• Boeing ណែនាំអាកាសយានិកទូទាំងពិភពលោក «ត្រួតពិនិត្យយន្តហោះឲ្យហ្មត់ចត់» ក្រោយកើតមានករណីធ្លាក់ នៅឥណ្ឌូណេស៊ី

    (អាមេរិក)៖ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing បានចេញសេចក្តីណែនាំផ្នែកបច្ចេកទេសមួយ ទៅកាន់គ្រប់អាកាសចរណ៍ទាំងអស់ នៅទូទាំងពិភពលោក ឲ្យធ្វើការណែនាំអាកាសយានិករបស់ពួកគេ ធ្វើការត្រួតពិនិត្យយន្តហោះឲ្យបានហ្មត់ចត់បំផុត ទាំងនៅនឹងកន្លែងចុះចត និងកំឡុងការហោះហើរ ដើម្បីកុំឲ្យយន្តហោះបាត់បង់ភាពម្ចាស់ការ ពេលកំពុងស្ថិតនៅលើអាកាស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

    សេចក្តីណែនាំខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ (ពេលវេលានៅអាមេរិក) បន្ទាប់ករណីធ្លាក់យន្តហោះ Boeing 737-500 មួយគ្រឿងរបស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya Air) ដែលបានសម្លាប់មនុស្សសរុប ៦២នាក់ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១។

    សេចក្តីណែនាំរបស់ Boeing បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការយល់ដឹងជាប្រចាំរបស់អាកាសយានិក ទៅលើឥរិយាបថនៃយន្តហោះ, ល្បឿនខ្យល់, ទិសដៅត្រូវបញ្ជាការហោះហើរ និងប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន-ថាមពល (thrust settings) សុទ្ធតែជាមូលដ្ឋានគ្រឹះសំខាន់ៗ ក្នុងការគ្រប់គ្រងលំនឹងនៃយន្តហោះ ដែលអាចកាត់បន្ថយហានិភ័យភ្លាមៗ បណ្តាលមកពីការផ្លាស់ណាមួយ ដោយមិនបានរំពឹងទុក»។

    ទោះជាយ៉ាងណា សេចក្តីប្រកាសណែនាំរបស់ Boeing ខាងលើនេះមិនបានភ្ជាប់មកជាមួយ នូវម៉ូដែលយន្តហោះណាខ្លះ ដែលតម្រូវឲ្យធ្វើការត្រួតពិនិត្យយ៉ាងបានដិតដល់បំផុត ទាំងមុនហោះហើរ និងអំឡុងពេលហោះហើរនោះឡើយ ខណៈក្រុមជំនាញកំពុងតែស៊ើបអង្កេតនៅឡើយ ទៅលើមូលហេតុធ្លាក់យន្តហោះឥណ្ឌូណេស៊ី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ