យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងអំពីករណីពិនិត្យសំណាករបស់ជនជាតិចិន និងកម្មករខ្មែរដែលកំពុងសាងសង់សំណង់នៅមជ្ឍមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ នៅក្រុងកំពង់ចាម និងបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ នៅភូមិកោះតូច ឃុំពាមជីកងមាស ខេត្តកំពង់ចាម។
យោងតាមការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា សំណាករបស់ជនជាតិចិន និងបងប្អូនកម្មករដែលកំពុងសាងសង់សំណង់នៅមជ្ឍមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់ចាម ចំនួន៥៥នាក់ និងបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ នៅភូមិកោះតូច ឃុំពាមជីកងមាស ខេត្តកំពង់ចាម ចំនួន២៩២នាក់ មានលទ្ធផលអវិជ្ជមានកូវីដ១៩។
ដោយផ្អែកលើលទ្ធផលនេះ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យជនជាតិចិន និងបងប្អូនកម្មករដែលកំពុងសាងសង់សំណង់នៅមជ្ឍមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់ចាម ដែលមានការសង្ស័យចំនួន៥៥នាក់ ឲ្យវិលត្រឡប់ទៅបំពេញការងារតាមធម្មតាវិញ។ ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ នៅភូមិកោះតូច ឃុំពាមជីកងមាស ត្រូវបន្តធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងនៅតាមលំនៅដ្ឋាន ដើម្បីពិនិត្យសំណាកលើកទី២ មុននឹងអនុញ្ញាតិឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕