• កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ១៩ AstraZeneca ពីយន្តការ COVAX

    (ភ្នំពេញ)៖ វ៉ាក់សាំង AstraZeneca/SII ចំនួន ៣២៤ ០០០ដូស បានមកដល់កម្ពុជាហើយ យប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ វ៉ាក់សាំងកូវីដ-១៩ នឹងផ្តល់ឱ្យរាជរដ្ឋាភិបាលកម្ពុជា នូវមធ្យោបាយដ៏មានអនុភាពមួយទៀត ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

    ទោះជាយ៉ាងនេះក្តី វ៉ាក់សំាងតែមួយមុខនឹងមិនអាចបញ្ចប់ការឆ្លងរាតត្បាតជាសកលនៃជំងឺនេះ ឡើយ។ ការបន្តអនុវត្តវិធានការសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះ នៅតែចាំបាច់ ដូចជាការធ្វើតេស្ត ការគោរពវិធានការចត្តាឡីស័ក ការពាក់ម៉ាស់ ការលាងសម្អាតដៃ និងការរក្សាគម្លាតសុវត្ថិភាពជាដើម។

    សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាល, អង្គការ Unicef និងអង្គការ WHO ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះបញ្ជាក់ថា វ៉ាក់សាំងចំនួន ៣២៤ ០០០ ដូស គឺជាចំនួនដូសមកដល់ដំបូង ក្នុងចំណោមវ៉ាក់សំាងសរុបចំនួន១.១លានដូស ដែលយន្តការ COVAX នឹងផ្តល់ជូនប្រទេសកម្ពុជា ជាដំណាក់កាលនៅត្រឹមបំណាច់ ខែឧសភា។

    ប្រទេសកម្ពុជា ត្រូវបានរំពឹងទុកថា នឹងទទួលបានបរិមាណវ៉ាក់សាំងសម្រាប់២០% នៃប្រជាពលរដ្ឋសរុប (ប្រហែល ៧លានដូស) ពីយន្តការ COVAX ដែលនឹងដឹកជញ្ជូនមកជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។ យន្តការ COVAX គឺជាកិច្ចខិតខំជាសកល ដែលមិនធ្លាប់មានពីមុនមក ដើម្បីផ្តល់ឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំង ប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

    សេចក្តីប្រកាសព័ត៌មានបានសង្កត់ធ្ងន់ថា «កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងៗគេ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សំាងពីយន្តការ COVAX ។ ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងនៅទូទាំងសកលលោកមានកម្រិត រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើលទ្ធកម្ម វ៉ាក់សាំងតាមរយៈមធ្យោបាយជាច្រើន ដែលបំពេញទៅតាមស្តង់ដារសុវត្ថិភាព ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ដើម្បីការពារប្រជាពលរដ្ឋ»។

    ការចាក់វ៉ាក់សាំងដំបូងបង្អស់ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ហើយគិតមកដល់ពេលនេះ មានមនុស្សជាង ៦៥ 000 នាក់បានចាក់វ៉ាក់សាំង។
    ការមកដល់នៃវ៉ាក់សាំងបន្ថែមនេះ គឺជាជំហានដ៏សំខាន់មួយទៀត ឆ្ពោះទៅគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋឱ្យបាន ១០លាននាក់។

    លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា «នៅដំណាក់កាលដំបូងៗនៃ ការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សំាងនេះ អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺសង្គ្រោះជីវិត តាមរយៈការការពារបុគ្គលិកសុខាភិបាលជួរមុខ អ្នកដែលប្រឈមខ្ពស់ទៅនឹងការឆ្លងជំងឺកូវីដ ១៩ ឬអ្នកដែលងាយនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដោយសារតែមេរោគកូវីដ-១៩។ នេះគឺជាវិធីសាស្រ្តដ៏ល្អបំផុត ដើម្បីប្រើប្រាស់វ៉ាក់សាំង ដែលបរិមាណផ្គត់ផ្គង់នៅមានកម្រិត ក្នុងគោលបំណងសម្រេចឱ្យបានលទ្ធផល ជាអតិបរមានៅដំណាក់កាលដំបូងនេះ។ វ៉ាក់សាំងមិនត្រឹមតែជួយជីវិតប៉ុណ្ណោះទេ វាក៏ជួយពន្លឿនការស្តារសេដ្ឋកិច្ច ប្រទេសឡើងវិញផងដែរ» ។

    លោករដ្ឋមន្ត្រីបន្តថា «ខ្ញុំសូមទទូចឱ្យអ្នកគ្រប់គ្នាបន្ត អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អំពីវិធីការពារខ្លួន ៣ការពារ និង៣កុំ។ វិធីការពាររួមមាន ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព១,៥ម៉ែត្រ ហើយសកម្មភាពគួរចៀសវាងទាំងបីរួមមាន កុំទៅ កន្លែងបិទជិត កន្លែងមានមនុស្សកុះករ និងកុំប៉ះពាល់គ្នាជាដើម។ សូមនៅផ្ទះប្រសិនបើអ្នកមានជំងឺ គ្រុនក្តៅ ឬសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ និងសូមស្វែងរកជំនួយសុខាភិបាលភ្លាមៗ ឬទូរសព្ទទៅលេខ ១១៥»។

    បើតាមផែនការជាតិ ស្តីពីការផ្តល់ និងការចាក់វ៉ាក់សាំងរបស់កម្ពុជា (NDVP) ក្រុមអាទិភាពរួមមាន បុគ្គលិកសុខាភិបាល និងបុគ្គលិកបំពេញការងារសំខាន់ចាំបាច់ ដែលកំពុងចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សំាង ពលរដ្ឋចាស់ជរា និងមនុស្សពេញវ័យ ដែលមានជំងឺប្រចាំកាយជាដើម។ ដោយសារតែការផ្គត់ផ្គង់វ៉ាក់សំាង នៅមានកម្រិត ព្រោះតែតម្រូវការខ្ពស់ នៅទូទាំងសកលលោក ការចាក់វ៉ាក់សំាងដល់ក្រុមអាទិភាពទាំងនេះ នឹងធ្វើឡើងជាបណ្តើរៗ និងជាដំណាក់កាលៗ។

    វ៉ាក់សាំង AstraZeneca/SII ដែលផ្តល់ដោយយន្តការ COVAX បានទទួលការអនុញ្ញាតឱ្យប្រើប្រាស់ នៅក្នុងស្ថានភាពបន្ទាន់ ពីក្រសួងសុខាភិបាល កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពេលដែលអង្គការសុខភាពពិភពលោក អនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ស្ថានភាពបន្ទាន់កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ។

    លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា បានថ្លែងថា «អង្គការសុខភាពពិភពលោក កំពុងធ្វើការងារយ៉ាងជិតស្និតជាមួយនឹង Gavi CEPI និង យូនីសេហ្វ ដើម្បីធានាឱ្យមានការទទួលបានវ៉ាក់សាំង ប្រកបដោយយុត្តិធម៌ និងសមធម៌។ យើងមានមោទនភាពដែលបានចូលរួមបំពេញការងារក្នុងស្ថានភាពដ៏ពិសេសនេះ។ បន្ថែមលើការអនុវត្តវិធានការសុខភាពសាធារណៈ វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ថ្មីមួយទៀតដ៏សំខាន់ សម្រាប់ការពារប្រជាពលរដ្ឋ ការពារប្រព័ន្ធសុខាភិបាល មិនឱ្យរងសម្ពាធខ្លាំងពេក និងជួយសង្គ្រោះជីវិតមនុស្ស»។

    បន្ថែមលើកិច្ចសហការក្នុងការផ្តល់វ៉ាក់សាំងតាមរយៈយន្តការ COVAX រាជរដ្ឋាភិបាលកម្ពុជា បានសហការយ៉ាងជិតស្និតជាមួយនឹងអង្គការសុខភាពពិភពលោក និងយូនីសេហ្វ ដើម្បីរៀបចំយុទ្ធសាស្ត្រពង្រីកនូវសមត្ថភាព និងវិសាលភាពនៃការផ្តល់វ៉ាក់សាំងកូវីដ-១៩ ។

    លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានថ្លែងថា «យូនីសេហ្វមានមោទនភាព ដែលបាន និងកំពុងសហការជាមួយនឹងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងការផ្តល់វ៉ាក់សាំងនៅកម្ពុជាអស់កាលជាយូរឆ្នាំមកហើយ។ វ៉ាក់សាំងថ្មីនេះ នឹងបង្កើតឱកាសដ៏សំខាន់មួយ ដើម្បីផ្លាស់ប្តូរទិសដៅនៃការឆ្លងរាលដាលជាសកលនេះ។ ដោយសារតែបុគ្គលិកសុខាភិបាល និងបុគ្គលិកជួរមុខដទៃទៀត នឹងទទួលបានវ៉ាក់សាំង យើងនឹងអាចមើលឃើញជាបណ្តើរៗនូវការវិលទៅរកជីវិតជាប្រកតីតាមគន្លងថ្មី រួមទាំងការទទួលបានសេវាសុខភាព ការអប់រំ និងការការពារកាន់តែប្រសើរ។ ស្របតាមស្មារតីពង្រីកការគ្របដណ្តប់សេវាសុខភាពជាសកល យើងមិនត្រូវទុកអ្នកណាម្នាក់ចោលឡើយ»។

    ផ្អែកតាមភស្តុតាងដែលមានបច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ-១៩ អាចការពារមនុស្សពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ នៅពេលឆ្លងជំងឺនេះ និងកាត់បន្ថយរយៈពេលព្យាបាល នៅក្នុងមន្ទីរពេទ្យ។ បើទោះជាមនុស្សបានចាក់វ៉ាក់សំាងក៏ដោយ ពួកគេគួរបន្តអនុវត្តតាមវិធានការការពារនានា ដូចជារក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ និងលាងសម្អាតដៃជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ