• ជប៉ុន ចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងនៅទីក្រុងតូក្យូ

    (តូក្យូ)៖ ប្រទេសជប៉ុននៅថ្ងៃពុធនេះបានចាប់ផ្តើមកម្មវិធី ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់បុគ្គលិកសុខាភិបាលនៅទីក្រុងតូក្យូហើយ ដោយប្រើប្រាស់វ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

    កម្មវិធីចាក់វ៉ាក់សាំងនេះ មានគោលដៅចាក់ជូនដល់បុគ្គលិកសុខាភិបាលចំនួន ៤០,០០០នាក់សម្រាប់ដូសដំបូងរបស់ពួកគេ។ ប៉ុន្តែការចាក់វ៉ាក់សាំងជូនដល់ប្រជាជនចំនួន ១២៦លាននាក់យ៉ាងឆាប់រហ័ស គឺជាអាទិភាពកំពូលសម្រាប់រដ្ឋាភិបាល របស់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ូហ្គា យូស៉ីហ៉ីដេ (Yoshihide Suga)។

    ទោះយ៉ាងណា កម្មវិធីចាក់វ៉ាក់សាំងនឹងចាប់ផ្ដើមចាក់ជូន ដល់បុគ្គលិកសុខាភិបាលប្រហែល ៣.៧លាននាក់ និងប្រជាជនចំនួន ៣៦លាននាក់ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅត្រូវបានគេរំពឹងថា នឹងចំណាយពេលមួយឆ្នាំ ហើយវាក៏មានក្ដីកង្វល់កាន់តែខ្លាំងឡើង ជុំវិញបញ្ហាកង្វះសឺរុំាងពិសេស ដែលអាចបណ្ដាលឲ្យវ៉ាក់សាំង Pfizer រាប់លានដូសនឹងត្រូវខ្ជះខ្ជាយផងដែរ។

    គួរបញ្ជាក់ថា ប្រទេសជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីទិញវ៉ាក់សាំង COVID-19 សរុបចំនួន ៣១៤លានដូសពីក្រុមហ៊ុន Pfizer, AstraZeneca និង Moderna ដែលវាគ្រប់គ្រាន់សម្រាប់ផ្ដល់ការចាក់ជូន ដល់ប្រជាជនចំនួន ១៥៧លាននាក់។

    បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះប្រទេសជប៉ុន បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៤១៧,៧៦៥ករណី ក្នុងនោះមានអ្នកស្លាប់ ៧,០១៥នាក់ និងអ្នកជាសះស្បើយ ៣៨៧,៧៤០នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ