• ក្មេង​ធាត់​បំផុតលើ​ពិភពលោក ដែលមានទម្ងន់​ជិត​ ២០០​គីឡូ ពេលនេះស្រក​មកត្រឹមតែ ៨០ គីឡូហើយ

    ក្មេងប្រុស​ឥណ្ឌូនេស៊ី​ម្នាក់​ឈ្មោះ Arya Permana អាយុ ១៤ ឆ្នាំ ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា ក្មេងប្រុស​ធាត់​ជាងគេ​នៅលើ​ពិភពលោក មាន​ទំងន់​ធ្ងន់​បំផុត​រហូតដល់ ១៩០ គីឡូក្រាម នៅក្នុង​អាយុ ១១ ឆ្នាំ ឥឡូវនេះ បាន​ស្រក​ជាង​ពាក់កណ្តាល​នៃ​ទំងន់​ចាស់​ហើយ​។​

    ​ជាក់ស្តែង នៅពេលនេះ Arya រស់នៅ​ភូមិ Cipurwasari ខេត្ត West Java មាន​ទម្ងន់​នៅសល់​ត្រឹម ៨២.៥ គីឡូក្រាម​។ គួរ​បញ្ជាក់ថា នៅពេល​រូបគេ​មាន​ទម្ងន់​ធ្ងន់​បំផុត Arya ធ្លាប់​ស្លៀក​រុំ​ក្រណាត់ ព្រោះតែ​មិនមាន​សម្លៀកបំពាក់​ណាមួយ​អាច​ស្លៀក​រ៉ូ​វ​នឹង​ទំហំ​ខ្លួន​របស់គេ នោះ​គឺ​ខណៈពេល Arya កំពុង​ពេញ​ស្រេកឃ្លាន​អាហារ​ពេញៗ​មួយថ្ងៃ​។ ប៉ុន្តែ ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ Arya បាន​តាំងចិត្ត​តម​អាហារ​យ៉ាង​ហ្មត់ចត់ ហើយ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​យ៉ាងសកម្ម​ភាព ជាហេតុ​ធ្វើ​ឲ្យ​របៀប​រស់នៅ និង​បាត់បង់​ទំងន់​របស់​ក្មេងប្រុស​រូបនេះ គួរ​ឲ្យ​ចាប់អារម្មណ៍​។​

    ​ក្មេងប្រុស Arya បានធ្វើឱ្យ​គ្រូពេទ្យ​មានការ​ព្រួយបារម្ភ​ជាខ្លាំង កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ គឺ​នៅពេល​រូបភាព​របស់គេ ត្រូវបាន​គេ​បង្ហោះ​នៅលើ​គេហទំព័រ​ព័ត៌មាន​។ ព្រោះថា នៅពេលនោះ Arya ជា​ក្មេងប្រុស​ធាត់​ខ្លាំង​ដែលមាន​សុខភាព​ខ្សោយ​។ ក្នុងអំឡុងពេល​ថ្ងៃ​ក្តៅ​នៅ​រដូវក្តៅ ជារឿយៗ Arya ត្រូវ​អង្គុយ​ក្នុង​ធុង​ទឹក​ដើម្បី​កាត់បន្ថយ​ការ​ក្តៅ​ហត់​។​

    ​ជាការ​ពិតណាស់ ក្នុងកំឡុងពេល​ដែល​លើស​ទម្ងន់​ខ្លាំង Arya មិនអាច​ទៅ​សាលារៀន​បានទេ ព្រោះ​រូបគេ​មិនមាន​កម្លាំង ក្នុងការ​ធ្វើដំណើរ​ទៅ​សាលារៀន ពោលគឺ​ពិបាក​ខ្លាំង​ក្នុងការ​ចលនា​តែម្តង​។ ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ Arya បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​ដោយ​ស្រក​ទំងន់​គួរឱ្យ​ចាប់អារម្មណ៍​។​

    Arya បាន​ចែករំលែក​ឲ្យ​ដឹងថា “​របប​អាហារ​គួរតែ​ត្រូវបាន​កាត់បន្ថយ​យឺតៗ និង​ថយចុះ​ជា​លំដាប់​រាល់​សប្តាហ៍​មិនមែន​ភ្លាមៗ​ទេ​។ កុំ​ធ្វើឱ្យ​របប​អាហារ​សម្រក​ទម្ងន់​ក្លាយជា​បញ្ហា​ប្រឈម​ពិបាក នោះ​ជា​អ្វីដែល​ខ្ញុំ​បានធ្វើ​”​។​

    ​ឥឡូវនេះ Arya អាច​ចូលរួម​សកម្មភាព​លំ​ហាត់​រាងកាយ​ជាមួយ​មិត្តភក្តិ​របស់គេ តាមរយៈ​ការដើរ ៣ គីឡូម៉ែត្រ​ក្នុង​មួយថ្ងៃ លេង​បាល់បោះ វាយ​សី និង​កីឡា​ជាច្រើន​ទៀត ប្រហែល ២ ម៉ោង​ក្នុង​មួយថ្ងៃ​។ រូបគេ​ក៏​អាច​ដើរទៅ​សាលារៀន​បាន​ធម្មតា​ផងដែរ​។​

    Arya និយាយថា​៖ “​ខ្ញុំ​អាច​លេង​កីឡា​ជាមួយ​មិត្តភក្តិ​របស់ខ្ញុំ​។ កាលពីមុន រឿង​ទាំងនេះ​មិនអាច​ទៅរួច​ទេ សម្រាប់​ខ្ញុំ តែ​ឥឡូវនេះ ខ្ញុំ​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​ច្រើន ខ្ញុំ​មាន​អារម្មណ៍​ខុសគ្នា​ខ្លាំង​ជាង​មុន​”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ