• Facebook រង​ការចោទប្រកាន់ថា បាន​បំប៉ោង​ចំនួន​អ្នកមើល​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម

    ភ្នំពេញ ៖ ក្រុមហ៊ុន​ជាច្រើន​មិន​ថា​តូច​ឬ​ធំ​នោះទេ បាន​ចំណាយលុយ​ជាច្រើន​រៀងរាល់ឆ្នាំ​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជាមួយនឹង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ដោយ​សង្ឃឹមថា​ផលិតផល​ឬ​សេវាកម្ម​របស់​ពួកគេ​នឹង​ត្រូវបាន​មើលឃើញ​ពី​សំណាក់​មហាជន​ដែល​អាច​ក្លាយជា​អតិថិជន​របស់​ពួកគេ ដែល​នេះ​ធ្វើឱ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​រកចំណូលបាន​រាប់ពាន់​លាន​ដុល្លារ​ពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នេះ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department​នា​ថ្ងៃ​សុក្រ​នេះ​។​

    ​បើតាម​ការផ្សព្វផ្សាយរ​បស់​សារព័ត៌មាន Financial Times កាលពីពេល​ថ្មីៗ​នេះ​បានឱ្យដឹងថា​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​រង​ការចោទប្រកាន់​នៅក្នុង​ពាក្យបណ្ដឹង​មួយ​ថា បាន​បំប៉ោង​ចំនួន​អ្នកមើល​ក្នុងការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (Potential Reach) ដើម្បី​រក​ចំណូល​ពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឱ្យបាន​កាន់តែច្រើន​។​

    ​នៅក្នុង​ការចោទប្រកាន់​នេះ​ពួកគេ​បានបង្ហាញ​សារ​រវាង​អ្នកគ្រប់គ្រង​ធំៗ​នៅក្នុង​ក្រុមហ៊ុន​ទាក់ទង​នឹង​ការ​បំប៉ោង​ទិន្នន័យ​នេះ​។ បុគ្គលិក​ផ្នែក​គ្រប់គ្រង​ម្នាក់​បាន​ផ្ញើ​សារ​ស្នើសុំ​ឱ្យមាន​ការកែតម្រូវ ដោយ​បន្ថយ​ចំនួន​អ្នកមើល​ព្រោះ​វា​ខុសគ្នា​ខ្លាំងពេក ប៉ុន្តែ​ត្រូវបាន​អ្នកគ្រប់គ្រង​ឆ្លើយតប​វិញ​ថា​ការផ្លាស់ប្ដូរ​នេះ​នឹងធ្វើ​ឱ្យ​ពួកគេ​ខាតបង់​ចំណូល​ជាច្រើន​។

    ​នៅក្នុង​ពាក្យបណ្ដឹង​នេះ​ក៏បាន​បង្ហាញ​ផងដែរ​ថា ពេលខ្លះ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​បានផ្ដល់​ទិន្នន័យ​ដែលមាន​ចំនួន​អ្នកមើល​ច្រើនជាង​ចំនួន​អ្នករស់នៅ​ក្នុង​តំបន់​នោះ​ទៅទៀត​។​

    ​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​រង​ការចោទប្រកាន់​ទាក់ទង​នឹង​ការ​បំប៉ោង​ទិន្នន័យ​នោះ កាលពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន​បាន​យល់ព្រម​បង់​ទឹកប្រាក់​ចំនួន ៤០​លាន​ដុល្លារ​ទាក់ទង​នឹង​ការ​បំផ្លើស​ចំនួន​អ្នកមើល​វីដេអូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អស់​រយៈពេល​ពីរ​ឆ្នាំ រួចមកហើយ​ផងដែរ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ