំអស្ចារ្យប៉ុណ្ណា”។

    អ្នក​នាង Samantha ក៏មានផែនការជួយអ្នកគ្រូ ចិន្តាមុនី លើការងាររៃអង្គាស​ថវិកា​ផងដែរ។

    ការ​ប្រកាសជ័យ​លាភីរបស់​កម្មវិធី​ពលរដ្ឋគំរូ Smart ដែល​ដើម​ឡើយ​គ្រោង​​ធ្វើ​​នៅថ្ងៃទី២៧ មីនា ឆ្នាំ​២០២១ ត្រូវ​បាន​ពន្យា​ពេល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ កាលបរិច្ឆេទ​ថ្មី​នឹង​ត្រូវជូនដំណឹង​នៅ​ពេល​ក្រោយ។

    ដើម្បី​ចូលមើល​វីដេអូអំពី​អ្នកគ្រូ​ ឯក ចិន្តា​មុនី សូម​ចុច​លើ​តំណភ្ជាប់ (Link) នេះ៖ https://www.facebook.com/watch/?v=1396598614008954

    សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartforcambodia​​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ